Pages

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា ដែលប្រារព្ធឡើងនៅថ្ងៃ ១៥ កើត ខែពិសាខ ដើម្បីរំលឹកដល់ថ្ងៃ ព្រះអង្គទ្រង់ប្រសូត ព្រះអង្គត្រាស់ដឹង ព្រះអង្គបរិនិព្វាន ដាច់ពុទ្ធសករាជ ២៥៦១ ឈានចូល ២៥៦២

សុភាសិតខ្មែរ





សុភាសិតខ្មែរ និង សេចក្ដីុុអត្ថាធិប្បាយ




សុភាសិត ទី ១


“អស្ចារ្យភុជង្គពង្សនាគា ឫទ្ធាលើសលប់ភពផែនដី
ឃើញស្រះចូលស្រង់បោក្ខរណី មុជដល់បាតដីសម្តែងឫទ្ធិ ។
រន្ទះភ្លៀងផ្គរខ្ទ័រអស្ចារ្យ ជលសាលលាមមេឃងងឹត
ពពកបោកបាំងសែងអាទិត្យ ថយឫទ្ធិចូលរូងគុហាអើយ”

អត្ថាធិប្បាយ

             នេះគឺកំពាព្យ   ដែលមានអត្ថន័យអាថ៌កំបាំង   ដកស្រង់ចេញពីរឿង "សេក-សារិកា"។ សេកចាប់ចិត្តស្នេហា ទៅលើសារិកាយ៉ាងខ្លាំង, ហើយសារិកា ក៏ស្រឡាញ់សេកយ៉ាងខ្លាំងដែរ តែស្រឡាញ់លាក់ទុកក្នុងបេះដូង មិនបញ្ចេញឲ្យ សារិកាដឹងទេ។ សេកបាននិយាយលួងលោម សុំស្នេហ៍យ៉ាងយូរ ដោយប្រើវាចា ផ្តោះផ្តង ពោលសរសើរពីលំអរបស់សារិកា, សារិកានៅតែមិនព្រម, នៅតែប្រកែក ដោយយកលេសផ្សេងៗ មកធ្វើជាឧបស័គ្គ។ លុះលួងលោមអស់ចិត្តហើយ នៅតែមិនបានសំរេច, សេកក៏និយាយលាសារិកា វិលត្រឡប់ទៅស្រុកខ្លួនវិញ រួចហើយលាស្លាបប្រុងហើរចេញ។ ភ្លាមនោះ សារិកា ចឹកស្លាបជាប់ មិនឲ្យហើរ។ សេកយល់នូវកាយវិការនេះ ក៏… ឡើងជាន់លើខ្នងសារិកា… រួមបេតី… កំណាព្យក៏ចាប់ផ្តើមៈ "អស្ចារ្យភុជង្គពង្សនាគា… " ។
តើកំណាព្យនេះ មានន័យយ៉ាងណា?
            កវីខ្មែរពីអតីតកាលដ៏យូរយារ, ភាគច្រើនជាភិក្ខុ (អ្នកបួស) កាលណានិយាយពីសេចក្តីស្នេហា - ពីការរួមសង្វាស - ពីទិដ្ឋភាពនៃសេចក្តីស្នេហា រវាងបុរស និង ស្ត្រី លោកតែងតែប្រើពាក្យប្រដូច , មិនប្រើពាក្យចំៗ-ប៉ាច់ៗ ស្ទើរដាច់សាច់ របៀបសម័យសព្វថ្ងៃនេះទេ ។ លោកយល់ថា "ចំណីដែលឆ្ងាញ់ គឺ ចំណីដែល មានចំនួនតិច (មិនសម្បូរហូរហៀរ), ឯភាសាពិរោះ គឺភាសាប្រដូច ឬភាសាប្រយោល (Indirect)។ យ៉ាងណាមិញ, បើមនុស្សណាម្នាក់ វាល្ងង់ ល្ងើពកថ្ងាស, ប្រើឲ្យទៅខាងលិច វាបែរជាទៅខាងកើត ។ល។ គេមិនជេរមនុស្សនោះ ដោយប្រើភាសាទាបថា អាភ្លើ-អាល្ងើពកថ្ងាស ដូច្នេះទេ, គេនិយាយតែ មួយម៉ាត់ថាៈ "ដូចអាជ័យ ! " ។
            នៅក្នុងកំណាព្យខាងលើ, កវីខ្មែរ បានប្រើពាក្យប្រដូចរបៀបតទៅនេះ ៖
-   ភុជង្គ (ពស់, នាគ) សំដៅទៅ "អង្គជាតិរបស់បុរស"
-   ស្រះ បោក្ខរណី , បឹង… សំដៅទៅ " យោនី "
-   គុហា សំដៅ "លំនៅ, ទី, កន្លែងសំណាក់… "
-   អង្គជាតិ ដែលឡើងរឹង ព្រោះមានតម្រេកខ្លាំងពេកទៅលើស្ត្រី (ចង់សេពសន្ធវៈខ្លាំងពេក…) លោកប្រើពាក្យថា "ឫទ្ធាលើសលប់ភពផែនដី"
-   ចាប់សេពសន្ធវៈ (បញ្ចូលអង្គជាតិ ទៅក្នុងយោនី)… ប្រើពាក្យថា "ឃើញស្រះចូលស្រង់បោក្ខរណី"
-   បញ្ចូលអង្គជាតិ យ៉ាងជ្រៅបំផុត ទៅក្នុងយោនី… ប្រើពាក្យថា " មុជដល់បាតដី សម្តែងឫទ្ធិ "
-   សម្លេងលាន់ឮ កើតពីជលនាអង្គជាតិ នៅក្នុងរយៈពេលសេពសន្ធវៈ… ប្រើពាក្យថាៈ "រន្ទះភ្លៀងផ្គរខ្ទរអស្ចារ្យ "
-   ទឹកកាម ដែលចេញមក នៅគ្រាបញ្ចប់… ប្រើពាក្យថា "ជលសាលលាម មេឃងងឹត"
-   តម្រេក-ភ្លើងតណ្ហា ក៏ចាប់អស់កំសួល ក្រោយពេលដែលទឹកកាមចេញមក… លោកប្រើពាក្យថាៈ "ពពកបោកបាំងសែងអាទិត្យ ថយឬទ្ធិចូល រូងគុហាអើយ"
ខ្ញុំសូមអភ័យទោសពីអ្នកអាន , ជាពិសេស អ្នកអានភេទស្រី, ចំពោះការប្រើពាក្យពេចន៍ ដែលជាភាសា  "ចំៗ" របៀបខាងលើនេះ ដែលភាសាខ្មែរយើង ដាក់ឈ្មោះថា "ភាសាចំអាស ឬ អាសគ្រាម"។ បើខ្ញុំមិនប្រើភាសាសាមញ្ញនេះទេ វាពិបាកនឹងរកភាសាបែបណាផ្សេងទៀត មកពន្យល់ឲ្យយល់ច្បាស់នូវន័យរបស់កំណាព្យ ដែលមានមនុស្សមួយភាគធំ មិនដែលយល់សោះឡើយ។






សុភាសិតទី២
       
"បានត្រីស្រស់ កុំចោលត្រីងៀត
បានអ្នកកន្តៀត កុំចោលញាតិ
បានគង ចូរកុំចោលរនាត
បានជាអាពាធ កុំចោលថ្នាំ"

អត្ថាធិប្បាយ
មានមនុស្សមួយចំនួន មានចិត្តប្រែប្រួលរហ័ស មិនសូវចេះគិតវែងឆ្ងាយ ឲ្យតែបានរបស់អ្វីមួយថ្មី ក៏តាំងគ្រវែងចោលរបស់ចាស់មួយរំពេច។ ដោយហេតុនេះហើយទើបមានពាក្យប្រដៅនេះកើតឡើង។
 - បានត្រីស្រស់ កុំចោលត្រីងៀតៈ ពាក្យនេះ មានន័យវែងឆ្ងាយ ហួសពីត្រីងៀតទៅទៀត។ ត្រីងៀត សំដៅទៅលើវត្ថុផ្សេងៗ ដែលជាវត្ថុអម្រស់អម្រ សម្រាប់គ្រាកំសត់-គ្រាអត់ឃ្លាន ។
ពេលមួយដែលយើងទិញបាន ឬរកបានវត្ថុថ្មី យើងមិនត្រូវគ្រវែងចោលវត្ថុចាស់ៗ ដែលធ្លាប់មានពីដើមនោះទេ ប្រសិនបើវត្ថុនោះ អាចនៅប្រើការបាន (មិនទាន់ខូច)។ ព្រោះថា ពេលខ្លះ វត្ថុចាស់ៗនោះ អាចយកមកប្រើការឡើងវិញ ដើម្បីបំពេញបំណងផ្សេងទៀត។ ឧទាហរណ៍: ទូថ្មី ដែលទើបនឹងបានមក អាចយកមកជំនួសទូចាស់ សម្រាប់ដាក់ខោ-អាវ, កែវកង, គ្រឿងអលង្ការ ។ល។
ឯទូចាស់ដែលនៅប្រើការកើត  គួរយកទៅប្រើការសម្រាប់ដាក់វត្ថុកំប៉ិកកំប៉ុកនៅកន្លែងណាមួយ ដែលគេមើលមិនសូវឃើញ (ព្រោះវាចាស់-មិនសូវគាប់ភ្នែក)។          
"ត្រីស្រស់" ប្រាកដជាមានរសជាតិជាងត្រីងៀត ដែលគេតែងបរិភោគស្ទើរតែរាល់ថ្ងៃមកនោះ។ ប៉ុន្តែសុំកុំបោះចោលវា នៅពេលដែលខ្លួន “បានត្រីស្រស់” ព្រោះថា យើងប្រហែលជាត្រូវការត្រីងៀតនោះ សាជាថ្មី ក៏មិនដឹង! ។
"បានអ្នកកន្តៀត កុំចោលញាតិ " :
អ្នកកន្តៀត គឺជាភ្ញៀវ ដែលទើបនឹងស្គាល់គ្នា មកសុំស្នាក់នៅជាមួយក្នុង រយៈពេលដ៏ខ្លីមុននឹងបន្តដំណើរទៅមុខទៀត។ អ្នកខ្លះ នៅពេលដែលមានមនុស្សថ្មី ចូលមកស្នាក់នៅក្នុងផ្ទះខ្លួន ក៏តាំងវាយឫកពាធ្វើ “ហី” ដាក់ញាតិជិតខាង ហាក់មានកិត្តិយសខ្ពស់ចម្លែក ដោយសារអ្នកកន្តៀតនោះ ។
ចរិយាបែបនេះ គឺជារឿងខុសធំណាស់, បើជនណាធ្លាប់ធ្វើ គួរតែលះបង់ចោលជាបន្ទាន់ ព្រោះវាមិនបាននាំផលល្អណាមួយមកឲ្យខ្លួន ក្រៅពីសម្អប់នោះទេ  ។  សុខ - ទុក្ខ ភាគច្រើនកើតពីអ្នកជិតខាង មិនមែនបានមកពីអ្នកកន្តៀតនោះទេ។ បើញាតិជិតខាងស្រឡាញ់យើង, ប្រហែលជាគេជួយយើង នៅគ្រាអាសន្ន, មិនមែនអ្នកកន្តៀតនោះទេ។ ដូច្នេះហើយ ទើបបុព្វបុរសយើង ប្រដៅ: “បានអ្នកកន្តៀត កុំចោលញាតិ”។
បានគង ចូរកុំចោលរនាត: គង និង រនាត គឺជាឧបករណ៏ភ្លេង នៅក្នុងវង់ភ្លេង "ពិណពាទ្យ" របស់ខ្មែរយើង មិនអាចចោលណាមួយបានទេ។ ពាក្យនេះ ត្រូវដាក់ចូលមក សម្រាប់ចាប់ចុងជួននៅក្នុងកំណាព្យ។


បានជាអាពាធ កុំចោលថ្នាំ
            មានមនុស្សជាច្រើនដែលត្រូវសុភាសិតនេះ ប្រៀនប្រដៅ ឬព្រមានក្នុង រឿងប្រើប្រាស់ថ្នាំកែរោគ។ មនុស្សភាគច្រើន កាលណាឈឺ តែងស្ទុះរត់រកឧិសថ មកព្យាបាល ទោះថ្លៃប៉ុន្មានក៏ហ៊ានទិញដែរ។ លុះដល់ជាសះស្បើយ គេក៏លែងរវីរវល់ពីរឿងថ្នាំ។ គេមិនយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ សម្រាប់ការឈឺចាប់ថ្ងៃ ក្រោយទៀតទេ ។
            លុះដល់ថ្ងៃមួយក្រោយមក ចាប់ឈឺម្តងទៀត ក៏តាំងស្ទុះរកទិញថ្នាំសាជាថ្មី, ខាតពេលផង ខាតប្រាក់ផង មិនទាន់ចិត្តផង។ ដោយហេតុនេះ អ្នកប្រាជ្ញ គួរយល់ពីដំបូន្មាននេះ ហើយអនុវត្ត ពិតជាអាចផ្តល់ផលប្រយោជន៍ជាទីពេញចិត្តមិនខាន។

ថ្ងៃទី ២៧ ខែកុម្ភះ ២៥៥៤
«រសជាតិភាសាខ្មែរ»និពន្ធដោយម៉ែន រៀម
ដកស្រង់ដោយ បងបុត្រាខ្មែរ




សុភាសិតទី៣

“ស៊ីតិច ជុះច្រើន តែតមិនធាត ,
អ្នករៀននៅ (វត្ត) ខ្ជិលមិនចេ ,
ព្រោកប្រាជ្ញ តែងមិនហួសចំណេះ
អ្នកដែលចង់ចេះ មិនហួសបុណ្យ”

អត្ថាធិប្បាយ
            "ស៊ីតិច ជុះច្រើន តែងមិនធាត់" មានន័យវែងឆ្ងាយ ដូចតទៅ ៖
ចំណូលតិច ចំណាយច្រើន
ធ្វើការតិច ដើរប៉ោឡែច្រើន
ចេះតិច ល្ងង់ច្រើន
ឆ្លាតតិច ភ្លើច្រើន
សំចៃតិច ខ្ជះខ្ជាយច្រើន
គេងនៅផ្ទះតិច គេងក្រៅផ្ទះច្រើន
រៀនតិច ដើរលេងច្រើន
ទាំងអស់នេះ គឺជាសកម្មភាព នាំខ្លួនទៅចុះ “នរក” គ្មានថ្ងៃងើប  មិនបាច់ចាំពិគ្រោះជាមួយហោរា ឬមន្តអាគម និមន្តលោកតា មកបាចទឹក ប្រោះព្រំ ដំឡើងរាសី ឲ្យទេ, ព្រោះធ្វើយ៉ាងណា ក៏មន្តអាគម អស់ប្រសិទ្ធិភាពទៅលើចរិត បែបនេះហើយ ។
            "ព្រោកប្រាជ្ញ តែងមិនហួសចំណេះ" មានន័យថា: បើចង់ដឹងពីកំពស់ចំណេះនៃមនុស្សណាម្នាក់, គេមិនបាច់សួរថា តើលោករៀនដល់ថ្នាក់ណា? ជាប់សញ្ញាប័ត្រអ្វីខ្លះ? នោះទេ។   គេចាំស្តាប់ តើគាត់នោះ កំពុងព្រោកប្រាជ្ញរឿងអ្វី។ ព្រោះថា បើគាត់នោះជាមនុស្សអ្នកចេះ សម្តីដែលចេញមកនោះ ប្រាកដជាទាក់ទងទៅនឹងវិជ្ជាក្នុងលោក ត្រូវទៅតាមស្ថានការណ៍, កាលៈទេសៈ - កន្លែង។ តែបើផ្ទុយពីនេះ, នោះនឹងសឲ្យឃើញថា ការចេះដឹងរបស់គាត់ មានកំរឹត “ពិសេស” ម៉្យាងដែលយើងត្រូវតែដឹង! ។
            "អ្នកដែលចង់ចេះ មិនហួសបុណ្យ" មានន័យថា ព្រហ្មលិខិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។ អ្នកខ្លះកើតមកមានប្រាជ្ញាខាងរកស៊ី រួចក្លាយខ្លួនជាសេដ្ឋី។ ខ្លះទៀតរៀនពូកែជាប់សញ្ញាប័ត្រខ្ពស់ បានធ្វើការកាន់មុខនាទីជានាយកដឹកនាំគេឯង។ ខ្លះទៀត កើតមកខ្វះប្រាជ្ញា មុជមិនជ្រៅ ទៅមិនឆ្ងាយ បោះបង់ចោលសាលា… ចុងក្រោយបំផុត ត្រូវពឹងផ្អែកលើអ្នកដទៃ ទើបរស់។

            ហេតុអ្វីបានជាមនុស្សយើង ខុសគ្នាយ៉ាងនេះ?
            ចម្លើយ: គ្មានអ្នកណាដឹងជាក់ទេ។ ខ្មែរយើងខ្លះ ថាមកពីវាសនា, ខ្លះថា មកពីបុណ្យ។ ចុះវាសនានោះ គឺសំដៅទៅលើអ្វីទៅ? ហើយបុណ្យនោះ ជាអ្វីដែរ?។ បើមានគេចេះតែសួរដេញដោលយ៉ាងនេះ វាមុខជាមានការលំបាក ក្នុងការដោះស្រាយឲ្យឃើញច្បាស់ក្រឡែតនោះ ពន់ពេកណាស់ ។
            ទោះបីយ៉ាងណាក៏ដោយ, ពាក្យថា "អ្នកដែលចង់ចេះ មិនហួសបុណ្យ" គឺសំដៅសេចក្តីថា បើខ្វះ "ពេល, ឱកាសដែលហុចឲ្យ, កាលៈទេសៈ, ខណៈ" ដោយសារបុព្វហេតុណាមួយ សម្រាប់ទៅឈោងចាប់វិជ្ជា ដែលខ្លួនប៉ុនប៉ងនោះ, អ្នកនោះប្រាដកជាមិនបានចេះវិជ្ជានោះទេ ។
ដកស្រង់ពី«រសជាតិភាសាខ្មែរ»
ដោយ បងបុត្រាខ្មែរ
ថ្ងៃទី ២៧ ខែកុម្ភះ ២៥៥៤




សុភាសិតទី ៤

“ទូកទៅ កំពង់នៅ”
អត្ថាធិប្បាយ
            ពាក្យនេះ ពោលសំដៅទៅលើមនុស្ស ២ នាក់ ឬ ២ ក្រុម ៖
            ១. ម្ចាស់ផ្ទះ ទុកជាកំពង់
            ២. ភ្ញៀវ: ទុកជាទូក
            ដំណើររឿង មានដូចតទៅនេះ ៖
            ពូម៉ាច មានភ្ញៀវ ៣ នាក់ មកសុំសំណាក់ក្នុងផ្ទះគាត់ ២-៣ ថ្ងៃ មុននឹងបន្តដំណើរទៅមុខទៀត។ គាត់យល់ព្រម ដោយគិតថា អ្នកទាំង ៣ នាក់នោះ ជាមនុស្សល្អ ។ នៅយប់ទីបី ស្រាប់តែបាត់អ្នកទាំង ៣ មិនដឹងបានទៅឯណា។ ព្រឹកឡើង គេឃើញមេឃុំ ជំទប់ ប៉ូលីស មកដល់ផ្ទះពូម៉ាច ក្នុងការតាមដានចោរ ដោយមានគេប្តឹងថា មានចោរ ៣ នាក់ លួចគោគេ រួចបរទៅបាត់ កាលពីយប់ម៉ិញនេះ ហើយថា ចោរ ទាំងនោះ បានមកសំណាក់ជាមួយពូម៉ាច ដើម្បីដើរលួចទ្រព្យគេ នៅពេលយប់ៗ។ ពូម៉ាចត្រូវជាប់ចោទ ពីបទ “ឃុបឃឹត” ជាមួយចោរ ហើយត្រូវបញ្ជូនទៅតុលាការ ដើម្បីជំនុំជំរះ។
            ទូក (ពួកចោរ) ទៅបាត់ មិនអាចចាប់វាមកផ្តន្ទាទោសបាន នៅពេលនេះទេ ទុកដូចជារួចខ្លួនមួយរយៈ។ ឯម្ចាស់ផ្ទះទុកដូចជាកំពង់ ដែលទូកចត, ទោះបីរួមដៃជាមួយចោរ ឬមិនរួម, មិនអាចឲ្យគេយល់នូវការពិតភ្លាមៗបានទេ, ត្រូវទៅតុលាការដើម្បីឆ្លើយសំនួរនានា ទាក់ទងនឹងចោរទាំងបី ដែលជារឿងនាំឲ្យអំពល់ចិត្ត ខូចពេលវេលាបង់សោហ៊ុយធ្វើដំណើរ ខកខានបំពេញកិច្ចការប្រចាំថ្ងៃ របស់ខ្លួន។
            សុភាសិត ចង់ទូន្មានយើងថា: មុននឹងអនុញ្ញាត ឲ្យអ្នកណាម្នាក់មកសំណាក់ នៅផ្ទះយើង ឬមួយយកផ្ទះយើង ធ្វើជាទីជប់លៀង - ប្រជុំ - សន្និបាត ។ល។ ត្រូវគិតឲ្យមែនទែន ពីផលពិបាកនានា ដែលនឹងអាចកើតមានឡើង ដល់យើងជាម្ចាស់ផ្ទះ។ គេទៅបាត់ នៅសល់យើង ចាំទទួលថ្មបាក់!។ នេះជាអត្ថន័យ "ទូកទៅ កំពង់នៅ"។

ដកស្រង់ពី«រសជាតិភាសាខ្មែរ»
ដោយ បងបុត្រាខ្មែរ
ថ្ងៃទី ២៨ ខែកុម្ភះ ២៥៥៤




សុភាសិតទី ៥

“លោកប្រែ តោងព្រឹត្តិ , ចិត្តកុំប្រែ”

 អត្ថាធិប្បាយ
            ពាក្យនេះ ជាដំបូន្មានឲ្យយើង "ចេះរស់" ជាមួយសង្គមទៅតាមកាលៈទេសៈ ដែលត្រូវជំនោរខ្យល់បក់មក ។
            "លោក" គឺមនុស្សក្នុងលោក។ "ព្រឹត្តិ" គឺការចម្រើនលូតលាស់, ក្នុងទីនេះមានន័យថា "ប្រព្រឹត្តិ, ធ្វើ"។

សង្គមមនុស្ស នៅពេលខ្លះ ប្រែចិត្តថ្លើមខុសផ្សេងពីបែបបទដែលធ្លាប់និយមរៀងដរាបមក។ ឧបមា: ស្តេច ឬ ប្រធានាធិបតីខ្លះ បានដឹកនាំប្រទេស និង ប្រជារាស្ត្រ ឲ្យដើរថយក្រោយ បញ្ច្រាសទិស ខុសគេឯង ក្នុងសកលលោក។ សម័យ ប៉ុល ពត បានបង្វិលជីវភាពមនុស្ស សជាខ្មៅ, ខុសជាត្រូវ, ល្ងង់ ជាចេះ, ពាល ជាបណ្ឌិត, ច្របូកប្របល់ពេញនគរ។ នេះឯង ដែលគេហៅថា “លោកប្រែ” ។ យើងតោង "ព្រឹត្តិ", តែចិត្តរបស់យើង សុំកុំ "ប្រែ" ចាកចេញពីបន្ទាត់ "ខុស និង ត្រូវ" ដែលយើងធ្លាប់បានដឹងមកហើយនោះឲ្យសោះ។ សតិសម្ប      ជញ្ញៈរបស់យើងមិនត្រូវរេ ឬ ប្រែទៅតាម "បែបបទឆ្កួតលីលា" នោះទេ, ប៉ុន្តែបើមនុស្សភាគច្រើន នៅក្នុងសង្គមដែលយើងរស់នៅនោះ គេនាំគ្នា"សំពះមេគោ" ដើម្បីសុំសិរីសួស្តី ហើយយើងមិនព្រមសំពះតាមគេ ពេលនោះ យើងអាចទទួលផលលំបាកច្រើនយ៉ាង។ លើកដៃសំពះតាមគេទៅ , ប៉ុន្តែក្នុងចិត្ត កុំភ្លេចថា នេះគឺជា "មហាឆ្កួត" ដែលមិនមានគ្រូណា អាចមើលជាទេ!




សុភាសិតទី ៦

“បើចេះ, ចេះឲ្យគេកោត បើឆោត, ឆោតឲ្យគេអាណិត”

អត្ថាធិប្បាយ
            ដោយហេតុថា មានជនខ្លះ មិនចេះ ហើយធ្វើជាចេះ (ក្នុងរឿងអ្វីមួយ), មិនយល់ ធ្វើជាយល់, មិនដឹងធ្វើជាដឹង ។ល។ ដើម្បីបង្ហាញថា "ខ្លួន" ជាមនុស្សចំណាប់ ទើបមានសម្លោកថា ៖ បើចេះ, ចេះឲ្យគេកោត។
            ជាការធម្មតា, គ្មានអ្នកណាអាចចេះ សព្វគ្រប់វិជ្ជាការ ទូទៅនោះទេ។ ការចេះដឹងរបស់មនុស្សម្នាក់ៗ ដែលរៀនបានមកពីសាលា មិនខុសពី "យកបានទឹកមួយដំណក់ចេញពី សមុទ្រ" នោះទេ។ វិជ្ជា ដែលយើងត្រូវរៀន មានទំហំធំ ហើយច្រើនដូចទឹកសមុទ្រ ។
            សម្លោកខាងលើ ចង់រំលឹកយើង ឲ្យកាន់ចរិតថ្លៃ - ចរិតដែលឲ្យគេកោត និងចរិតដែលនាំឲ្យគេអាណិត។ ចរិតថ្លៃ គឺការមិនអួតអាង, មិនអង្គុយលើចង្អេរ រួចលើកខ្លួនឯង, ការកាន់ពាក្យសច្ចៈ, ភាពហ្មត់ចត់, សុភាពរាបសា, ដាក់ខ្លួនទៅតាមសភាវៈរបស់ខ្លួន ។
            បើចេះអ្វីមួយ, ទោះបីជាចំណេះតូច-ធំ ប៉ុនណាក៏ដោយ, ត្រូវតែធ្វើការនោះ ឲ្យចេញជារូបរាង ល្អ-ស្អាត - ប្រើការកើត ពិតដូចសម្តីដែលខ្លួនបានបញ្ជាក់នោះ។ ចំណេះបែបនេះ អាចនាំមកនូវការសរសើរ ពីញាតិមិត្រទូទៅ ។
            ផ្ទុយពីនេះ មានមនុស្សខ្លះ ដែលចង់ខ្ពស់មុខ - ចង់ឲ្យគេកោតទទេៗ ក៏តាំងនិយាយអួតអាង ថាខ្លួនចេះធ្វើនេះ ចេះធ្វើនោះ យ៉ាងស្ទាត់ជំនាញ។ លុះដល់គេប្រគល់ការនោះឲ្យធ្វើ ក៏តាំងទ្រាំទ្រឹស្តិ៍ អេះអុញ ដូចស្វាបានដូង។ ចរិកនេះ មិនថ្លៃទេ… វាអាចនាំមកនូវការមើលងាយ ហើយគេចំណាំមុខ ជាដរាបតទៅ អស់មួយជីវិត ។
            "ឆោតឲ្យគេអាណិត" មានន័យថាមិនបំពាន, មិននិយាយបំផ្លើសពីអ្វីៗដែលខ្លួនមាន ឬខ្លួនចេះ-ដឹង។ កាលណាទៅពឹងពាក់គេ ឲ្យជួយធ្វើកិច្ចការអ្វីមួយ គេចេះនិយាយដាក់ខ្លួន បង្ហាញការពិត (មិនកុហក-មិនមាយាដើម្បីបូមយកអ្វីមួយពីគេ), ដូចជា: ពូអើយ, សុំជួយខ្ញុំផង កូនស្រីខ្ញុំឈឺធ្ងន់ ហើយខ្ញុំគ្មានប្រាក់សោះ តើគួរខ្ញុំធ្វើយ៉ាងម៉េច?
            ពាក្យសច្ចៈ ហើយដាក់ខ្លួនទៅតាមសភាវៈពិត - ឥតប្រឌិតដូចសម្តីខាងលើ អាចធ្វើអារម្មណ៍អ្នកដទៃឲ្យមានចិត្តចង់ជួយយកអាសា នៅគ្រាមានអាសន្ន ។






សុភាសិតទី ៧

“ចូលព្រៃទាន់ព្រឹក សិក្សាទាន់ក្មេង”
អត្ថាធិប្បាយ
            ដំបូន្មាននេះ ទាក់ទងនឹងអាជីវកម្ម ហើយនឹងការរៀនសូត្រ ស្រដៀងនឹងពាក្យស្លោករបស់អាមេរិកាំងថា: The early bird gets worms. (បក្សីណា ក្រោកមុនគេ បក្សីនោះបានដង្កូវស៊ី) ។
            ខ្មែរជាន់ដើម ដែលរស់នៅឯស្រែចំការ ច្រើនពឹងផ្អែកទៅលើព្រៃ កាលណាគេត្រូវការគ្រឿងស្ល ដូចជា: បន្លែ-អុស-សាច់-គ្រឿងទេស-ស្លឹកឈើ ។ល។ គេទៅស្វែងរកក្នុងព្រៃ ។
            កាលណាភ្ញាក់ពីព្រឹក (មុនគេ) អ្នកនោះអាចនឹងមានសំណាងរកវត្ថុទាំងនេះ បានដោយងាយ ព្រោះមិនទាន់មានអ្នកណាទៅបេះនៅឡើយ។ នេះមិនខុសពីបក្សី ដែលភ្ញាក់ពីព្រលឹម មុនគេទៅស្វែងរកអាហារនោះទេ។ សត្វដង្កូវដែលជាចំណីនៃបក្សី ប្រហែលជាមិនទាន់គេចខ្លួនទៅក្នុងដីវិញទេ នៅពេលព្រលឹមស្រាងៗ! ។
            "សិក្សាទាន់ខ្លួននៅក្មេង" មានន័យថា ពេលនៅក្មេងជាពេលដែល ខួរក្បាលនៅស្អាតស្អំ - ពេលដែលមានប្រាជ្ញា មិនទាន់ស្រអាប់ ហើយបញ្ហានានា មិនទាន់មកកពូននៅក្នុងដួងចិត្តនៅឡើយ។ ក្មេងរៀនឆាប់ចាំជាងមនុស្សចាស់ ព្រោះខួរក្បាលនៅភ្លឺថ្លា វិស័យដូចហ្វិល (Film) ដែលមិនទាន់ត្រូវពន្លឺអ្វីនៅឡើយ ។
            លុះដល់ចូលវ័យចាស់ វ័យមានគ្រួសារ, មានកូន, មានកាតព្វកិច្ច ត្រូវរកទ្រព្យដើម្បីចិញ្ចឹមគ្រួសារ, ក្នុងរយៈពេលនេះ បញ្ហានានាក៏កើតបន្តកន្ទុយគ្នា ដូចជារឿងលុយកាក់, ការខ្វះខាត, ជម្ងឺ, គ្រោះថ្នាក់ ។ល។ ជារឿងរាប់រយជំពូក មកប្រមូលផ្តុំនៅក្នុងខួរក្បាល ឬ ក្នុងសតិ អារម្មណ៏ រៀងរាល់ថ្ងៃយប់ ។ ម៉្លោះហើយ វាមិនជាការងាយស្រួល ក្នុងការផ្ចង់សតិអារម្មណ៏ ឲ្យបាញ់ទៅលើ “សៀវភៅ-ខ្មៅដៃ” ដូចកាលនៅក្មេងនោះទេ ។
            ដោយហេតុនេះ ការសិក្សាក្នុងគ្រានៅវ័យក្មេង វាមានភាពសក្តិសិទ្ធិ ជាងវ័យចាស់ ។





សុភាសិតទី ៨

“ពាក្យត្រូវនៅមាត់អ្នកតូចស្តី     មិនស្មើមន្ត្រី និយាយលេង
ធម៌អាថ៌ទេសនា មិនស្មើភ្លេង      គេច្រើនវង្វេង ចូលចិត្តជាង”
អត្ថាធិប្បាយ
            នេះ គឺជាកំហុសមួយ ដែលជនជាតិខ្មែរយើង បានធ្វើក្លាយជាទំនៀម ឆ្លាក់ជាប់ក្នុងចិត្ត មិនងាយអ្នកណាកែបានទេ។ ខ្មែរយើងមួយភាគធំជឿថាអោយតែអ្នកធំ(មន្ត្រី)ឬអ្នកមានបណ្តាសក្តិ “សុទ្ធតែនិយាយត្រូវទាំងអស់” ដោយសំអាងថាពួកនេះ គឺជាពួកអ្នកចេះ -អ្នកមានសញ្ញាប័ត្រខ្ពស់ អ្នកមានចំណេះខ្ពង់ខ្ពស់ អ្នកកាច់ចង្កូតនគរ! ភ្លេចគិតពីការពិតថា មន្ត្រីមួយចំនួន បានទទួលបុណ្យស័ក្តិដោយសារបក្សពួក, សំណូក, អែបអប, លូនក្រាប… ជាមន្ត្រីប្រហោងក្នុង… គ្មានវិចារណញ្ញាណអ្វីសោះ ។
            ការនិយាយបែបខាងលើ នាំឲ្យមានជាពាក្យស្លោកថា: ពាក្យត្រូវនៅមាត់អ្នកតូចស្តី មិនស្មើ់មន្ត្រីនិយាយលេង។ បានសេចក្តីថាអ្នកតូចតាច (អ្នកស្រែចំការ រាស្ត្រប្រជា) ទោះបីនិយាយ “ពិត-ត្រូវ” យ៉ាងណា ក៏គេមិនសូវជឿ ឬយកចិត្តទុកដាក់ស្តាប់ដែរ។ ឯចំណែកសម្តីអ្នកធំវិញ ទោះបីជាសម្តីនិយាយលេងសើចសោះ ក៏ដោយក៏អ្នកផង នាំគ្នាស្តាប់ចំហមាត់។ នេះ គឺជាការវង្វេងមួយដ៏ធំរបស់មនុស្សភាគច្រើន ។
            រីឯ " ធម៌ និង ភ្លេង " ក៏ឋិតនៅក្នុងដំណើរដូចគ្នា, គឺថា គេចូលចិត្តស្តាប់ភ្លេង ជាជាងស្តាប់ធម៌ ។






សុភាសិតទី ១០

“ម្តាយនឹកកូន ដូចចង្វាប្រដេញ
កូននឹកម្តាយវិញ ដូចព្រះប្រែខ្នង”

អត្ថាធិប្បាយ
            រឿងនេះគឺនិយាយពីទឹកចិត្តម្តាយ និងទឹកចិត្តកូន ដែលស្រឡាញ់ ឬនឹករលឹកគ្រាដែលបែកឆ្ងាយពីគ្នា។ ស្ទើរតែគ្រប់មាតាទាំងអស់, កាលណាកូនបែកទៅទីឆ្ងាយ រមែងនឹករលឹកមកកូនយ៉ាងខ្លាំង, គេងគិតអង្គុយគិត ចាំមើលផ្លូវកូន។ ការនឹករលឹកបែបនេះ លោកប្រៀបប្រដូចទៅនឹងត្រីចង្វា ដែលដេញតាមចឹកចំណីក្នុងទឹក ។

            ហ្វូងត្រីចង្វា កាលណាជួបប្រទះដុំចំណីអ្វីមួយ, វានាំគ្នាចឹកពពាក់ពពូន ខ្ចាយទឹក ឥតរាថយក្រោយទេ រហូតដល់អស់រលីង ទើបពួកវាទៅបាត់។ យ៉ាងណាម៉ិញ, ម្តាយនឹកកូន មិនខុសពីត្រីចង្វានេះទេ ចិត្តគិតជាប់ ឥតភ្លេចកូនសោះ លុះត្រាតែថ្ងៃមួយបានឃើញមុខកូន ទើបការនឹករលឹកនោះ រលាយបាត់។

            និយាយពីខាងកូនវិញ, តើកូនគេនឹកម្តាយយ៉ាងនេះដែរឬទេ? តាមសម្លោកខាងលើ លោកថា "ដូចព្រះប្រែខ្នង !" តើព្រះប្រែខ្នង មានន័យយ៉ាងណា?

            ព្រះពុទ្ធរូបបដិមាករ ដែលគេតម្កល់សម្រាប់ថ្វាយបង្គំនៅទីណាមួយ បើយើងទៅអង្គុយខាងក្រោយខ្នងព្រះអង្គ យើងប្រាកដជានៅខាងក្រោយនោះរហូត មិនអាចឃើញព្រះភ័ក្ត្រព្រះអង្គបានទេ ។ ហេតុអ្វី? ពីព្រោះព្រះអង្គ មិនអាចងាក មកមើលយើង បានសោះឡើយ! ។





សុភាសិត ទី ១១

“ចង់ឆ្ងាញ់ ឲ្យរកអន្លក់
ចង់ស្រណុក ឲ្យនឿយពីក្មេង”
"អត្ថាធិប្បាយ
            ប្រពៃណីខ្មែរ ដែលទាក់ទងនឹងអាហារបានចាត់ទុកអន្លក់និងទឹកគ្រឿងថាជាម្ហូបដែលមានឱជារសឆ្ងាញ់ផុតអ្វីៗទាំងអស់។ អន្លក់គឺបន្លែគ្រប់យ៉ាង ដូចជា: ត្រកួន, ព្រលិត, ត្រួយរាំង, ត្រយូងចេក, កូនដើមចេក, ផ្កាស្នោរ, ត្រប់គ្រប់យ៉ាង, ភ្លៅកង្កែប, ក្រសាំងទាប, ជីគ្រប់បែប, សណ្តែកបណ្តុះ, ត្រសក់, សាឡាត់, ស្ពៃក្តោប ។ល។
            បន្លែទាំងនេះ គេបរិភោគជាមួយ "ទឹកគ្រឿង" ដែលមានច្រើនប្រភេទ ទៅតាមស្រុកនីមួយៗ ។
            "ចង់ស្រណុកឲ្យនឿយពីក្មេង" មានន័យថា កាលខ្លួននៅក្មេងកម្លាំងនៅមានបរិបូរណ៌ ត្រូវខិតខំធ្វើការសន្សំទ្រព្យ កពូនឲ្យបានច្រើនសម្រាប់ដល់ពេលមួយ ដែលវ័យជរាមកដល់ មិនអាចធ្វើការអ្វីបាន អាចពឹងផ្អែកទៅលើទ្រព្យធនទាំងនោះ។ បើមិនធ្វើរបៀបនេះទេ គឺថាកាលខ្លួននៅក្មេង គិតតែដើរលេង ស៊ីចាយ ឈ្លក់នឹងអបាយមុខទាំងបួន, គ្មានគិតសំចៃប្រាក់សម្រាប់អនាគត (ពេលចាស់), មនុស្សប្រភេទនេះ នឹងត្រូវនឿយហត់-វេទនា-ធ្វើការទាំងឈឺ ទាំងជា រហូតថ្ងៃស្លាប់ គ្មានពេលល្ហែសោះឡើយ ។






សុភាសិតទី១២

“សម្តីសជាតិ មារយាទសពូជ”

អត្ថាធិប្បាយ
            ពាក្យ “ស” មានន័យថា: “បង្ហាញ, ចង្អុល, ប្រាប់ , បញ្ជាក់"។ "សជាតិ" ចង្អុលឲ្យដឹងថា តើជាជាតិ ឬ សាសន៏អី (ចិន-យួន-ចាម-លាវ-)?
            ដោយសារភាសាដែលនិយាយចេញមក, គេអាចដឹងបានថា តើអ្នកនិយាយនោះជាសាសន៍អី ។
            ចំណែក "មារយាទសពូជ" បានសេចក្តីថា ឫកពាចរិក បែបបទ អាកប្បកិរិយា សម្តី ដែល មនុស្ស ម្នាក់ៗ បានបញ្ចេញឲ្យគេឃើញនោះ អាចពន្យល់ ឬ ចង្អុលឲ្យគេដឹងថា តើមនុស្សនោះ ចេញ ពីវង្សត្រកូលធុនណា? ទាបឬខ្ពស់? ចេះ ឬ ល្ងង់? ។ល។ ព្រោះថា តាមធម្មតា មនុស្សដែលកើតចេញពីត្រកូលខ្ពង់ខ្ពស់ ត្រកូលដែលមានការអប់រំ មានសុជីវធម៌, មនុស្សនោះ ភាគច្រើនតែងមាន មារយាទថ្លៃថ្នូរ គួរឲ្យគោរពរាប់អាន គួរឲ្យស្រឡាញ់។ ផ្ទុយពីនេះ,  កាលណាខ្វះការចេះដឹង និងការអប់រំហើយ តើវានឹងចេញលទ្ធផលបែបណា? អ្នកអានអាច អាចយល់រឿងនេះ យ៉ាងច្បាស់ ។





សុភាសិត ទី ១៣

“ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី       បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត
ចង់បានសួគ៌ តោងកាន់សុចរិត      ចង់សម្បូណ៌មិត្រ ត្រូវរកទ្រព្យ”
អត្ថាធិប្បាយ
             "ស្ងួន" មានន័យថា "បីបាច់, ថែរក្សា, ថ្នម"។ បើអ្នកស្រឡាញ់ខ្លួន ចង់ឲ្យរូបនៅមានសម្រស់ យូរយារ, អ្នកត្រូវតែប្រយ័ត្ន  "ចំណី"។ ព្រោះហេតុអ្វី? ព្រោះចំណីអាហារនេះហើយ ដែលផ្តល់សុខ-ទុក្ខ ដល់រូបកាយយើង ជាងបុព្វហេតុឯទៀតៗ។ ចំណី អាចធ្វើឲ្យយើងមានកម្លាំង, ឲ្យយើងរស់, ឲ្យយើងរីកចម្រើន, ឲ្យយើងមានពណ៌សម្បុរល្អ, ផ្តល់ប្រាជ្ញាប៉ាធី ។ល។
            ក្នុងពេលជាមួយគ្នានេះ, ចំណីអាចឲ្យយើងឈឺ÷ ចុកពោះ, រាក, មួល, ឈឺក្បាល, ពុល, ប្រកាច់, ឈឺក្រពះ, ខូចសួត, ខូចថ្លើម, ព្រឹលភ្នែក, ឈឺធ្មេញ, ខូចសម្ផស្ស, បាត់បង់រូបឆោម, បាត់បង់ប្រាជ្ញា, កោងកាច, ។ល។
            ដោយហេតុនេះ, បើអ្នកស្រឡាញ់ខ្លួន តោងប្រយ័ត្នចំណី។ មុននឹងបរិភោគនំចំណីអ្វីមួយ គួរពិចារណា ឬពិនិត្យឲ្យបានយល់ពីគុណសម្បត្តិនៃចំណីនោះសិន។ សុំអានសៀវភៅ ដែលណែនាំ យើងឲ្យយល់ពី "អាហារផ្តល់សុខភាព"។
            "បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត" មិនខុសពីរឿង “ស្ងួនចំណី” នោះទេ។ ព្រះពុទ្ធសម្តែងថា÷ ខន្តី គឺការអត់ធ្មត់ ជាកម្លាំង -អាចនាំមកនូវជ័យជំនះ។ ខន្តី នាំឲ្យបានសុខ ។ល។
            បើអ្នកស្រឡាញ់ស្រី, តាមសម្លោកនេះ, អ្នកត្រូវតែមានខន្តី មានអំណត់-មិនខឹងនឹងប្រតិកម្មនានា ដែលកើតមានឡើង ដោយសារសកម្មភាពរបស់អ្នក ទៅលើនាងនោះទេ។ ជាធម្មតា, ស្ត្រី តែងមានការអៀនខ្មាស់ ហើយមិនងាយទទួលនូវការសុំស្នើសេចក្តីស្នេហា ដោយងាយៗនោះទេ។ ប្រតិកម្មនានា ដែលជួនកាល ប្រកបដោយភាពជូរល្វីងផង អាចនឹងស្រោចមកលើអ្នក ប្រសិនបើអ្នកមិនអាចរក "ទំនាក់ទំនង" ឃើញទេ។
            ធម្មជាតិបានតុបតែងចិត្ត និងកាយស្ត្រី ឲ្យមានភាពទន់ភ្លន់, ទឹកចិត្តអាណិត, ខឹងឆាប់រសាយ ហើយស្រឡាញ់វាចាផ្អែម។ បើអ្នកស្រឡាញ់ស្ត្រីណាម្នាក់ អ្នកអាចជួបប្រទះនឹងការឆ្លើយតប ដែលអាចធ្វើឲ្យអ្នកខឹង-តូចចិត្ត-អស់សង្ឃឹម។ តែកុំភ្លេចពាក្យបូរាណប្រដៅថា "ត្រូវស្ងួនចិត្ត" ដែលមានន័យថា ត្រូវកាន់ចិត្ត អត់ធ្មត់ កុំច្រឡោតខឹង ព្រោះតែសម្តីទ្រគោះនោះឲ្យសោះ។ ហើយក្នុងពេលជាមួយគ្នានោះ សុំកុំលះបង់សេចក្តីព្យាយាម ដោយប្រើគ្រប់មធ្យោបាន នោះអ្នកនឹងបាន សម្រេចដូចបំណងនៅគ្រាអវសាន ។
            "ចង់បានសួគ៌ ត្រូវកាន់សុចរិត" បាសេចក្តីថា បើអ្នកចង់បានសេចក្តីសុខ សុភមង្គលដល់ខ្លួន និង គ្រួសារ ត្រូវកាន់អំពើសុចរិត ដូចជា៖ រក្សាសីល ៥ ជាដើម ។
            "ចង់សម្បូណ៌មិត្រ ត្រូវរកទ្រព្យ" ជាពាក្យងាយយល់។ មនុស្សយើង តែងមាននិន្នាការ ចង់រាប់អ្នកមានបណ្តាស័ក្តិ, ចង់ធ្វើមិត្រជាមួយអ្នកមានសម្បត្តិ ស្តុកស្តម្ភ។ ផ្ទុយទៅវិញ កាលណាជនណាម្នាក់ ធ្លាក់ខ្លួនក្ររហេមរហាមហើយ អ្នកផងមុខជាគេចចេញ មិនហ៊ានទៅជិត ព្រោះគេយល់ថា វាគ្មានប្រយោជន៍អ្វី ដល់គេ ហើយវាអាចឲ្យមានការបង់ខាត ដោយសារការបុលខ្ចី ដែលមិនមានសង្ឃឹម ថាអាចនឹងសងវិញបាន។
            ហេតុនេះ បើអ្នកចង់សម្បូណ៌មិត្រ គប្បីខិតខំរកស៊ីធ្វើការ កសាងខ្លួនឲ្យក្លាយទៅជា “អ្នកមាន”, នោះ មិត្រនឹងហូរចូលឯង -មិនបាច់ខំប្រឹករកទេ !





សុភាសិតទី១២

“សម្តីសជាតិ មារយាទសពូជ”

អត្ថាធិប្បាយ
            ពាក្យ “ស” មានន័យថា: “បង្ហាញ, ចង្អុល, ប្រាប់ , បញ្ជាក់"។ "សជាតិ" ចង្អុលឲ្យដឹងថា តើជាជាតិ ឬ សាសន៏អី (ចិន-យួន-ចាម-លាវ-)?
            ដោយសារភាសាដែលនិយាយចេញមក, គេអាចដឹងបានថា តើអ្នកនិយាយនោះជាសាសន៍អី ។
            ចំណែក "មារយាទសពូជ" បានសេចក្តីថា ឫកពាចរិក បែបបទ អាកប្បកិរិយា សម្តី ដែល មនុស្ស ម្នាក់ៗ បានបញ្ចេញឲ្យគេឃើញនោះ អាចពន្យល់ ឬ ចង្អុលឲ្យគេដឹងថា តើមនុស្សនោះ ចេញ ពីវង្សត្រកូលធុនណា? ទាបឬខ្ពស់? ចេះ ឬ ល្ងង់? ។ល។ ព្រោះថា តាមធម្មតា មនុស្សដែលកើតចេញពីត្រកូលខ្ពង់ខ្ពស់ ត្រកូលដែលមានការអប់រំ មានសុជីវធម៌, មនុស្សនោះ ភាគច្រើនតែងមាន មារយាទថ្លៃថ្នូរ គួរឲ្យគោរពរាប់អាន គួរឲ្យស្រឡាញ់។ ផ្ទុយពីនេះ,  កាលណាខ្វះការចេះដឹង និងការអប់រំហើយ តើវានឹងចេញលទ្ធផលបែបណា? អ្នកអានអាច អាចយល់រឿងនេះ យ៉ាងច្បាស់ ។






សុភាសិតទី ១៤

“ឫស្សីធ្វើក្លាក់ដាក់ឥតថ្នាំង          គងស្គររគាំងវាយមិនឮ
សុរិយាមិនយកជាពន្លឺ                   ជឿកាន់អំពិលអំពែកសត្វ”
អត្ថាធិប្បាយ
            សម្លោកនេះ មានន័យប្រកបដោយភាពអាថ៌កំបាំង ពិបាកយល់បន្តិច។ គឺជាសម្លោក បញ្ជាក់នូវចរិត-បែបបទ-អាកប្បកិរិយានៃមនុស្សភាគច្រើន នាសម័យសតវត្សទី ១៩ និង សតវត្សទី ២០ ហើយនិងសតវត្សបន្តបន្ទាបទៅអនាគត  ។
            ពាក្យគន្លឹះសម្រាប់ឲ្យយល់ន័យ របស់សម្លោក មានដូចខាងក្រោមនេះ ៖
-   ក្លាក់: ប្រដាប់សម្រាប់ដាក់វែក, សម, ស្លាបព្រា និង ចង្កឹះ ធ្វើពីបំពង់ ឫស្សី ។ កាលពីជំនាន់ដើម ខ្មែរយើងនៅស្រែ ចំការ គេយកបំពង់ឫស្សី ប្រវែងមួយសាច់ មកធ្វើជាក្លាក់ ដោយកាត់ថ្នាំងខាងលើចោល ហើយគេទុកថ្នាំងខាងក្រោម ដើម្បីទ្រវែក, សម-ស្លាបព្រា កុំឲ្យវារុះរបូតចុះក្រោម។ បន្តពីថ្នាំងខាងក្រោម គេទុកចំរៀកឫស្សី, សម្រួចចុង ប្រវែង មួយចំអាម សម្រាប់ស៊កភ្ជាប់ទៅនឹងរបារជញ្ជាំង នៅចង្ក្រានបាយ ជាកន្លែងតម្កល់វែក និង សម-ស្លាបព្រា ។
-   គង, ស្គរ, រគាំង : សំដៅទៅលើ "អ្នកចេះដឹង, អ្នកមានវិជ្ជា, អ្នកមានវិចារណញ្ញាណ, អ្នកយល់ខុស-ត្រូវពិតប្រាដក , អ្នកប្រាជ្ញ , អ្នកសច្ច និយម , អ្នកជាតិនិយម"។
-   សុរិយា: ព្រះអាទិត្យ។ ក្នុងទីនេះ សំដៅទៅលើ "អ្វីដែលជាពន្លឺពិតប្រាដក, អ្វីដែលជាសាច់ការ ឬ ខ្លឹមសារ, វិជ្ជា, អ្វីៗ ដែលត្រឹមត្រូវ (មិនបន្លំ-មិនឆ្ពិនភ្នែក)"។
-   អំពិលអំពែក: សំដៅទៅលើ "មនុស្សបាតផ្សារ, មនុស្សឥតចំណេះ, ពាល, ឃោរឃៅ, មនុស្សប៉ោត, មនុស្សក្អេង, មនុស្សកញ្ជើធ្លុះ, មនុស្ស ឆ្អិនក្បាលស៊ីក្បាល, ឆ្អិនកន្ទុយស៊ីកន្ទុយ, មនុស្សខ្វះសីលធម៌, មនុស្ស ល្មោភអំណាច ។ល។
តាមសម្លោកនេះ, ចាប់ពីសតវត្សទី១៩ មកដល់ឥឡូវ, មានការប្រែប្រួលធំ នៅក្នុងសង្គមមនុស្ស ជាពិសេសក្នុងសង្គមខ្មែរយើងនេះតែម្តង។ គេចេះធ្វើក្លាក់ (ពាក្យឧបមា) ដូចមនុស្សជំនាន់ដើមដែរ ប៉ុន្តែក្លាក់សម័យគេនេះឥតមានថ្នាំង សម្រាប់ទ្រសម-ស្លាបព្រា កុំឲ្យវារុះទៅដី ដូចសម័យមុននោះឡើយ។ ម៉្លោះហើយ ក្លាក់របស់សម័យនេះ កាលណាដាក់អ្វីចូលទៅក៏រុះជ្រុះរបូតទៅដី បាត់បង់ គ្មានសល់អ្វីឡើយ !។
ក្លាក់ គឺជាតួមនុស្ស, ឯថ្នាំង គឺចំណេះចេះដឹងគ្រប់យ៉ាង -ជាវិចារណញ្ញាណ សម្រាប់ទប់ ឬ រក្សាទុកនូវអ្វីៗ ដែលសំខាន់របស់ជីវិតឲ្យបានយូរអង្វែងទៅ ។
មនុស្សអ័ព្ទឥតវិជ្ជា ខ្វះវិចារណញ្ញាណ ខ្វះប្រាជ្ញា សម្រាប់ពិចារណាទៅលើហេតុផល ដែលនឹងអាចកើតមានឡើង ពីអំពើដែខ្លួនធ្វើ រួចឡើងធ្វើជា "អ្នកដឹកនាំប្រទេស"… តើដឹកនាំបែបណា? សំដៅទៅទិសណា? តើអាចប្រឈមជាមួយអ្នកជិតខាង ដែលតែងមានគំនិតកេងយកប្រយោជន៏ ជញ្ជក់ឈាមពីយើង បានដែរឬទេ? ។
"គង-ស្គរ-រគាំង វាយលែងឮ" មានន័យថា អ្នកចេះដឹងទាំងប៉ុន្មាន លែងមានតម្លៃ… គ្មានអ្នកណាស្តាប់… គ្មានអ្នកណាគោរព… គេលែងជឿ… គេយកទៅទុកមួយដុំ មិនឲ្យធ្វើសកម្មភាពអ្វីទាំងអស់។ ក្នុងពេលជាមួយគ្នានេះ, ពួក "អំពិលអំពែក" ក៏ឡើងសោយរាជ្យ កកូរកកាយ លក់ទ្រព្យសម្បត្តិជាតិ ចែកលុយគ្នាចាយ ដល់នូវក្តីហីនហោចខ្លោចផ្សា រលំរលាយ កើតមានចោរកម្ម និង ទុរភិក្ស ពេញនគរ, មនុស្សអស់សីលធម៌, ម្នាក់ៗត្រដររស់ លែងខ្វល់ពីរឿងខុស-ត្រូវ ឬ គុណទោស ត្រូវតាមពាក្យរបស់អ្នកប្រាជ្ញ ដែលចែងថា :
                         " ផ្គរលាន់ឯបូណ៌ សូរកណ្តុក
                        អ្នកតាចាស់ស្រុកឱបដៃយំ
                        កំពិសឡើងពង លើកំពូលភ្នំ
                        ក្អែកសសម្ងំក្នុងគុម្ភត្រែង"








សុភាសិតទី១៥

“បើស្អប់ កុំឲ្យបាញ់        ស្រឡាញ់ កុំឲ្យខ្ចី”

អត្ថាធិប្បាយ
            ពាក្យនេះ អ្នកណាក៏ធ្លាប់ឮដែរ, ហើយអ្នកណា ក៏មានរឿងដែលបណ្តាលមកពី "ស្អប់ ហើយនិង ខ្ចីបុល" នេះដែរ ។
            បើស្អប់ កុំឲ្យបាញ់ តើមានន័យយ៉ាងណា?
            ពាក្យ "កុំឲ្យបាញ់" មិនមែនបាញ់នឹងគ្រាប់កាំភ្លើងនោះទេ គឺហាមមិនឲ្យ៖ ដើរនិយាយដើម, បង្អាប់បន្តុះ, មួលបង្កាច់, ប្រើសម្តីមិនល្អ ទៅលើមនុស្សដែលខ្លួនស្អប់នោះ។ ការស្អប់ និង ស្រឡាញ់ គឺជារឿងមួយ ដែលមិនអាចឃាត់ មិនឲ្យកើតមានបានទេ។ យើងមិនចូលចិត្តមនុស្សនេះ ហើយចូលចិត្ត អ្នកខាងនោះ, គឺជារឿងធម្មតារបស់មនុស្សលោក។ តែការសំខាន់ ដែលយើងម្នាក់ៗត្រូវតែចងចាំ ទៅតាមបណ្តាំដូនតាយើងនៅត្រង់ចំណុចថា បើបានថាស្អប់អ្នកណាម្នាក់ហើយសុំ"កុំបាញ់"អ្នកនោះឲ្យសោះ។ ព្រោះថា បើធ្វើយ៉ាងនេះ គឺមានន័យថា យើងពង្រីកសំអប់នោះឲ្យកាន់តែធំឡើង រហូតដល់ពេលមួយសម្អប់ នោះ នឹងផ្ទុះដូចគ្រាប់បែក អាចបណ្តាលឲ្យមានការស្លាប់-រស់ ដល់អ្នកណាម្នាក់មិនខាន ។
            តើយើងគួរធ្វើយ៉ាងណា?
            ចម្លើយយ៉ាងខ្លី: បើបានជាស្អប់ហើយ សុំកុំដើរបរិហារកេរ្តិ៍គេឲ្យសោះ, សុំបិទមាត់ឲ្យជិត, កុំមានវាចាអាក្រក់ (និយាយដើម) ពីមនុស្សនោះ ប្រាប់មនុស្សម្នាក់ទៀត ដើម្បីឲ្យគេជួយស្អប់ ។
-   "ស្រឡាញ់ កុំឲ្យខ្ចី" មានន័យថា ការខ្ចីបុលរវាងមិត្រភ័ក្តិច្រើន នាំបណ្តាលឲ្យក្លាយទៅជាសត្រូវនឹងគ្នា ព្រោះអ្នកខ្ចី មិនគោរពពាក្យសន្យារបស់ខ្លួន។ មនុស្សច្រើនណាស់ តែងសន្យា "សុំខ្ចីតែ ៣ថ្ងៃទេ ខ្ញុំយកមកសងវិញហើយ"។ លុះដល់ ៣ ថ្ងៃកន្លងផុតទៅ ម្ចាស់បំណុល ឥតបានទទួលអ្វីទាំងអស់-បាត់ឈឹង គ្មានឮអ្វីសោះ។ ក្នុងចិត្ត ចាប់កើត មន្ទិលសង្ស័យ៖ យី, យ៉ាងម៉េចឯចេះ?។ មួយអាទិត្យកន្លងផុតទៅ… រួចចូលអាទិត្យទី ២… អាទិត្យទី ៣ នៅតែឈឹង… អត់ទ្រាំ មិនបាន, ម្ចាស់បំណុលក៏សួរ៖ "យ៉ាងណាទៅហើយរឿងប្រាក់ ៣ ថ្ងៃនោះ?"។
កាលណាមានសំនួរ, អ្នកខ្ចីភាគច្រើន បែរជាខឹង ដោយចោទប្រកាន់ថា គេមើលងាយខ្លួន ។ល។ មិត្រភាព ក៏ចាប់ស្រាំ ឬ បាក់បែកត្រឹមចំណុចនេះ ។
ការខ្ចីបុល នៅពេលខ្វះខាត ជារឿងធម្មតាសម្រាប់មនុស្សភាគច្រើន។ ការប្របាន់ខ្ជាប់ នូវពាក្យសន្យា ជារឿងលំបាកសម្រាប់មនុស្សភាគច្រើន។ គប្បីចាំ ថាភាពទៀងត្រង់ នាំឲ្យយើងរស់បានយូរ ជាងការភូតកុហក, ជាពិសេស ការភូត កុហកមិត្រសម្លាញ់ ដែលមានសុឆន្ទះចំពោះខ្លួន គឺជាការបិទផ្លូវ សម្រាប់នាំទៅរក សុខ។







សុភាសិតទី១៦

“បើស្អប់ កុំឲ្យបាញ់        ស្រឡាញ់ កុំឲ្យខ្ចី”

អត្ថាធិប្បាយ
            ពាក្យនេះ អ្នកណាក៏ធ្លាប់ឮដែរ, ហើយអ្នកណា ក៏មានរឿងដែលបណ្តាលមកពី "ស្អប់ ហើយនិង ខ្ចីបុល" នេះដែរ ។
            បើស្អប់ កុំឲ្យបាញ់ តើមានន័យយ៉ាងណា?
            ពាក្យ "កុំឲ្យបាញ់" មិនមែនបាញ់នឹងគ្រាប់កាំភ្លើងនោះទេ គឺហាមមិនឲ្យ៖ ដើរនិយាយដើម, បង្អាប់បន្តុះ, មួលបង្កាច់, ប្រើសម្តីមិនល្អ ទៅលើមនុស្សដែលខ្លួនស្អប់នោះ។ ការស្អប់ និង ស្រឡាញ់ គឺជារឿងមួយ ដែលមិនអាចឃាត់ មិនឲ្យកើតមានបានទេ។ យើងមិនចូលចិត្តមនុស្សនេះ ហើយចូលចិត្ត អ្នកខាងនោះ, គឺជារឿងធម្មតារបស់មនុស្សលោក។ តែការសំខាន់ ដែលយើងម្នាក់ៗត្រូវតែចងចាំ ទៅតាមបណ្តាំដូនតាយើងនៅត្រង់ចំណុចថា បើបានថាស្អប់អ្នកណាម្នាក់ហើយសុំ"កុំបាញ់"អ្នកនោះឲ្យសោះ។ ព្រោះថា បើធ្វើយ៉ាងនេះ គឺមានន័យថា យើងពង្រីកសំអប់នោះឲ្យកាន់តែធំឡើង រហូតដល់ពេលមួយសម្អប់ នោះ នឹងផ្ទុះដូចគ្រាប់បែក អាចបណ្តាលឲ្យមានការស្លាប់-រស់ ដល់អ្នកណាម្នាក់មិនខាន ។
            តើយើងគួរធ្វើយ៉ាងណា?
            ចម្លើយយ៉ាងខ្លី: បើបានជាស្អប់ហើយ សុំកុំដើរបរិហារកេរ្តិ៍គេឲ្យសោះ, សុំបិទមាត់ឲ្យជិត, កុំមានវាចាអាក្រក់ (និយាយដើម) ពីមនុស្សនោះ ប្រាប់មនុស្សម្នាក់ទៀត ដើម្បីឲ្យគេជួយស្អប់ ។
-   "ស្រឡាញ់ កុំឲ្យខ្ចី" មានន័យថា ការខ្ចីបុលរវាងមិត្រភ័ក្តិច្រើន នាំបណ្តាលឲ្យក្លាយទៅជាសត្រូវនឹងគ្នា ព្រោះអ្នកខ្ចី មិនគោរពពាក្យសន្យារបស់ខ្លួន។ មនុស្សច្រើនណាស់ តែងសន្យា "សុំខ្ចីតែ ៣ថ្ងៃទេ ខ្ញុំយកមកសងវិញហើយ"។ លុះដល់ ៣ ថ្ងៃកន្លងផុតទៅ ម្ចាស់បំណុល ឥតបានទទួលអ្វីទាំងអស់-បាត់ឈឹង គ្មានឮអ្វីសោះ។ ក្នុងចិត្ត ចាប់កើត មន្ទិលសង្ស័យ៖ យី, យ៉ាងម៉េចឯចេះ?។ មួយអាទិត្យកន្លងផុតទៅ… រួចចូលអាទិត្យទី ២… អាទិត្យទី ៣ នៅតែឈឹង… អត់ទ្រាំ មិនបាន, ម្ចាស់បំណុលក៏សួរ៖ "យ៉ាងណាទៅហើយរឿងប្រាក់ ៣ ថ្ងៃនោះ?"។
កាលណាមានសំនួរ, អ្នកខ្ចីភាគច្រើន បែរជាខឹង ដោយចោទប្រកាន់ថា គេមើលងាយខ្លួន ។ល។ មិត្រភាព ក៏ចាប់ស្រាំ ឬ បាក់បែកត្រឹមចំណុចនេះ ។
ការខ្ចីបុល នៅពេលខ្វះខាត ជារឿងធម្មតាសម្រាប់មនុស្សភាគច្រើន។ ការប្របាន់ខ្ជាប់ នូវពាក្យសន្យា ជារឿងលំបាកសម្រាប់មនុស្សភាគច្រើន។ គប្បីចាំ ថាភាពទៀងត្រង់ នាំឲ្យយើងរស់បានយូរ ជាងការភូតកុហក, ជាពិសេស ការភូត កុហកមិត្រសម្លាញ់ ដែលមានសុឆន្ទះចំពោះខ្លួន គឺជាការបិទផ្លូវ សម្រាប់នាំទៅរក សុខ។





សុភាសិតទី១៧

“ប្រាជ្ញ មិនស្មើប្រប
បាក់ស្លឹកត្រចៀកខ្លប
មិនស្មើអាឡេមឡឺម”
អត្ថាធិប្បាយ
សម្លោកនេះ ពោលសំដៅទៅលើរឿង "ផ្គាប់ចៅហ្វាយ" ដើម្បីឲ្យចៅហ្វាយ "ពេញចិត្ត" ជាងគេ។
មនុស្សពីរនាក់ នៅធ្វើការក្រោមបញ្ជាចៅហ្វាយម្នាក់។ អ្នកទីមួយ ជាអ្នកប្រាជ្ញ (អ្នកចេះដឹង)។ គាត់ជាមនុស្សសាច់ការ, ស្មោះត្រង់, ខុស-ថាខុស, ត្រូវ-ថាត្រូវ, ហ្មត់ចត់។ មនុស្សទីពីរ គ្មានការចេះដឹងអ្វីទេ, ចៅហ្វាយបញ្ជាយ៉ាងណា ធ្វើយ៉ាងនេះ, ស្របរហូត, ប្របរហូត គ្រប់ពេលវេលា គ្មានដែលជំទាស់ ម្តងណាឡើយ។
តាមសម្លោកនេះ, មនុស្សដែលចៅហ្វាយពេញចិត្តជាង គឺមនុស្សទីពីរនេះឯង, មិនមែនមនុស្សដែលមានចំណេះជ្រៅជ្រះនោះទេ ! ។ នេះជារឿងមនុស្សលោកទូទៅទាំងអស់ ។ ដោយហេតុនេះហើយ បានជាមានមនុស្សច្រើនណាស់ ដែលជួនកាលមិនទាំងចេះអានអក្សរផង រួចឡើងធ្វើជានាយក ត្រួតលើអ្នកចេះ ច្រងេងច្រងាង បាយបិណ្ឌ ជាបាយបាត្រ, លើជាក្រោម, ដល់នូវក្តីមហន្តរាយ ទូទាំងនគរ។
"បាក់ស្លឹកត្រចៀកខ្លប មិនស្មើអាឡេមឡឺម," គឺជារឿងមនុស្ស ២ នាក់ ទៀត ដែលនៅក្រោមបញ្ជាចៅហ្វាយតែមួយ ដូចរឿងខាងលើដែរ។ មនុស្សទី ១ ជាអ្នកគោរពចៅហ្វាយ ត្រង់ជើងភ្លឹង, មិនហ៊ានលេងសើច លូកល ជាមួយ ចៅហ្វាយម្តងណាឡើយ។ ឯអ្នកទី ២ ជាមនុស្សឡេមឡឺម, ក្រមាច់ក្រមឺម, កំប្លែង , បញ្ចុកបន្ស៊ីចៅហ្វាយ, ទិញនំនែក ជូនចៅហ្វាយ រហូតដល់ពេលខ្លះ រកស្រីមកជូន ចៅហ្វាយទៀត ! ។
រវាងមនុស្សទាំង ២ ប្រភេទនេះ, "អាឡេមឡឺម" ត្រូវបានទទួលការពេញចិត្តពីចៅហ្វាយ ជាងអាម្នាក់ទៀត ដែលបាក់ស្លឹកត្រចៀកខ្លបនោះឯង ។






សុភាសិតទី១៨

“ផ្ទះណាឥតក្មេង ផ្ទះនោះស្ងាត់
ដែនដែលឥតក្សត្រ សូន្យអាជ្ញា
មាត់ឥតវិជ្ជា សូន្យចរិយា
ទុគ៌តទ្រព្យា សូន្យទាំងអស់”
អត្ថាធិប្បាយ
            ពាក្យថា សូន្យ មានន័យថា “ខ្វះ, គ្មាន, ឥត” ។ តាមធម្មតា, ផ្ទះ ដែលមាន តែមនុស្សចាស់ៗរស់នៅ គ្មានក្មេងម្នាក់សោះ ផ្ទះនោះ មុខជាស្ងាត់ជ្រងំមិនខាន។ យ៉ាងណាមិញ, ប្រទេស (ដែន) ដែលគ្មានស្តេច ឬ ប្រធានាធិបតីនៅគ្រប់គ្រងទេ មុខជា "សូន្យអាជ្ញា" គឺថា គ្មានច្បាប់ទម្លាប់, គ្មាននរគបាលសម្រាប់រក្សារបៀបរៀបរយ គ្មានសន្តិសុខ អ្វីទាំងអស់ ។
-   " មាត់ឥតវិជ្ជា " គឺមនុស្ស ដែលគ្មានចំណេះអ្វីសោះក្នុងខ្លួន មុខជាអង្គុយ ចំហមាត់ ចាំតែស្តាប់គេ , គ្មានអ្វីយកមកជជែកលេងជាមួយគេបានទេ ។
-   "ទុគ៌តទ្រព្យា សូន្យទាំងអស់" មានន័យថា បើគ្មានទ្រព្យធនអ្វីសោះ (ក្រ) នោះប្រាកដសូន្យគ្រប់ផ្លូវមិនខាន ។






សុភាសិតទី១៩
“ស្រឡាញ់ពេញប្រាស
ស្អប់ជំពប់លើ”
អត្ថាធិប្បាយ
            មនុស្សរាល់រូប តែងជួប្រទះរឿងនេះញឹកញាប់ ដោយមិនដឹងមកពីបុព្វហេតុអ្វី។ អ្វីក៏ដោយ ដែលយើងចូលចិត្ត ឬ ស្រឡាញ់ (មនុស្ស-សត្វ-វត្ថុ), យើងមិនងាយ បានជួប្រទះនឹងវត្ថុទាំងនោះទេ។ ឧទាហរណ៏៖ បុរស ឬ ស្ត្រី ដែលយើងសែនស្រឡាញ់ ចង់បានមកធ្វើជាគូជីវិត ច្រើនតែមិនបានសម្រេចដូចបំណង, ហើយវាបែរជាទៅជួបជាមួយមនុស្សផ្សេងទៀត ដែលមិនបានព្រាងទុកជាមុនសោះ។ ក្នុងបណ្តាកូន ឬ មិត្រភ័ក្តិទាំងអស់ កូនដែលយើងស្រឡាញ់ជាងគេ និងមិត្រដែលយើងស្និទ្ធស្នាលជាងគេ ច្រើនតែព្រាត់ប្រាស ដោយហេតុផលណាមួយ។ យើងស្អប់ “ក្រ”, តែម្នាក់ៗ ពិបាកគេចឲ្យផុតពន់ពេកណាស់ ។ យើងស្អប់ “ជង្ងឺ” តែគ្មានអ្នកណាម្នាក់ គេចផុតសោះឡើយ ។
            ពាក្យបូរាណមួយទៀត តែងនិយាយថា " ស្អប់អាចម៍ មុខជាដើរ ជាន់អាចម៍ " ។








សុភាសិតទី២០
“ស្លៀកស្បង់ មិនកោរសក់
ឆ្លុះកញ្ចក់ ធ្មេចនេត្រា
យល់សេះ ថាជាលា
យល់គជា ថាកណ្តុរ”
អត្ថាធិប្បាយ
-   ស្បង់ : សំពត់ដែលព្រះសង្ឃស្លៀក ដើម្បីបិទបាំងកេរ្តិ៍ខ្មាស់
-   នេត្រា : ភ្នែក
-   លា : សត្វលា , ស្រដៀងសេះ តែតូចជាង
-   គជា (អានថា គុច-ជា) : ដំរី
សម្លោកនេះ និយាយពីចរិតរបស់មុស្ស នាសតវត្សទី ១៩ និងទី ២០ ហើយ និងសតវត្សបន្តបន្ទាប់ទៅមុខ ។
តាមទម្លាប់ ឬ ប្រពៃណី ដែលមានមកពីបូរាណ - ជាប្រពៃណីត្រឹមត្រូវនោះ - បើអ្នកណាម្នាក់ ស្លៀកស្បង់ (ទៅបួស) គេត្រូវតែកោរសក់ចេញ ទើបពេញលក្ខណ៍ជាអ្នកបួស ។
"កោរសក់" ក្នុងទីនេះ មិនត្រឹមតែមានន័យថា "កោរសក់ក្បាល" ចេញនោះទេ, គឺមានន័យវែងឆ្ងាយជាងនេះទៅទៀត៖
-   លះបង់នូវតណ្ហាទាំង ៤ គឺ - រាគៈ -លោភៈ -ទោសៈ -និងមោហៈ
-   លាចាកជីវិតលោកិយ ទៅកាន់ឧត្តមភេទ ជាអ្នកដឹកនាំគ្រហស្ថឲ្យកាន់សីល ដើម្បីទទួលនូវភាពសុខសាន្ត ក្នុងសង្គម ។
នេះជារឿងដើម នៃអ្នកបួស ដែលត្រឹមត្រូវ តាមវិន័យនៃព្រះពុទ្ធសាសនា។ លុះមកដល់សម័យបច្ចុប្បន្ននេះ មនុស្សភាគច្រើនដែលទៅស្លៀកស្បង់នោះ ធ្វើផ្ទុយ ពីវិន័យ ឬ ច្បាប់ដើមរបស់ព្រះពុទ្ធ។ គេស្លៀកស្បង់ ដើម្បីបំភ័ន្តភ្នែក ទាក់ទាញយក លាភសក្ការៈ ពីពុទ្ធសាសនិកដែលល្ងង់ខ្លៅ មិនយល់ថា តើ "បួសនោះ ប្រាកដជា បួសមែនទេន , ឬមួយក៏បួសតែសំបកក្រៅ មិនព្រមកោរសក់ឲ្យស្អាតផងសោះ?" ។
-   ឆ្លុះកញ្ចក់ ធ្មេចនេត្រា: មានន័យដូចគ្នានឹងពាក្យខាងលើ, គឺថា ជាពាក្យឧបមា។ យើងឆ្លុះកញ្ចក់ មើលមុខខ្លួនយើង ក្រែងមានប្រឡាក់អ្វីមួយ-មិនស្អាត ។ តែបើពេលឆ្លុះនោះ បែរជាបិទភ្នែកទៅវិញ តើអាចមើលឃើញ មុខបែបណាឬទេ?
អត្ថន័យពេញលេញ នៃពាក្យនេះ គេចង់និយាយថា សម័យនេះ មានមនុស្សមួយចំនួនធំ មិនព្រមយល់ថា តើខ្លួនជាជនថ្នាក់ណា? ជាមនុស្សដែលអ្នកផងស្រឡាញ់រាប់អាន? ជាមនុស្សកំរោលឃោរឃៅ? ជាអ្នកចេះ? ជាអ្នកល្ងង់? ។ល។ គេតាំងខ្លួនជាអ្នកចេះ -ជាអ្នកដឹកនាំ… ហើយទីបំផុតបានទទួលនូវមហន្តរាយដល់ប្រទេស និង ប្រជារាស្ត្រ វេទនាខ្លោចផ្សា ព្រោះតែ "ល្ងង់" ហើយមិនព្រមទទួលថា ល្ងង់… មិនព្រមបើកភ្នែក មើលមុខខ្លួននៅក្នុងកញ្ចក់ ។
-   "យល់សេះ ថាជាលា": ជាសម្តីបញ្ជាក់នូវទិដ្ឋិរបស់មនុស្សបច្ចុប្បន្ន ដែលមានភាពច្របូកច្របល់ វិលវល់ក្នុងចិត្តលែងស្គាល់ខុស-ត្រូវ, ល្អ- អាក្រក់, ស-ខ្មៅ អស់រលីងហើយ, លែងស្គាល់ម៉ែ-ឪ, លែងស្គាល់គ្រូ-បា-អាចារ្យ , ឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ ។ល។
-   " យល់គជា ថាកណ្តុ " មានន័យដូចពាក្យខាងលើ, គឺថាមនុស្សឥលូវ មានការយល់ច្រឡំធំណាស់, មើលឃើញដំរី ហើយយល់ថា មិនមែនដំរីទេ, គឺជាសត្វកណ្តុរទៅវិញ។ យ៉ាងណាមិញ, ដូចជាគ្រាបច្ចុប្បន្ននេះ មនុស្សដែលគ្មានវិជ្ជា ឬ មានបន្តិចបន្តួច ច្រើនជាមនុស្សអួតអាង -លោតហក់ -វាយឫក ធ្វើហាក់ខ្លួនទើបនឹងប្រឡងចេញពីសាលាជាន់ខ្ពស់ណាមួយ តែតាមពិត គឺជាមនុស្ស "ប៉ោត" សុទ្ធសាធ។ មនុស្សធុននេះ អាចទាក់ទាញអ្នកឯទៀត ឲ្យយល់ច្រឡំថាជា "អ្នកចេះ" រួចត្រូវគេលើក តម្កើង ដោយជឿទៅលើភាពក្អេងក្អាងនោះ។
ចំណែកអ្នកចេះដឹងពិតប្រាកដ ច្រើនជាមនុស្សសុភាពរាបសា មិនចេះអួតអាង, មិនចេះព្រោកប្រាជ្ញបែកពពុះមាត់ គ្មានខ្លឹមសារអ្វីសោះនោះទេ។ អាកប្បកិរិយានេះ នាំមនុស្សភាគច្រើន យល់ច្រឡំថាជាមនុស្ស "គ្មានដឹងអ្វីសោះ" រួចហើយ គេទុកមនុស្សនេះ ដែលជាមនុស្ស "គជា" ពិតៗ ថាជាកណ្តុរទៅវិញ! ។







សុភាសិតទី២១
គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម

និយមន័យៈ ត្រូវស្គាល់កាលគួរ និងកាលមិនគួរ ។

អត្ថាធិប្បាយ

តាមទម្លាប់នៅក្នុងសហគមន៍ខ្មែរ កាលណាមានប្រារព្ធធ្វើពិធីអ្វីមួយ ដូចជា ជប់លៀង រាត្រីសមោសរ អាពាហ៍ពិពាហ៍ ឬ បុណ្យទានផ្សេងៗ ។ ម្ចាស់កម្មវិធីតែងអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួមជាកិត្តិយស រៀរលែងតែបុណ្យសពមួយចេញ ។ ចំណែកអ្នកដែលគេមិនបានអញ្ជើញ ដោយហេតុគេភ្លេច ឬរកមិនជួប ឬក៏នៅឆ្ងាយ គេមិនគួរទៅទេ ទោះជាបងប្អូនបង្កើតក៏ដោយ ។
នៅក្នុងវង់សន្ទនា តែមានអ្នកតាំងសំណួរ និងតម្រូវឲ្យមានអ្នកឆ្លើយ ។ ក្នុងករណីនេះ អ្នកដែលគេមិនសួរ មិនគួរគប្បីឆ្លើយទេ ។ ព្រោះអ្នកសួរគេចុចចំអ្នកណាឲ្យឆ្លើយ គឺគេចង់បានគំនិតយោបល់ពីអ្នកនោះ ។ ឯអ្នកក្រៅពីនោះ បើខំប្រឹងឆ្លើយគេអាចបដិសេធចម្លើយនោះនាំឲ្យខ្មាសគេ ។

ដោយឈូកខ្មែរ






សុភាសិតទី២២
គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ

និយមន័យៈ ទង្វើមិនចេះប្រមាណ និងទង្វើប្រចាំគ្នា ។

អត្ថាធិប្បាយ

អត្ថានុរូប

គ្នាច្រើនក្នុងពេលនេះ លោកសំដៅយកចំនួនប្រមាណ៤ ៥នាក់ប៉ុណ្ណោះ ។ អន្សមមួយឆ្នាំង អ្នកស្ងោរ៤ ៥នាក់ ម្នាក់ដាក់អុសម្ដង ម្នាក់ទៀតថែមអុសម្ដង ដោយឥតចេះប្រមាណគ្នា រួចដុតភ្លើងស្ងោរគ្រប់តែគ្នាទៅ អន្សមក៏ខ្លោចអស់ ទទួលទានមិនកើត ។
ឯគ្នាដូចស្រមោច គឺគ្នាច្រើនពេក ។ កាលណាគ្នាច្រើនយ៉ាងនេះ រមែងតែងប្រចាំគ្នា ម្នាក់ប្រចាំម្នាក់ ម្នាក់ប្រចាំម្នាក់ ភ្លើងក៏រលត់អស់ទៅ ។ អន្សមក៏ឆៅ ទទួលទានមិនកើតដូចគ្នា ។

អត្ថប្បដិរូប

នៅក្នុងករណីពិភាក្សាគ្នាពីបញ្ហាអ្វីមួយ បើមានគ្នា៤ ៥នាក់ ពុំងាយមូលមតិគ្នាទេ ។ ម្នាក់យល់ថាយ៉ាងនេះ ម្នាក់ទៀតយល់ថាយ៉ាងនោះ យោបល់ចេះតែខ្វែងគ្នារហូត ។ ម្នាក់ៗចេះតែយល់ថាយោបល់ខ្លួនត្រូវជាង ប្រសើរជាង ល្អជាង ។ ម្ល៉ោះហើយគេមិនព្រមសម្របសម្រួលគ្នាទេ ។ ដូច្នេះ កិច្ចការក៏មិនបានលេចចេញជាផ្លែផ្កាអ្វីឲ្យប្រាកដឡើយ ។
ម្យ៉ាងទៀត បើមានគ្នាច្រើនដូចស្រមោច ការងាររឹតតែរយីករយាកខ្លាំងណាស់ទៅទៀត ។ ព្រោះម្នាក់មើលបំណាំម្នាក់ ម្នាក់ទៀតមើលបំណាំម្នាក់ទៀត ។ មើលចុះ មើលឡើង កិច្ចការត្រូវទុកចោលកណ្ដាលផ្លូវ ។ ដូច្នេះ កិច្ចការក៏មិនបានលេចចេញជាផ្លែផ្កាអ្វីប្រាកដឡើយ ។ ករណីមិនចេះប្រមាណក្នុងការងារ ប្រចាំគ្នា និងមើលបំណាំគ្នា គេគ្មានបានទទួលលទ្ធផលអ្វីដូចគ្នា ។

ដោយឈូកខ្មែរ









សុភាសិតទី២៣
 គេខុសកុំអាលអរ គេសាទរកុំអាលអួត

និយមន័យៈ ត្រូវតាំងចិត្តជាឧបេក្ខា មិនញោចអារម្មណ៍ចុះឡើង ។

អត្ថាធិប្បាយ

ក្នុងន័យនេះ លោកឲ្យមនុស្សប្រកាន់ចិត្តជាឧបេក្ខា គឺស្ថិតនៅជាកណ្ដាល ស្មើៗ អារម្មណ៍នឹងធឹង មិនលោតចុះលោតឡើង ។ ដូចជា ៖
បើឃើញគេដល់នូវក្ដីអន្តរាយដោយប្រការណានីមួយ ឬធ្វើអ្វីដែលជាកំហុស ទោះជាគូសត្រូវក៏ដោយ លោកប្រាប់ថា កុំសាធុ កុំទះដៃ កុំផ្ដន្ទាថែម កុំអាលអរនឹងកំហុសរបស់គេ ។ ព្រោះកំហុសតែងរេចុះរេឡើង គ្មានអ្នកណាជៀសរួចទេ គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ ។
បើមានគេសាទរ គឺគេអបអរពោលសរសើរគុណសម្បត្តិឯង លោកប្រាប់ថា កុំឲ្យឡើងជោរ ឡើងអំនួតក្អេងក្អាងថា ឯងគ្រាន់បើឲ្យសោះ ព្រោះពាក្យសរសើរ និងពាក្យនិន្ទានៅជិតគ្នាណាស់ ។ ម្ដងគេថាល្អ ម្ដងគេថាអាក្រក់ ។ ព្រោះលោកធម៌ដែលព្រះបរមគ្រូបានត្រាស់សម្ដែងមកថា វាជាគូៗគ្នា ដូចជា សុខគូនិងទុក្ខ ល្អគូនិងអាក្រក់ មានយសគូនិងឥតយស ។ល។
ហេតុនេះហើយបានជាលោកប្រាប់ថា បើឃើញគេខុសកុំអាលអរ ប្រយ័ត្នឯងខុសវិញម្ដង ។ បើគេសរសើរកុំអាលជោរ ប្រយ័ត្នគេជេរវិញម្ដង ។


ដោយឈូកខ្មែរ











សុភាសិតទី២៤
គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ

និយមន័យៈ អ្នកមានចំណុចខ្សោយ តែងរសើបនឹងសម្ដីគេ ។

អត្ថាធិប្បាយ

អត្ថានុរូប

គោដែលមានដំបៅលើខ្នង កាលណាឃើញក្អែកហើររំលងពីលើ តែងលើកកន្ទុយគ្រវាសចុះឡើងពីលើខ្នង ដើម្បីការពារខ្លួន ដោយខ្លាចក្អែកចុះចឹកដំបៅ ។ តែតាមពិត ក្អែកឥតដឹងអ្វីពីគោទេ គឺវាហើរតាមធម្មតារបស់វា ។

អត្ថប្បដិរូប

មនុស្សមានចំណុចខ្សោយ ដូចជា ធ្លាប់ប្រព្រឹត្តអំពើអាក្រក់ មានលួច ប្លន់គេជាដើម ។ កាលណាឮគេនិយាយពីចោរកម្មកើតនៅទីណា មនុស្សនោះតែងតែផ្អើលៗ រសើបគូទនៅពុំសុខទេ ។ ព្រោះអារម្មណ៍គេចេះតែនឹកបារម្ភខ្លាចគេនិយាយដៀមដាមឲ្យខ្លួន ជួនកាលដោយរអៀសខ្លួនខ្លាំងពេក ក៏ក្រោកដើរចេញបាត់ទៅ ។ ជួនគេមិនអាចដើរចេញបាន ក៏ខំនឹករកមធ្យោបាយផ្សេងៗដើម្បីនិយាយការពារខ្លួន ។ តែតាមពិតអ្នកនិយាយគឺនិយាយដោយត្រង់ទេ ។



 ដោយឈូកខ្មែរ










សុភាសិតទី២៥
គោលឿនសឹកក ស្រីល្អសឹកគូទ

និយមន័យៈ អ្វីដែលគេត្រូវការញឹកញាប់ តែតែសឹករេចរឹល ។

អត្ថាធិប្បាយ

គោលឿនសឹកក

កាលណាគេឃើញកគោណាសឹកក្រិន គេដឹងថា គោនោះលឿន ដោយសារគេទឹមវាញឹកញាប់ ទើបកវាឡើងក្រិនអស់ ។

ស្រីល្អសឹកគូទ

ការពិតហើយ ស្រីណាដែលមានរូបសម្ផស្សឆោមលោមពណ៌ល្អស្អាត គឺជាប្រាថ្នារបស់ផងទាំងឡាយ ។ ជាពិសេសចំពោះបុរសអភិជន ។
ដោយសាររូបសម្ផស្សស្រស់ស្អាតក៏ជាគ្រោះថ្នាក់មួយដែរ ។ ព្រោះអ្នកដែលមានលទ្ធភាព គេហ៊ានចំណាយធនធានដើម្បីរូបនាង ។ កាលបើចៀសមិនផុត នាងក៏ធ្លាក់ក្នុងអន្ទាក់ប្រាក់ ។ រួចពីអន្ទាក់មួយចូលទៅអន្ទាក់មួយទៀតជាបន្តបន្ទាប់គ្នា ។
អ្វីក៏ដោយ កាលណាគេត្រូវការប្រើប្រាស់ច្រើន រមែងតែងតែសឹករេចរឹល ត្រង់នេះត្រង់នោះជាមិនខាន ។ នេះជាបំណងរបស់ន័យដើមសុភាសិត ។ ឥឡូវនេះ ដើម្បីកុំឲ្យអាក្រក់ស្ដាប់ពេក គេប្រែសេចក្ដីថា «សឹកគូទសំពត់» ទៅវិញ ។





ដោយឈូកខ្មែរ











សុភាសិតទី២៦
គោមួយក៏យប់ គោដប់ក៏យប់

និយមន័យៈ ការរកភាពរីកចម្រើនក្នុងពេលតែមួយ ។

អត្ថាធិប្បាយ

អត្ថានុរូប

អ្នកគង្វាលម្នាក់ឃ្វាលគោ១ក្បាលតាំងពីព្រឹកដល់ល្ងាច ។ ប្រសិនបើគេឃ្វាលគោ១០ក្បាល ក៏តាំងពីព្រឹកដល់ល្ងាចដូចគ្នា ។ ដូច្នេះគេគួរតែឃ្វាលគោ១០ក្បាលតែម្ដងទៅវាបានចំណេញច្រើនជាង ព្រោះគោ១ក៏យប់ គោ១០ក៏យប់ដែរ ។

អត្ថប្បដិរូប

មុខរបររកស៊ី បើគេលក់របស់១មុខបានក្នុងមួយថ្ងៃ គេគួរតែលក់ឲ្យបាន១០មុខ ព្រោះបានផលចំណេញច្រើនជាងមួយមុខ ដោយប្រើពេលតែមួយថ្ងៃដូចគ្នា ។ ឧទាហរណ៍ ៖
1.    អ្នកលក់ផ្លែឈើម្នាក់ អង្គុយលក់ផ្លែក្រូចមួយកញ្ជើតាំងពីព្រឹកដល់ល្ងាច ។ ដូច្នេះ គេគួរលក់ផ្លែទៀប ល្មុត ល្ហុង ។ល។ ឲ្យបាន១០មុខទៀត ។
2.    អ្នកលក់គ្រឿងទេសម្នាក់ លក់ឥវ៉ាន់ច្រើនមុខ ។ គេចំណេញមួយមុខបន្តិចមែន តែច្រើនមុខទៅគេបានចំណេញច្រើន ។

ដោយឈូកខ្មែរ







 សុភាសិតទី២៧
គ្មានទីណាប្រសើរជាងផ្ទះយើងទេ

និយមន័យៈ អ្វីដែលជាកម្មសិទ្ធរបស់យើងប្រសើរជាងរបស់គេ ។

អត្ថាធិប្បាយ

ប្រាសាទ វិមាន ភូមិគ្រឹះ ដ៏ស្កឹមស្កៃ ជាកម្មសិទ្ធរបស់គេក៏នៅតែចាញ់ខ្ទមកំព្រួករបស់យើងដែរ ។ ព្រោះវិមានអស់ទាំងនោះ យើងមិនអាចទៅស្នាក់នៅ ឬទៅជ្រកភ្លៀងម្ដងម្កាលបានទេ ។
ម្យ៉ាងទៀត បើមានបងប្អូនជាគហបតី ហៅយើងឲ្យទៅនៅលេងបួនដប់ថ្ងៃ ។ គេផ្គត់ផ្គង់បាយទឹកគ្មានឲ្យខ្វះអ្វី ។ យើងមិនអាចនៅឲ្យគ្រប់ដប់ថ្ងៃបានដែរ ។ ផ្ទះគេស្អាតឥតខ្ចោះ ប៉ុន្តែបើយើងនៅយូរ យើងរឹតតែធុញថប់ក្នុងអារម្មណ៍ខ្លាំងជានិច្ចដែរ ។ ព្រោះផ្ទះគេមិនមែនជាផ្ទះរបស់យើងទេ ។ ផ្ទះគេស្អាតពេក ឥវ៉ាន់ប្រើប្រាស់ទំនើបទាន់សម័យ តែយើងមិនហ៊ានកាន់ ឬប៉ះពាល់ឲ្យពេញដៃជើងឡើយ ។
ដូច្នេះ ទីកន្លែងណាឲ្យតែរបស់គេ ទោះបីជាល្អប្រណីតយ៉ាងណាក៏ដោយ ក៏នៅតែមិនប្រសើរជាងខ្ទមកំព្រួករបស់យើងដែរ ។ ព្រោះខ្ទមរបស់យើង ទោះយើងចង់ដេក ដើរ ឈរ អង្គុយ គ្រប់ឥរិយាបថ ក៏គ្មានខ្លាចក្រែងចិត្តអ្នកណា គឺមានសេរីភាពពេញបរិបូណ៌ ។ ត្រង់ការមានសេរីភាពពេញលេញ និងគ្មានខ្លាចអ្នកណា ហ្នឹងហើយជាសុភមង្គលរបស់យើង ដែលលោកហៅថា «គ្មានទីណាប្រសើរជាងផ្ទះយើងទេ» ។
 ដោយឈូកខ្មែរ









សុភាសិតទី២៨
គ្រូទាយ ម្ដាយថា

និយមន័យៈ ទំនាយគ្រូ និងតំហារបស់អ្នកម្ដាយមានភាពប្រាកដនិយម ។

អត្ថាធិប្បាយ

គ្រូទាយ

គ្រូ នៅទីនេះ លោកសំដៅយកគ្រូបង្រៀនអក្សរ លេខ នព្វន្ត ។ មិនមែនគ្រូទស្សន៍ទាយជោគជតារាសីទេ ។
គ្រូបង្រៀនតែងស្គាល់ច្បាស់នូវអត្តចរិតសិស្ស តាមរយៈសកម្មភាពសិក្សារបស់សិស្សគ្រប់ៗគ្នា ។ ព្រោះការបង្រៀនរបស់គ្រូ ប្រកបដោយនិយាមគរុកោសល្យ បូកផ្សំនឹងចិត្តសាស្ត្រផងនោះ ធ្វើឲ្យគ្រូឆាប់ចាប់បាននូវនិស្ស័យរបស់សិស្សដោយច្បាស់ប្រាកដណាស់ ។
អាស្រ័យហេតុនេះ គ្រូអាចមើលឃើញនូវវាសនាកម្ម អនាគតរបស់សិស្សម្នាក់ៗថា ជាយ៉ាងណាបានតាមរយៈអត្តចរិត និងសកម្មភាពសិក្សា ។ ដូចនេះគ្រូអាចទាយថា សិស្សនេះទៅថ្ងៃមុខនឹងក្លាយទៅជាអ្នកប្រាជ្ញ ឬកវី បណ្ឌិត ឬក៏មុជមិនជ្រៅទៅមិនឆ្ងាយ បានយ៉ាងច្បាស់លាស់ល្អណាស់ ។ ដូច្នេះ កូនសិស្សណាដែលគ្រូទាយថា យ៉ាងម៉េចហើយ ពុំសូវឃើញខុសទេ ។

ម្ដាយថា

ព្រះពុទ្ធដីកាត្រាស់ថា ម្ដាយ ជាមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន និងជាបុព្វាចារ្យគឺគ្រូដើម ឬគ្រូទី១ របស់កូនប្រុសស្រីគ្រប់គ្នា ។
ក្នុងសង្គមខ្មែរ ម្ដាយមាននាទីបីបាច់ថ្នាក់ថ្នមថែរក្សាកូន ចាប់តាំងពីកូនកើតមក មានការបញ្ចុកចំណីអាហារ ស្លៀកពាក់ ផ្ងូតទឹកជាដើម ។ល។ រហូតដល់កូនដឹងក្ដី ចេះស៊ីចុក ស្លៀកពាក់ ងូតទឹកខ្លួនឯង ។ ម្ល៉ោះហើយ អ្នកម្ដាយតែងបានកត់សម្គាល់នូវនិស្ស័យអត្តចរិតរបស់កូនម្នាក់ៗបានយ៉ាងច្បាស់ ដូចជាគ្រូបង្រៀនដូច្នោះដែរ ។
ដូច្នេះ កូនប្រុសស្រីណាដែលអ្នកម្ដាយថា ទៅថ្ងៃក្រោយ កូនណាមានកំណើត ឬអត់កំណើតក៏ពុំសូវឃើញខុសដែរ ។

ដោយឈូកខ្មែរ










សុភាសិតទី២៩
គ្រូកាច សិស្សខូច

និយមន័យៈ កំណាចខុសបែបបទនាំឲ្យសិស្សខូច ។

អត្ថាធិប្បាយ

កាលពីសម័យមុនយូរបន្តិចហើយ គ្រូបង្រៀនមិនថា ព្រះសង្ឃ ឬគ្រហស្ថទេ តែងកាចៗខ្លាំងសម្បើម ។ ក្នុងជំនាន់នោះ សិស្សខ្លាចគ្រូជាងឪពុកម្ដាយទៅទៀត ។ ឪពុកម្ដាយខ្លះយកកូនទៅផ្ញើនឹងព្រះសង្ឃ ឬលោកគ្រូឲ្យនៅរៀនតែងនិយាយថា «សូមផ្ញើកូនឲ្យរៀនសូត្រផង ដោយសុំតែភ្នែក និងឆ្អឹងទេ» ក្នុងន័យនេះគឺសុំឲ្យវាយយ៉ាងណាកុំឲ្យខ្វាក់ភ្នែក និងបាក់ឆ្អឹង ។ ម៉្លោះហើយ គ្រូវាយសំពងតាមចិត្ត ។ សិស្សខ្លះមិនហ៊ានទាំងមើលមុខគ្រូចំផង ។ សិស្សណាមានប្រាជ្ញា រៀនឆាប់ចេះឆាប់យល់ពុំសូវត្រូវរំពាត់ទេ ។ សិស្សណាអាប់ប្រាជ្ញា រៀនខ្សោយ គ្រូវាយសំពងឥតប្រណី ។
ដោយកំណាច និងគ្រូខ្វះគរុកោសល្យផងនោះ សិស្សក៏បែកប្រាជ្ញាខូច ។ គេរកមធ្យោបាយភូតភរកុហកគ្រូថា ថ្ងៃនេះចុកពោះណាស់រៀនមិនកើតទេ ។ ខ្លះថាឪពុកម្ដាយឈឺ ។ ខ្លះខ្លាចគ្រូពេករត់ចោលសាលាតែម្ដង ។



 ដោយឈូកខ្មែរ










សុភាសិតទី៣០
គិតរួច សឹមគូរ

និយមន័យៈ មុនធ្វើអ្វីមួយ តោងធ្វើគំរោងសិន ។

អត្ថាធិប្បាយ

កិច្ចការអ្វីក៏ដោយមុននឹងចាប់ធ្វើ គេតោងពិចារណាជាមុន ថាតើត្រូវធ្វើអ្វី ? ធ្វើយ៉ាងម៉េច ? ធ្វើបានឬទេ ? ធ្វើកើតឬទេ ? មានសម្ភារៈគ្រប់គ្រាន់ហើយឬនៅ ? …
បើគេធ្វើគម្រោងនោះមិនចេញ កិច្ចការនោះក៏មិនចេញជារូបរាងដែរ ។ កាលណាគេគិតពិចារណាឃើញថា សមស្របហើយ ទើបគេធ្វើគម្រោង (ប្លង់) រួច ទើបគេចាប់ធ្វើកិច្ចការនោះ ។ បើគេធ្វើអ្វីដោយឥតបានគិតគូរជាមុន ក៏មិនខុសពីមនុស្សម្នាក់ដែលចេះតែដើរទៅមុខដោយឥតមានគោលដៅថា ត្រូវទៅណាទិសណាដូច្នោះដែរ ។
ហេតុនេះហើយ បានជាលោកប្រើពាក្យ «គិតគូរ» គឺគិតរួចទើបគូរនៅជាប់គ្នាជារហូតមក ។

ដោយឈូកខ្មែរ









សុភាសិតទី៣១
គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់

និយមន័យៈ អំពើអាក្រក់មានឥទ្ធិពលខ្លាំងជាងអំពើល្អ ។

អត្ថាធិប្បាយ

បុគ្គលម្នាក់ៗខំប្រឹងសន្សំប្រាក់បន្តិចម្ដងៗ គេត្រូវប្រើពេលយ៉ាងយូរណាស់ទម្រាំសាងសង់ជាផ្ទះមួយខ្នងបាន ។ ប៉ុន្តែបើមានអគ្គីភ័យឆាបឆេះ ផ្ទះនោះក៏អន្តរាយរលាយសូន្យក្នុងរយៈពេលយ៉ាងខ្លីបំផុត ។
ដូច្នេះ ការសាងសង់ ឬសន្សំនូវអំពីល្អ គេត្រូវប្រើពេលយូរដូចគ្នា ។ ប៉ុន្តែ គុណសម្បត្តិយ៉ាងធំនេះ បើមានគុណវិបត្តិមួយជ្រៀតចូលទៅ វានឹងធ្វើឲ្យរលាយគុណសម្បត្តិនោះអស់រលីងក្នុងរយៈពេលយ៉ាងខ្លីបំផុតដែរ ។ ប្រៀបដូចតំណក់ទឹកពណ៌ខ្មៅមួយតំណក់សម្រក់ចូលក្នុងទឹកថ្លាកន្លះកែវ ទឹកថ្លានោះក៏ស្រអាប់ភ្លាម ។ ករណីនេះបញ្ជាក់ឲ្យឃើញថា អំពើល្អទោះបីជាមានច្រើនដល់ម្ល៉ា ក៏ចាញ់អំពើអាក្រក់ដែលមានតែបន្តិចបន្តួចដែរ ។


ដោយឈូកខ្មែរ










សុភាសិតទី៣២
គ្រោះជូជក

និយមន័យៈ គ្រោះអាសន្នដែលគេចមិនរួច ។

អត្ថាធិប្បាយ

ជូជក ជាឈ្មោះស្មូមយាចកម្នាក់នៅក្នុងគម្ពីរព្រះមហាវេស្សន្ដរជាតក (កណ្ឌជូជក) ។ តាជូជកនេះមានរូបកាយអាក្រក់ មើលឃើញគួរឲ្យខ្លាច និងខ្ពើម ។
មួយថ្ងៃទៅមួយថ្ងៃ គាត់ដើរត្រាច់រង្គាត់គ្រប់ច្រកល្ហក និងគ្រប់ភូមិស្ថានដើម្បីសុំទានគេ ។ គាត់សុំពុំរើសថាជាអ្វីទេ ។ គាត់សុំតាំងពីជី ស្លឹកគ្រៃ អំបិល ប្រហុក មាស ប្រាក់ រហូតដល់សុំចៅជាលី ក្រឹស្នា ដែលជាព្រះរាជបុត្រាបុត្រីរបស់ព្រះមហាវេស្សន្ដរទៀតផង ។
ប៉ុន្តែ ពេលជិតទៅដល់អាស្រមសាលាក៏ជួបនឹងចេតបុត្រ ជាអង្គរក្សដែលព្រះបាទស្រីសញ្ជ័យចាត់ឲ្យមកការពារព្រះវេស្សន្ដរ ។ ចេតបុត្រឃើញតាជូជកក៏បង្អៅឆ្កែឲ្យដេញខាំ ។ តាជូជកភ័យពេកក៏ប្រវាឡើងដើមឈើ ។ ពេលគាត់ឡើងទៅដល់មែកខាងលើអាចផុតពីគ្រោះថ្នាក់ឆ្កែខាំហើយ តែគាត់ជួបនឹងសម្បុកឃ្មុំមួយយ៉ាងធំ ។ គាត់ក៏ប្រវាតោងទៅមែកម្ខាងទៀត តែមែកនោះងាប់ ។ គាត់មើលមកក្រោមឃើញចេតបុត្រកំពុងយឺតធ្នូបាញ់ ។
គ្រោះអាសន្នបែបនេះលោកហៅថា «គ្រោះជូជក» ព្រោះមិនដឹងជាត្រូវដោះស្រាយយ៉ាងណា ។

ដោយឈូកខ្មែរ









សុភាសិតទី៣៣
គាស់ក្រោលទាំងថ្ងៃត្រង់

និយមន័យៈ ល្មួចដោយក្លាហានបំផុត ។

អត្ថាធិប្បាយ

ធម្មតាចោរចូលលួចគោតែងចូលលួចពេលយប់ស្ងាត់ ។ វាលួចគាស់ក្រោលបន្តិចម្ដងៗដើម្បីដឹកគោចេញ ។ ចោរពួកនេះនៅមានចិត្តភិតភ័យខ្លាចម្ចាស់គេដឹង ។ សកម្មភាពបែបហ្នឹងបញ្ជាក់ឲ្យដឹងថា វាមានអារម្មណ៍ភ័យខ្លាចម្ចាស់គេទាន់ដែរ ។
ប៉ុន្តែក្នុងន័យខាងលើ លោកចង់និយាយប្រៀបធៀបទៅនឹងជនល្មើសដែលធ្វើអ្វីដោយក្លាហានខ្លាំងគ្មានកោតញញើតអ្នកណាទាំងអស់ ។ ដូចជា នៅក្នុងអង្គភាពមួយ មានអ្នកគ្រប់គ្រងឃ្លាំងសម្ភារៈម្នាក់ហ៊ានយកសម្បត្តិរួមទៅផ្ទះ ធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយគ្មានខ្លាចសហការីណាឃើញ ឬក៏ចៅហ្វាយនាយណាដឹងឡើយ ។ គឺគេយកដោយគ្មានលាក់លៀមអ្វីបន្តិចសោះ ។
មនុស្សដែលហ៊ានយកដោយក្លាហានបែបនេះហើយដែលលោកពោលថា គាស់ក្រោលកណ្ដាលថ្ងៃត្រង់ភ្លឺចែសតែម្ដង ដោយមិនចាំបាច់យប់ស្ងាត់អ្វីឡើយ ។
 ដោយឈូកខ្មែរ








សុភាសិតទី៣៤
គោះទឹកបង្អើលត្រី

និយមន័យៈ ធ្វើចលនាឲ្យផ្អើលដើម្បីងាយចាប់ ។

អត្ថាធិប្បាយ

អត្ថានុរូប

នៅក្នុងត្រពាំងដែលមានត្រីច្រើន ត្រីតែងពួនសម្ងំក្នុងគុម្ពស្មៅខ្លះ គុម្ពឈើខ្លះ ជួនក៏បង្កប់ខ្លួននៅបាតត្រពាំង ។ ដូចនេះ បើមានអ្នករកចាប់ត្រី គេតែងយកដំបងវាយទឹកផូងផាំង ដើម្បីឲ្យត្រីផ្អើលចេញពីទីពួន ។ ពេលនោះ ត្រីភ័យផ្អើលឆ្លេឆ្លាស្ទុះហែលឆ្វែលឆ្វាត់ប្រសេចប្រសាច ។ អ្នករកត្រីក៏ចាប់ដាក់ទ្រុងយ៉ាងស្រួល ។

អត្ថប្បដិរូប

នៅក្នុងកិច្ចការរដ្ឋបាល សមត្ថកិច្ចតែប្រើល្បិចកិច្ចកលច្រើនយ៉ាងដើម្បីចាប់ជនល្មើស ។ ជួនកាល គឹប្រើវិធីស្ងៀមស្ងាត់ ។ ជួនកាល គេធ្វើចលនាឲ្យកម្រើករំពើកឡើងដើម្បីចាប់ក៏មាន ។ ដូចជា សមត្ថកិច្ចស្វែងរកចាប់ឃាតកដែលកំពុងលាក់ខ្លួន ។ គេឃោសនាតាមកាសែត វិទ្យុ ប្រកូកប្រកាសឆោឡោឡើងថា បើអ្នកឯណាសមគំនិតជួយលាក់បំពួនឃាតកដែលសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួននឹងត្រូវមានទោសគុក ១៥ឆ្នាំ ។ ចំណែកអ្នកឯណាដែលមកផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដែលនាំឲ្យឈានទៅរកការចាប់ខ្លួនឃាតកបាន រដ្ឋនឹងឲ្យរង្វាន់ ៥លានរៀល ។
កាលបើរដ្ឋប្រកូកប្រកាសបែបនេះហើយ ឃាតកនៅពុំសុខមួយកន្លែងទេ ។ វាច្បាស់ជាផ្លាស់ប្ដូរទីកន្លែងចុះឡើងដែលអាចឲ្យសមត្ថកិច្ចធ្វើការកត់សម្គាល់ និងតាមចាប់ខ្លួនបានយ៉ាងងាយ ។ ប៉ុន្តែបើវានៅសម្ងំពួនស្ងៀមមួយកន្លែង សមត្ថកិច្ចក៏ពិបាកស្វែងរកចាប់ខ្លួនវាដែរ ។ ដូច្នេះសមត្ថកិច្ចត្រូវតែគោះទឹកបង្អើលត្រីបែបនេះឯង ។

ដោយឈូកខ្មែរ










សុភាសិតទី៣៥
គូព្រេងមិនព្រាត់

និយមន័យៈ ការលើកទឹកចិត្តគូស្នេហ៍ឲ្យមានក្ដីសង្ឃឹម ។

អត្ថាធិប្បាយ

ពាក្យនេះគ្រាន់តែជាពាក្យពោលលើកទឹកចិត្តដល់គូស្នេហ៍កុំឲ្យអស់សង្ឃឹម ។ ជួនកាលគេពោលលើកទឹកចិត្តអ្នកដទៃ ។ ដូចជា «នែសម្លាញ់អើយ កុំកើតទុក្ខខ្លាំងពេក ប្រសិនណាបើគេជាគូព្រេងនឹងឯង គង់តែជួបគ្នាទេ ចង់អ្នកណាមកខាឃាំងពង្រាត់បង្រាសយ៉ាងម៉េចក៏គង់តែជួបគ្នាវិញជាមិនខាន ។ ប៉ុន្តែបើជាគូកម្មវិញ ទោះជាឯងខំប្រឹងយ៉ាងណាក៏មិនជួបគ្នាដែរ» ។



ដោយឈូកខ្មែរ











សុភាសិតទី៣៦
ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង

និយមន័យៈ ការពោលសរសើរគុណពោធិសម្ភាររបស់ព្រះសម្មាសម្ពុទ្ធ ។

អត្ថាធិប្បាយ

ព្រះពុទ្ធអង្គបរមគ្រូ ទ្រង់ប្រកបដោយអតិរេកគុណបារមីមហាប្រសើរយ៉ាងក្រៃលែងលើត្រ័យភពគឺ ភពមនុស្ស ភពទេព្ដា ភពឥន្ទ្រព្រហ្ម ។

ខែរះឆ្លងផ្លូវ

បុរាណាចារ្យបានពោលសរសើរនូវគុណថ្ងៃមហានក្ខត្តឫក្សទាំងបីលក្ខណៈគឺ ថ្ងៃពេញបូរមី ១៥កើត ខែពិសាខ ព្រោះ ៖
1.     កាលព្រះអង្គប្រសូតក៏នៅថ្ងៃហ្នឹង
2.     កាលទ្រង់ត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណក៏នៅថ្ងៃហ្នឹង
3.     កាលទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានក៏នៅថ្ងៃហ្នឹង
ហេតុនេះហើយបានជាពុទ្ធបរិស័ទខ្មែរ នាំគ្នាប្រារព្ធធ្វើបុណ្យ «ពិសាខបូជា» នៅថ្ងៃពេញបូរមី ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំមិនដែលខាន ។
ម្យ៉ាងទៀត ខែរះឆ្លងផ្លូវ លោកបានឲ្យន័យមួយបែបទៀតថា ខែពេញវង់ឆ្លងពីផ្លូវមួយទៅផ្លូវមួយទៀតគ្រប់ផ្លូវទាំងបី ឬថាថ្ងៃ១៥កើត ខែពេញបូរមី ជាថ្ងៃចប់ផ្នែកខាងខ្នើតឆ្លងចូលថ្ងៃ១រោច ខែងងឹតជាថ្ងៃដើមផ្នែកខាងរនោច ។

កូនកើតមុនឪ

កាលព្រះអង្គទ្រង់សម្រេចនូវព្រះអរហត្តផល គឺបានសម្រេចមុនព្រះវរបិតា ។ លុះព្រះអង្គបានសម្រេចនូវព្រះអរហត្តផលហើយ ទើបទ្រង់យាងទៅប្រោសព្រះវរបិតាឲ្យបានសម្រេចនូវព្រះអរហត្តផលជាខាងក្រោយ ។ លោកប្រៀបថា «កូនកើតមុនឪ» ។

ពតាដើរលេង

ព្រះពុទ្ធអង្គមានផៅពង្សចេញពី «សាក្យៈត្រកូល» សាក្យៈគឺជាគោត្តនាមដែលមានខ្សែស្រលាយជាច្រើនតំណយូរមកហើយដែលលោកប្រៀបប្រដូចទៅនឹង «ជីតា» ។ ក្រោយពេលព្រះអង្គទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណរួចហើយ ព្រះអង្គទ្រង់ស្ដេចយាងទៅគ្រប់ទិសទីដើម្បីសម្ដែងធម៌ប្រោសមហាជន ។
កាលណោះមហាជនក៏បានស្គាល់ព្រះអង្គ និងបានថ្វាយព្រះនាមព្រះអង្គថា «ព្រះសាក្យមុនី» ដែលមានន័យថា «អ្នកប្រាជ្ញក្នុងត្រកូលសាក្យៈ» ។ លោកប្រៀបថា «ពតាដើរលេង» ។

ដោយឈូកខ្មែរ









សុភាសិតទី៣៧
ខឹងខុស ខឹងខូច ខឹងខាត

និយមន័យៈ ទោសនៃកំហឹងនាំឲ្យវិនាសអន្តរាយ ។

អត្ថាធិប្បាយ

ពាក្យថា «ខឹង» គឺជាអារម្មណ៍ស្ទុះឡើង ពុះកព្ជ្រោលឡើងដែលកើតឡើងពីកម្លាំងចិត្តរបស់មនុស្សបុថុជ្ជន ។ តាមព្រះពុទ្ធដីកាទ្រង់ត្រាស់ថា «លោភៈ» គឺសេចក្ដីលោភចង់បានជាឫសគល់នៃទោសៈ (កំហឹងក្រេវក្រោធ) កាលបើទោសៈកើតឡើងហើយ «មោហៈ» ការវង្វេងវង្វាន់ ក៏កើតឡើងតាមលំដាប់គ្នា ។ កាលបើ «មោហៈ» កើតឡើងហើយ អ្វីៗក៏ដល់នូវក្ដីវិនាសអន្តរាយគ្មានសល់ ។ ព្រោះថា «មោហៈ» គឺសេចក្ដីវង្វេងវង្វាន់នេះហើយដែលនាំឲ្យធ្វើអ្វីក៏ខុស ក៏ខូច ក៏ខាត គ្រប់បែបយ៉ាង ។

ខឹងខុស

បុថុជ្ជន កាលបើកំពុងខឹងខ្លាំង តែងពោលពាក្យអសុរោះ ប្រាសចាកសីលធម៌ ចាកច្បាប់ទម្លាប់ ចាកផ្លូវល្អ ផ្លូវត្រូវទាំងអស់ ។ ព្រោះអាម្មណ៍គេលែងធម្មតាអស់ហើយ ។

ខឹងខូច

ខឹងខូចក៏ដូចខឹងខុសដែរ ព្រោះតែកំហឹងនាំឲ្យវង្វេង ធ្វើអ្វីគិតគូរអ្វីក៏ចេះតែមិនត្រូវទំនងតាមបែបបទ តាមវិធានក្បួនខ្នាត គឺធ្វើតូងតាង មួរម៉ៅ វាយដំសំពងគ្មានប្រណីដៃ ។ បើគេធ្វើបានក៏ពុំស្អាតល្អដែរ ។

ខឹងខាត

ពេលខឹងខ្លាំងម្ដងៗ គេទប់អារម្មណ៍ឲ្យស្ងប់ពុំបាន ។ អ្នកខ្លះបោកចាន បោកឆ្នាំង ឬសម្ភារៈផ្សេងៗតាមតែប្រទះដៃ ។ អ្នកខ្លះទៀតឈានដល់ដុតផ្ទះសម្បែង ឆេះអន្តរាយគ្មានសេសសល់ ។

ដោយឈូកខ្មែរ






សុភាសិតទី៣៧
ខ្លួនទីពឹងខ្លួន

និយមន័យៈ ខ្លួនឯងជាទីពឹងរបស់ខ្លួនឯង ។

អត្ថាធិប្បាយ

ព្រះពុទ្ធបរមគ្រូជាម្ចាស់ទ្រង់ត្រាស់ថា «អត្តា ហិ អត្តនោ នាថោ» មានតែខ្លួនឯងទេដែលទីពឹងរបស់ខ្លួន ។ ព្រះពុទ្ធភាសិតនេះ បញ្ជាក់ឲ្យឃើញថា គ្រប់សកម្មភាព ទោះខាងផ្លូវកាយក្ដី ផ្លូវចិត្តក្ដី រមែងមានខ្លួនឯងជាប្រធានទាំងអស់ ។ ចំណែកអ្នកក្រៅពីខ្លួនគ្រាន់តែជាជំនួយរួមផ្សំសម្រាប់ខ្លួនធ្វើជាឧបករណ៍ប៉ុណ្ណោះ ។

ផ្នែកផ្លូវចិត្ត

ព្រះពុទ្ធអង្គទ្រង់ត្រាស់បញ្ជាក់ថា ការទៅចាប់កំណើតជាថ្មីទៀតក៏អាស្រ័យលើកុសលធម៌ដែលខ្លួនបានសាងនោះឯងជាទីពឹង ។ អ្នកដទៃក្រៅពីខ្លួនពុំអាចជាទីពឹងពំនាក់អាស្រ័យបានទេ ។ សមដូចពុទ្ធភាសិតពោលថា «កោ ហិ នាថោ បរោ សិយា» ។ ព្រោះថា ចិត្តជាកុសលក្ដី អកុសលក្ដី សម្រេចឡើងកើតឡើងពីខ្លួនឯងទាំងអស់ ។


ផ្នែកផ្លូវកាយ

បើខ្លួនពុំមានអត្តភាពជាខ្លួនទេ តើមានអ្វីជាទីពឹងរបស់ខ្លួន ។ ខ្លួនអាស្រ័យបាយខ្លួនឯង ខ្លួនក៏ត្រូវឆ្អែតខ្លួនឯង ដែលនឹងពឹងអ្នកដទៃឲ្យអាស្រ័យបាយជំនួសរួចឲ្យឆ្អែតខ្លួនឯង គឺពុំមានឡើយ ។
ឪពុកម្ដាយជាអ្នកឲ្យកំណើត និងជាអ្នកចិញ្ចឹមជីវិតឲ្យរស់ គ្រាន់តែជាឧបករណ៍សម្រាប់ទ្រទ្រង់ឲ្យមានអត្តភាពគង់នៅ ។ ដូចនេះ គ្រប់សកម្មភាព គឺខ្លួនឯងជាអ្នកធ្វើដើម្បីឲ្យជាទីពឹងដល់ខ្លួនឯង ។ បើខ្លួនឯងមិនធ្វើ ឈ្មោះថា ពំនឹងសម្រាប់ខ្លួនពុំមាន ។
សរុបសេចក្ដីមក ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃក្រៅពីខ្លួន គឺជាឧបករណ៍ ។

ដោយឈូកខ្មែរ








សុភាសិតទី៣៨
ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឱបភ្នំ

និយមន័យៈ មុនប្រាថ្នាធ្វើអ្វីមួយ តោងស្គាល់ពីសមត្ថភាពរបស់ខ្លួនឲ្យច្បាស់លាស់សិន ។

អត្ថាធិប្បាយ

ខ្លួនតូចកុំតោង

ខ្លួនតូច ក្នុងពេលនេះ លោកសំដៅយកឋានៈជីវភាពឋានន្តរស័ក្តិ ។ អ្នកទន់ខ្សោយបែបនេះ មិនគួរមានចិត្តលោភលន់ ចង់តោងចាប់យកនូវអ្វីដែលខ្ពស់ហួសពីឋានៈ ឬសមត្ថភាពខ្លួន ។ តួយ៉ាងដូចជា ៖
•    កម្មករតូចតាចម្នាក់ប្រាថ្នាចង់ធ្វើអគ្គនាយកក្រុមហ៊ុន
•    ជនអវិជ្ជាម្នាក់ប្រាថ្នាចង់ធ្វើប្រធានតុលាការ
•    ស្មូមយាចកម្នាក់ប្រាថ្នាចង់ក្លាយខ្លួនជាវិនិយោគិន ។
ដៃខ្លីកុំឈោងប្រវាឱបភ្នំ

ពំនោលនេះ ក៏មានន័យប្រហែលនឹងខ្លួនតូចកុំតោងដែរ ព្រោះពាក្យថា «តោង» និង «ឈោង» មានន័យដូចគ្នា ។ គ្រាន់តែលោកចង់បញ្ជាក់បន្ថែមឲ្យរឹតតែច្បាស់ឡើងទៀតប៉ុណ្ណោះ ។ ព្រោះមនុស្សដែលពុំស្គាល់សមត្ថភាពខ្លួន ច្រើនតែមានមហិច្ឆិតាលោភលន់ឥតព្រំដែន ។ ការដែលប្រាថ្នាលោភលន់ចង់បាន ឬចង់ធ្វើអ្វីមួយដែលហួសពីសមត្ថភាពខ្លួនខ្លាំងពេក សុទ្ធតែនាំមកនូវសេចក្ដីវិនាសអន្តរាយទាំងអស់ ។ ដូចជា ទុរគតជនម្នាក់ដេកប្រាថ្នាចង់បានកូនក្រមុំមហាសេដ្ឋីមកធ្វើជាប្រពន្ធ ឬដូចអនក្ខរជនម្នាក់ចង់ធ្វើអ្នកដឹកនាំប្រទេសជាតិ ។ ឧបមាថា បើគេបានធ្វើអ្នកដឹកនាំដោយប្រការណាមួយ ក៏ប្រទេសជាតិនោះគ្មានការរីកចម្រើនដែរ ។ ទីបំផុតក៏វិនាសខ្លួនឯងទៀត ។ ព្រះពុទ្ធភាសិតបានចែងថា «យម្បិច្ឆំ នលភតិ តម្បិ ទុក្ខំ ការប្រាថ្នាមិនបានសម្រេច នាំមកនូវសេចក្ដីទុក្ខ» ។

ដោយឈូកខ្មែរ











សុភាសិតទី៣៩
ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន

និយមន័យៈ កម្លាំងខាងក្រៅធ្វើការបានល្អ ដោយមានកម្លាំងបង្កប់ខាងក្នុង ។

អត្ថាធិប្បាយ

ខ្មោចស្រុក ខ្មោចព្រៃ ក្នុងពេលនេះ លោកនិយាយពីមនុស្សទុច្ចរិតដែលចង់វាយប្រហារគោលដៅណាមួយ ។ ពួកវាតែងមានអ្នករនុកក្នុងជាអ្នកឲ្យការណ៍ ទើបធ្វើការនោះបានសម្រេចល្អ ។
ឧទាហរណ៍ៈ មានចោរមួយក្រុមចង់ចូលលួច ឬប្លន់ផ្ទះមួយ ឬអង្គភាពមួយ ។ ពួកវាតែងមានរនុកក្នុងជាអ្នកផ្ដល់ព័ត៌មាន ។ រនុកក្នុងនេះ ជួនជាអ្នកបម្រើក្នុងផ្ទះ ឬក្នុងអង្គភាព ។ ជួនជាកូនក្មួយ ឬសាច់ញាតិ ឬក៏ជាបុគ្គលិកក្នុងអង្គភាព ។ កាលបើរនុកក្នុងផ្ដល់ព័ត៌មានបានល្អ ពួកវាក៏វាយលុកចូលយ៉ាងជោគជ័យ ។

ឯរឿងនយោបាយ អ្នកដឹកនាំដ៏ឆ្លាតវៃក៏អនុវត្តតាមរូបមន្តនេះដែរ ។ ដូចជា គេចង់ចូលវាយលុកបន្ទាយខ្មាំង គេត្រូវរករនុកក្នុងឲ្យបានទើបវាយលុកចំៗគោលដៅតែម្ដង ។

ដោយឈូកខ្មែរ











សុភាសិតទី៤០
ខុសម្ដង ឆ្គងមួយពេល

និយមន័យៈ ការលើកអភ័យដោយមនោសញ្ចេតនា ។

អត្ថាធិប្បាយ

នៅក្នុងអង្គភាពនីមួយៗតែងមានអ្នកប្រព្រឹត្តខុសឆ្គងដែលនាំឲ្យប្រធានអង្គភាពខឹងក្រេវក្រោធ រហូតដល់ចង់ដកហូតមុខងារ ឬដេញចោលទៀតផង ។ ពេលនោះ ចាស់ទុំក្នុងអង្គភាពជួយនិយាយសម្រុះសម្រួលបន្ធូរភាពក្រេវក្រោធថា ណ្ហើយ… គួរលើកអភ័យឲ្យគ្នាម្ដងទៅព្រោះកំហុសនេះកើតឡើងដោយអចេតនាទេ បើថ្ងៃក្រោយនៅតែប្រព្រឹត្តទៀត សឹមធ្វើទោសតាមដំណើរ ។ ម្យ៉ាងទៀត គ្នាទើបតែខុសម្ដងឆ្គងមួយពេលនេះទេ ។ សេចក្ដីអង្វរកប៉ុណ្ណេះ អាចធ្វើឲ្យប្រធានស្ងៀម និងរំសាយកំហឹងបានមួយកម្រិតដែរ ៕

ដោយឈូកខ្មែរ








សុភាសិតទី៤១
ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា

និយមន័យៈ កម្លាចមិនសមហេតុផល ។

អត្ថាធិប្បាយ

ខ្លា នៅពេលនេះ លោកពោលសំដៅទៅលើអ្នកមានអំណាចណាម្នាក់ ។ ឯអាចម៍ខ្លា លោកសំដៅទៅលើអ្នកដែលនៅអែបអង្គអ្នកមានអំណាចនោះ ។ បើកាលណាគេចង់ចូលទៅជួបប្រាស្រ័យទាក់ទងនឹងអ្នកធំនោះ គេត្រូវរិះរកមធ្យោបាយយ៉ាងណាដើម្បីចូលទៅជួបនឹងអ្នកធំនោះឲ្យបាន ។ មានអ្នកខ្លះគ្រាន់តែទៅដល់មាត់ទ្វារ ក៏ត្រូវអ្នកយាមទ្វារសម្លុតតែបន្តិច ក៏ខ្លាចលែងហ៊ានទៅរកអ្នកធំនោះតែម្ដង ។ ត្រង់នេះហើយដែលលោកពោលថា «ខ្លាមិនខ្លាចទៅខ្លាចអាចម៍ខ្លា» ។ តាមពិតទៅ អ្នកចាំទ្វារតែងតែកាចបន្តិច ហើយបើមិនកាចក៏គេមិនឲ្យចាំយាមមាត់ទ្វារដែរ ។ ប៉ុន្តែបើគេចេះមានទំនាក់ទំនងល្អវិញ គេនឹងចូលបានយ៉ាងស្រួល ។ មិនតែប៉ុណ្ណឹង អ្នកយាមទ្វារថែមទាំងជួយណែនាំអំពីរបៀបដែលត្រូវចូលទៅជួបទៀតផង ៕

ដោយឈូកខ្មែរ










សុភាសិតទី៤២
ខ្លាចឲ្យចូលជិត

និយមន័យៈ ការលើកទឹកចិត្តឲ្យក្លាហាន ។

អត្ថាធិប្បាយ

ជាប្រពៃណីទៅហើយនៅក្នុងសហគមន៍ខ្មែរយើង អ្នកធំគឺជាអ្នកមានអំណាច ។ ហើយអំណាចនោះត្រូវបានគេយកមកប្រើគ្របសង្កត់មកលើអ្នកតូចទាបទន់ខ្សោយ ។ ម្ល៉ោះហើយអ្នកតូចទាប ទោះបីចង់ ឬមិនចង់ក៏ត្រូវតែបាក់បបខ្លបខ្លាចគ្រប់គ្នា ។ ដូច្នេះបើមានករណីណាដែលចាំបាច់ត្រូវចូលទៅជួបអ្នកធំនោះ តោងពឹងគេឲ្យជូនចូលដើម្បីកុំឲ្យខ្លាចពេក ។

ហេតុនេះហើយបានជាបុរាណលោកពោលលើកទឹកចិត្តផង ជំរុញចិត្តឲ្យក្លាហានផង ។ ព្រោះបើបានចូលទៅជិតអ្នកធំម្ដងហើយ ថ្ងៃក្រោយលែងសូវខ្លាចញញើតញញើមទៀតហើយ ព្រោះបានអ្នកធំស្គាល់ ។ ប៉ុន្តែករណីនេះ និយាយបានតែចំពោះមនុស្សទេ ។ ចំពោះសត្វខ្លា ដំរី បើខ្លាចកុំចូលជិតឲ្យសោះ បើហ៊ានប្រថុយចូល ច្បាស់ជាបានខ្លាកកេរហើយ ។

ដោយឈូកខ្មែរ









សុភាសិតទី៤៣
ខឹងខំអត់ ខ្សត់ខំរក

និយមន័យៈ ខន្តីអំណត់ និងការតស៊ូ ។

អត្ថាធិប្បាយ

ខឹងខំអត់

ធម្មតាមនុស្សបថុជ្ជន កាលបើមានអារម្មណ៍ពីខាងក្រៅមកប៉ះទង្គិចនឹងអារម្មណ៍ខាងក្នុង កំហឹងក៏ស្ទុះពុះកញ្ជ្រោលឡើងភ្លាម ។ កាលបើកំហឹងឆេះឡើងហើយ អ្វីៗក៏ភ្លាត់ចាកប្រក្រតីអស់រលីង គឺភ្លាត់ពីល្អមកអាក្រក់ ពីត្រូវមកខុស ។ ប៉ុន្តែបើមនុស្សចេះយកជ័យជម្នះលើផ្លូវចិត្តបានមិនឲ្យក្រេវក្រោធហើយនោះ អ្វីៗក៏វិលមករកផ្លូវត្រូវ ផ្លូវល្អវិញ ។ ហេតុនេះហើយ បានជាលោកប្រាប់ថា «កុំខឹង បើខឹងត្រូវខំអត់» ។

ខ្សត់ខំរក

អ្នកក្រខ្សត់ទ្រព្យ ត្រូវរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរកទ្រព្យឲ្យមានឡើង ។ ការប្រឹងប្រែងរកទ្រព្យនេះទៀតសោត ក៏អាស្រ័យលើសេចក្ដីព្យាយាម និងក្ដីអំណត់តស៊ូយ៉ាងស្វិតស្វាញបំផុត ទើបស្វែងរកទ្រព្យបាន ។ ការស្វែងរកទ្រព្យគឺត្រូវសន្សំតាំងពីតូចតាចឡើងទៅ ប្រៀបដូចសត្វកណ្ដៀរធ្វើដំបូកដូច្នោះដែរ ។

ដោយឈូកខ្មែរ












សុភាសិតទី៤៤
ខ្លួនរស់ របស់បាន


និយមន័យៈ ជីវិតមានតម្លៃជាងទ្រព្យធននានា ។

អត្ថាធិប្បាយ

ក្នុងន័យខាងលើនេះ លោកចង់បង្ហាញឲ្យដឹងអំពីតម្លៃនៃជីវិតរបស់មនុស្ស ។ ព្រោះពាក្យថា «ជីវិត» គឺការរស់នៅនេះមានតម្លៃមិនអាចកាត់ថ្លៃបាន ។ ជីវិតគ្មានដាក់លក់នៅទីផ្សារ ហើយក៏គ្មានគេដើរលក់ជីវិតដែរ ។ អ្នកខ្លះយល់ច្រឡំថា ទាហានគឺជាអ្នកដើរលក់ជីវិត ។ យោបល់នេះពុំត្រឹមត្រូវឡើយ តាមពិតទាហានគឺជាអ្នកបូជាជីវិតចំពោះមាតុភូមិជាទីស្នេហារបស់ខ្លួនទេ ។ ដូច្នេះ «ជីវិត» នៅតែជារបស់មានតម្លៃកាត់ថ្លៃមិនបានដដែល ។ លោកប្រាប់ថា ធ្វើម្ដេចឲ្យខ្លួនរស់សិនសឹមគិតពីទ្រព្យសម្បត្តិជាខាងក្រោយ ។ ព្រោះបើកាលណាជីវិតរលត់ហើយ អ្វីៗក៏រលត់រលាយទៅទាំងអស់ដែរ ។ ឧទាហរណ៍ ៖

1.     ខ្លួនកំពុងឈឺ បើមានអ្វីដែលអាចលក់ដើម្បីព្យាបាលខ្លួនបាន ក៏គួរនឹងលក់ទៅ ។ កាលណាខ្លួនបានជានាហើយ សឹមរករបស់នោះមកវិញ ប៉ុន្តែបើស្លាប់ គឺចប់ទាំងអស់ ។
2.     មានពួកចោរកំណាចចូលមកប្លន់ បើយល់ថាឱកាសពុំល្អទេ គេពុំគួរនឹងធ្វើការតតាំងនឹងពួកវាឡើយ ព្រោះបើហ៊ានតតាំង វានឹងសម្លាប់ ។ ដូច្នេះ គេត្រូវរក្សាជីវិតឲ្យគង់នៅសិន ទ្រព្យសម្បត្តិបាត់បង់អាចរកបានវិញ ។

ដោយឈូកខ្មែរ










សុភាសិតទី៤៥
ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន


និយមន័យៈ ការអៀនខ្មាសពុំសមហេតុផល ។

អត្ថាធិប្បាយ

សិស្ស ណាដែលមិនហ៊ានសួរដេញដោលគ្រូឲ្យជួយពន្យល់នូវចម្ងល់អ្វីមួយ ដោយសារខ្មាសគ្រូ និងខ្លាចគ្រូដៀលថា ល្ងង់អីម្ល៉េះ ។ សិស្សណាមានគំនិតបែបនេះ សិស្សនោះប្រាកដជាអាប់ឱនប្រាជ្ញាហើយ ។ ព្រោះគ្រូម្នាក់ណាក៏ពេញចិត្ត សប្បាយចិត្តនឹងទទួលសំណួរពីសិស្សដែរ ។ ម្យ៉ាងទៀត គ្រូមាននាទីជាអ្នកណែនាំបង្ហាត់បង្រៀនសិស្ស ។ ម្ល៉ោះហើយ គ្រូពេញចិត្តនឹងរង់ចាំទទួលសំណួរពីសិស្សជានិច្ច ។

ដូច្នេះ សិស្សមិនត្រូវខ្លាចញញើតញញើមនឹងតាំងសំណួរចំពោះគ្រូទេ ព្រោះតែល្ងង់ហើយបានជាសួរដើម្បីឲ្យចេះឡើង ព្រោះតែមិនចេះហើយ បានជាសួរដើម្បីឲ្យបានដឹង បានយល់ឡើង ។ ហេតុនេះសិស្សណាដែលខ្មាសមិនហ៊ានសួរគ្រូ ច្បាស់ជាអាប់ប្រាជ្ញាហើយ ។
ឯប្ដីណាដែលចេះតែខ្មាសប្រពន្ធឯងនោះ ដោយមិនហ៊ានទៅក្បែរគេ ប្ដីនោះច្បាស់ជាគ្មានកូនហើយ ។

ដោយឈូកខ្មែរ











សុភាសិតទី៤៦
ខ្ញីកាន់តែចាស់កាន់តែហឹរ

និយមន័យៈ គុណសម្បត្តិអ្នកនយោបាយជើងចាស់ដែលមានចំណេះដឹងខ្ពស់ ។

អត្ថាធិប្បាយ

អត្ថានុរូប

ធម្មតា មើមខ្ញីពេលចាស់យូរទៅ វាកាន់តែមានរសជាតិហឹរខ្លាំង ទោះបីវាក្រៀមស្វិត រឹងក្រញង់ក៏ដោយក៏នៅតែរក្សាគុណភាពរបស់វា ហឹរល្អដដែល ។ បើត្រូវយកធ្វើថ្នាំ ក៏គេរើសយកខ្ញីចាស់ៗដែរ ។ ហេតុនេះហើយបានជាលោកពោលថា ខ្ញីកាន់តែចាស់កាន់តែហឹរ ។

អត្ថប្បដិរូប

អ្នកបច្ចេកទេស វិស្វករ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បណ្ឌិត អ្នកនយោបាយ ។ល។ ដែលមានចំណេះដឹងខ្ពស់ មានទេព្យកោសលខ្ពស់ ។ កាលណាធ្វើការជារាល់ថ្ងៃ ជាយូរទៅ ឬកាន់តែចាស់ទៅ កាន់តែមានបទពិសោធន៍ខ្ពស់ ដោយសារអស់លោកទាំងនេះធ្លាប់ឆ្លងកាត់ការងារជាច្រើនក្នុងជីវិតរបស់គាត់ ។ ព្រោះការងារហ្នឹងហើយដែលបង្រៀន ដែលបង្វឹកឲ្យគាត់កាន់តែចេះល្បិចកិច្ចការបានប្រសើរឡើងកាន់តែយល់ច្រើនឡើង ។

រីឯអ្នកនយោបាយដែលមានចំណេះវិជ្ជាខ្ពស់ សមត្ថភាពខ្ពស់ កាលណាធ្វើនយោបាយកាន់តែយូរទៅកាន់តែមានបទពិសោធន៍ ល្បិចកលច្រើនដែលគេហៅថា អ្នកនយោបាយជើងចាស់ មានសមត្ថភាពគ្រប់គ្រាន់ ដូចខ្ញីកាន់តែចាស់កាន់តែហឹរ អីចឹងដែរ ។ គឺគេមានមធ្យោបាយដឹកនាំប្រទេសឲ្យដើរទាន់សភាពការណ៍សកលលោក គ្រប់ចង្វាក់នយោបាយអន្តរជាតិ ។ ប្រសិនបើមានអតិផរណាកើតឡើង គេមានសមត្ថភាពគ្រប់គ្រាន់នឹងទប់ស្កាត់ បើមិនបានមួយរយភាគរយក៏ក្បែរៗដែរ ។

ឯអ្នកនយោបាយដែលគ្មានចំណេះវិជ្ជាជាមូលដ្ឋាន មានតែអំនួត និងវោហារប្រាជ្ញាព្រោកបែកពពុះមាត់ ទោះធ្វើនយោបាយមួយរយឆ្នាំ ប្រទេសជាតិក៏គ្មានរីកចម្រើនដែរ ។

ដោយឈូកខ្មែរ












សុភាសិតទី៤៧
 ខឹងគោ វាយរទេះ

និយមន័យៈ ការបន្ធូរបន្ថយភាពក្រេវក្រោធ ។

អត្ថាធិប្បាយ

អត្ថានុរូប

អ្នកបររទេះខ្លះពេលខឹងនឹងគោដើរយឺតពេក មិនហ៊ានវាយគោទេ ដោយឃើញគោស្គម ឬខ្លាចគោមានស្លាកស្នាម ។ ម៉្លោះហើយដើម្បីបន្ធូរបន្ថយកំហឹងខ្លះក៏ស្រែកខ្លាំងៗ និងវាយគោះរទេះ ធ្វើឲ្យគោភ្ញាក់ស្ទុះដើរលឿនបន្តិចទៅ ។

អត្ថប្បដិរូប

មនុស្សខ្លះ ពេលខឹងក្រេវក្រោធខ្លាំងនឹងអ្នកណាម្នាក់ មិនហ៊ានទៅវាយគេទេ ដោយឃើញគេធំជាង ឬមានកម្លាំងជាង ឬក៏ដោយប្រការណាមួយ ។ ប៉ុន្តែដើម្បីកាត់បន្ថយភ្លើងកំហឹងខ្លះ គេក៏ទៅកាប់បំផ្លាញដំណាំដាំដុះរបស់គូវិវាទ ។

នៅក្នុងគ្រួសារខ្លះ ប្រពន្ធខឹងនឹងប្ដីខ្លាំងពេក តែមិនហ៊ានវាយប្ដីទេ បែរជាសំពងម៉ូតូដែលគ្នាឥតដឹងអីសោះ ជួនកាលបោកចាន បោកឆ្នាំងខ្ទេចអស់ ។

ដោយឈូកខ្មែរ











សុភាសិតទី៤៨
ខុសដូចវាយឆ្កែខុស

និយមន័យៈ វិប្បដិសារីនូវកំហុសដែលធ្វើឥតពិចារណា ។

អត្ថាធិប្បាយ

កំហឹងធ្វើឲ្យមនុស្សវង្វេងលែងគិតពិចារណា ។ ម្ល៉ោះហើយ គេធ្វើអ្វីៗទាំងកំរោល ។ លុះដល់គេស្ងប់អារម្មណ៍ក្រេវក្រោធ ទើបដឹងខ្លួនថា ខុស ប៉ុន្តែអ្វីៗជ្រុលហួសអស់ទៅហើយ ។ ដូច្នេះ គេនៅសល់តែសេចក្ដីស្ដាយក្រោយប៉ុណ្ណោះ ។ រឿងនេះបុរាណាចារ្យបានលើកនិទានជាតួយ៉ាងដូចតទៅ ៖
មហាសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិមហាសាល ។ គាត់បានចិញ្ចឹមឆ្កែកំណាច៥០០ក្បាល ដើម្បីការពារទ្រព្យសម្បត្តិ ។ នៅយប់មួយមានចោរ៥០០នាក់ បានជីករូងឧម្មង្គក្នុងដីមកដល់ឃ្លាំងទ្រព្យ ។ ពួកចោរក៏ជញ្ជូនឥវ៉ាន់ជាច្រើនចេញទៅតាមរូងឧម្មង្គ ។ ឯឆ្កែទាំង៥០០ក៏ដេញខាំចោរទាំង៥០០នាក់ស្លាប់ក្នុងរូងឧម្មង្គអស់ទៅ ។

លុះព្រឹកឡើង សេដ្ឋីដឹងថាបាត់ឥវ៉ាន់អស់ ។ គាត់ក្រេវក្រោធជាខ្លាំង ក៏បញ្ជាឲ្យគេយកឆ្កែទាំង៥០០ក្បាលទៅសម្លាប់ចោលអស់ទៅ ។ បីថ្ងៃក្រោយមក សេដ្ឋីបានធុំក្លិនស្អុយអសោចិក្នុងឧម្មង្គ ទើបបានដឹងថា ជាខ្មោចចោរទាំង៥០០នាក់ដែលឆ្កែបានខាំសម្លាប់ ។
សេដ្ឋីមានវិប្បដិសារី កើតក្ដីក្ដុកក្ដួលជាខ្លាំង នឹងស្ដាយកំហុសដែលខ្លួនបានធ្វើរួចទៅហើយ ។

ដោយឈូកខ្មែរ











សុភាសិតទី៤៩
ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច

និយមន័យៈ មធ្យោបាយធ្វើដំណើរចៀសវាងភ្លៀង ។


អត្ថាធិប្បាយ
កាលសម័យដើម ការធ្វើដំណើរចាស់ទុំសុទ្ធតែមើលមេឃ មើលខ្យល់ជាក់លាក់ណាស់ ។ ព្រោះកាលនោះសម្ភារៈខ្វះខាត គ្មានអាវភ្លៀង គ្មានឡានទេ ។ ម្ល៉ោះហើយ លោកបានកំណត់ចំណាំថា ខែពិសាខឲ្យដើរពេលព្រឹក ព្រោះល្ងាចៗច្រើនមានភ្លៀង ។ លុះដល់ខែកត្តិក លោកឲ្យដើរពេលល្ងាចវិញ ព្រោះព្រឹកៗច្រើនមានភ្លៀង ។

ប៉ុន្តែគោលបំណងរបស់លោកពុំមែនហាមតែខែពិសាខ និងកត្តិកទេ គឺលោកចង់និយាយម្ដុំខែពិសាខ មានខែជេស្ឋ អាសាធ ស្រាពណ៍ ឯម្ដុំខែកត្តិកមានខែភទ្របទ អស្សុជ…
កាលជំនាន់ដើម បើគេអនុវត្តតាមពំនោលនេះ គេច្រើនបានសមបំណងមែន តែមិនប្រាកដជាត្រូវទាំងអស់ទេ ។ ព្រោះជួនកាលមានភ្លៀងអាណាធិបតេយ្យមិនគោរពប្រក្រតីទិនដែរ ។
លុះដល់សម័យវិទ្យាសាស្ត្រជឿនលឿន អ្វីៗក៏ត្រូវប្រែប្រួលអស់ហើយ ។ ដូច្នេះ កំណត់ចំណាំខាងលើនេះក្លាយទៅជាតម្រាប្រចាំសម័យកាលអស់ហើយ ដូចយ៉ាង ពាក់កណ្ដាលទសវត្សរ៍៨០ ខែចេត្រធ្លាប់តែក្ដៅសោះ។

ដោយឈូកខ្មែរ










សុភាសិតទី៥០
ខ្លាចាស់ចាំសីល

និយមន័យៈ មធ្យោបាយបោកប្រាស់របស់មនុស្សអស់ឫទ្ធិអំណាច ។

អត្ថាធិប្បាយ

ទាក់ទងក្នុងន័យខាងលើនេះ បុរាណាចារ្យបានលើករឿងមួយមកនិទានថា មានខ្លាចាស់មួយដែលមានធ្មេញ ចង្កូម និងក្រចករេចរឹល ចាប់សត្វអ្វីស៊ីក៏ពុំបាន ។
ថ្ងៃមួយ ខ្លាចាស់បានជួបនឹងបុរសឆោតល្ងង់ម្នាក់ ក៏និយាយថា ចូរបុរសឯងចុះទៅក្នុងស្រះទឹកនេះ រួចរាវយកកងមាសកងប្រាក់ទៅចុះ ។ ខ្ញុំថែរក្សាទុកជាយូរហើយ ។ ខ្ញុំនិយាយនេះជាពាក្យពិត ព្រោះខ្ញុំជាខ្លាចាស់ចាំសីល មិនចេះភូតភរទេ ។
លុះបុរសនោះចុះទៅក្នុងស្រះទឹកត្រឹមទ្រូងហើយ ខ្លាចាស់នោះក៏លោតទៅសង្គ្រប់ចាប់បុរសនោះខាំស៊ីបាត់ទៅ ។

ខ្លាចាស់នេះ លោកប្រៀបទៅនឹងមន្ត្រីចាស់ ខឹលខូចម្នាក់ចូលនិវត្តន៍ ។ កាលដែលនៅកាន់អំណាច កាចសាហាវដូចខ្លា គ្មានអ្នកណាហ៊ានមើលមុខចំទេ ។ ប៉ុន្តែលុះដល់អស់បុណ្យទៅ ឫទ្ធិអំណាចក៏គ្មាន ឯលាភសក្ការៈទាំងប៉ុន្មានក៏អស់រលីងទៅដែរ ។

គាប់ជួនថ្ងៃមួយ មានបុរសម្នាក់ចូលទៅពឹងបុណ្យ ។ ខ្លាចាស់នោះនិយាយថា សព្វថ្ងៃពិតមែនតែចូលនិវត្តន៍មែន តែខ្ញុំនៅតែមានអ្នកតូច អ្នកធំ គេរាប់អានខ្ញុំច្រើនដដែល ។ ដូច្នេះ អ្នកឯងទុកចិត្តចុះ ខ្ញុំចាស់ហើយខ្ញុំកាន់សីល៥ ចាំសីល៨ មិនហ៊ានប្រព្រឹត្តអំពើអាក្រក់ទេ ខ្លាចបាប ។ បុរសនោះក៏ជឿទុកចិត្តស្លុង ហ៊ានចងការប្រាក់ដាក់ដីបញ្ចាំយកលុយមកឲ្យខ្លាចាស់នោះ ។ ប៉ុន្តែ លុះយូរទៅ ចាំបាត់ៗ ស្ងាត់រហូត… ហ្នឹងហើយ ខ្លាចាស់ចាំសីល ។



ដោយឈូកខ្មែរ









សុភាសិតទី៥១
ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ

និយមន័យៈ ទង្វើដោយភ្លើងកំហឹងបានផលតិចជាងទង្វើដោយអារម្មណ៍ស្ងប់ ។

អត្ថាធិប្បាយ

អត្ថានុរូប

ក្ដៅស៊ីរាក់ៈ ម្ហូបអាហារដែលនៅក្ដៅ គេហូបបានតិចៗ សើៗ លើមាត់ចាន គេមិនអាចលូកជ្រៅបានទេ ព្រោះវានាំឲ្យរលាកមាត់ ។
ត្រជាក់ស៊ីជ្រៅៈ ម្ហូបអាហារដែលត្រជាក់ គេហូបបានច្រើនៗ គេអាចចូកលូកជ្រៅបន្តិចក៏បាន ព្រោះវាត្រជាក់ មិននាំឲ្យរលាកមាត់ទេ ។

អត្ថប្បដិរូប

មនុស្សដែលមានអារម្មណ៍ឆាប់មួរម៉ៅក្ដៅក្រហាយ គេហៅមនុស្សចិត្តស្រាល ។ មនុស្សនេះ បើធ្វើការអ្វីឲ្យតែទាស់ចិត្តបន្តិច គេច្រលោតតោតតូង បោកប្រាស់ខូចខ្ទេចខ្ទីរអស់ ។
បើគេនិយាយស្ដីទៅនឹងអ្នកណាម្នាក់ ហើយគេធ្វើឲ្យថ្នាំងថ្នាក់ចិត្តតែបន្តិច គេមានប្រតិកម្មតបត បង្កហេតុបណ្ដាលឲ្យមានរឿងឈ្លោះប្រែកគ្នាភ្លាម ព្រោះគេមិនសូវចេះអត់ធ្មត់ សង្កត់ចិត្តទេ បើមានការត្រូវទៅនិយាយពឹងពាក់គេៗមិនសូវជួយយកអាសារទេ ។
រីឯមនុស្សដែលមានអធ្យាស្រ័យត្រជាក់ គេហៅមនុស្សចិត្តធ្ងន់ ។ មនុស្សនេះ បើធ្វើការអ្វី ទោះបីមានខូចខាតបន្តិចបន្តួច គេចេះអត់ធ្មត់ រួចធ្វើតទៅទោតទាល់តែបានសម្រេចផល ។
មនុស្សចិត្តត្រជាក់ បើទៅនិយាយកិច្ចការអ្វីនឹងអ្នកតូច អ្នកធំ ច្រើនបានសម្រេចផល ព្រោះគេចេះប្រើសម្ដីទន់ភ្លន់ សុភាពរាបសារគួរឲ្យអាណិត ។
ម្យ៉ាងទៀត បើអ្នកធំ ឬចៅហ្វាយនាយស្ដីបន្ទោសឲ្យគេៗចេះបន្ទន់ឥរិយាបថ អង្វរកទាល់តែគេទន់ចិត្តអាណិតអាសូរ យកទោសលែងកើត ៕

ដោយឈូកខ្មែរ












សុភាសិតទី៥២
ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត

និយមន័យៈ គ្រោះថ្នាក់នៃប្រព្រឹត្តិកម្មក្នុងផ្លូវស្នេហាលើប្រពន្ធគេ ។

អត្ថាធិប្បាយ

នារីដែលនៅក្នុងវ័យក្រមុំជាវ័យដែលល្អប្រសើរបំផុត ។ ប៉ុន្តែនៅពេលនេះ លោកពុំមានចេតនាចង់និយាយពីតម្លៃរបស់ស្ត្រីក្រមុំទេ គឺលោកចង់និយាយអំពីគ្រោះថ្នាក់នៃអ្នកដែលសហាយស្មន់នឹងប្រពន្ធគេ ។

ក្រមុំសាបដូចទឹកទន្លេ

ស្ត្រីក្រមុំគឺជាស្ត្រីស្ថិតនៅក្នុងវ័យ «រង់ចាំ» ។ ពេលដែលនាងស្ថិតនៅក្នុងវ័យរង់ចាំនេះ បើមានកំលោះណាទៅញ៉េះញ៉ោះ លែបខាយពាក្យសម្ដីក្នុងផ្លូវលោកីយ៍ក៏ដោយ ក៏ចាស់ទុំពុំសូវចាប់ទោសអូសដំណើរខ្លាំងក្លា រហូតដល់ប្ដឹងឡើងតុលាការដែរ គឺគ្រាន់តែស្ដីបន្ទោស និងធ្វើការព្រមានប៉ុណ្ណោះ ។ ប្រសិនបើរឿងនេះឈានទៅដល់ការប្រាសចាកប្រពៃណីដោយសាមីជនទាំងពីរព្រមព្រៀងគ្នាទៀតផងនោះ គេក៏ពុំសូវដែលឃើញ ដែលឮថាឪពុកម្ដាយ អាណាព្យាបាល ឬបងប្អូនញាតិខាងស្រីដេញបាញ់ ដេញកាប់ សម្លាប់កូនប្រុសនោះដែរ ដោយគ្រាន់តែប្ដឹងទៅសមត្ថកិច្ចដើម្បីទាមទារឲ្យភាគីខាងកូនប្រុសបង់ជំងឺចិត្តប៉ុណ្ណោះ ។ ជួនកាល បើវាសនាមាន គេចាប់ឲ្យរៀបការទៀតក៏សឹងមានដែរ ។

ប្រពន្ធគេឈ្ងុយដូចដូងដុត

ប្រពន្ធគេគឺស្ត្រីដែលច្បាប់រដ្ឋទទួលស្គាល់ថាជាកម្មសិទ្ធិផ្ដាច់មុខរបស់ជនណាម្នាក់ ។ បានសេចក្ដីថា ស្ត្រីប្រភេទនេះមានម្ចាស់ហួងហែង ថែរក្សាហើយ ។
ដូងដុតៈ គឺសាច់ដូងទុំដែលគេដុត វាមានក្លិនឈ្ងុយឆួល ។ គេតែងយកវាទៅធ្វើជានុយសម្រាប់ស្ទូចត្រី ។ ត្រីធុំក្លិនភ្លាម ត្របាក់ភ្លាម តែវាក៏ងាប់ភ្លាមដែរ ។
ហេតុបានជាលោកពោលថា ប្រពន្ធគេឈ្ងុយដូចដូងដុត ព្រោះប្រសិនណាបើមានបុរសល្មោភកាមណាម្នាក់ប្រថុយផ្សងស្នេហ៍ជាមួយប្រពន្ធគេ វាសនារបស់គេប្រហែលមិនខុសពីត្រីដែលត្របាក់ដូងដុតប៉ុន្មានដែរ ។
ជាញឹកញាប់ណាស់ គេតែងឮថា បុរសដែលផ្សងស្នេហ៍ជាមួយប្រពន្ធគេនោះ ក្បាលរបស់គេត្រូវគ្រូពេទ្យដេរម្ភៃសាមសិបថ្នេរ ។ ជួនកាលឮថា មិនពិបាកគ្រូពេទ្យដេរទេ ព្រោះគេត្រូវរលត់ធាតុបាត់ទៅហើយ ។
ការណ៍ដែលលោកលើកឡើងថា ក្រមុំសាបដូចទឹកទន្លេនោះ គឺក្នុងន័យចំអកផង ក្នុងន័យប្រៀបធៀបជាឧបមាណវិធីផង ។ ម្យ៉ាងទៀតលោកចង់ពោលត្រង់ៗថា ក្រមុំសាបណាស់ទៅឬ ? បានជាទៅស្រឡាញ់ប្រពន្ធគេ ទោះបីដឹងថាមានគ្រោះថ្នាក់ច្រើនក៏ដោយ ៕

ដោយឈូកខ្មែរ












សុភាសិតទី៥៣
កុំខ្វើកតាមខ្យល់ កុំខ្វល់តាមស្រី

និយមន័យៈ ធ្វើអ្វីៗត្រូវចេះគិតពិចារណាកុំស្ទុះតាមគេញាក់ ។

អត្ថាធិប្បាយ

កុំខ្វើកតាមខ្យល់

ពាក្យថា «ខ្វើក» មានន័យថាកម្រើកតិចៗ ។ តែខ្វើកក្នុងទីនេះមានន័យថា «ងាកភ្លេតទៅលិច ងាកភ្លេតទៅកើត» ។ លោកចង់បញ្ជាក់ប្រាប់ថា កិច្ចការសព្វសារពើមុននឹងធ្វើត្រូវចេះគិតពិចារណាឲ្យគ្រប់ជ្រុងជ្រោយជាមុនសិន កុំចេះតែខ្វើកទៅតាមគេញាក់ គេបបួលម្ដងទៅឆ្វេង ម្ដងទៅស្ដាំឲ្យសោះ ។
កុំខ្វល់តាមស្រី

ពាក្យថា «ស្រី» ក្នុងទីនេះលោកពោលយកស្ត្រីដែលវប្បធម៌នៅមានកម្រិត ព្រោះស្ត្រីប្រភេទនេះច្រើនចិត្តស្រាលគិតខ្លី ។ បើគេឈ្លោះនឹងអ្នកណា ឬខឹងនឹងអ្នកណា សឹងតែស្ទុះទៅប្រហារគេតាមកម្លាំងបាយ ឬតាមកម្លាំងអំណាចបុណ្យសក្តិប្ដី ។ សមដូចពាក្យលោកថា ប្ដីសក្ដិបួនប្រពន្ធសក្ដិប្រាំ ឬច្រើនជាងនេះទៀត ។
ដូចនេះ អ្នកប្រុសជាប្ដីត្រូវចេះគិតពិចារណាឲ្យម៉ដ្ឋចត់ល្អិតល្អន់មែនទែន កុំចេះតែខ្វល់ខ្វាយខឹងច្រឡោតតោតតូងទាំងកំរោលទៅតាមប្រពន្ធញាក់ឲ្យសោះ ។
ពាក្យចាស់លោកថា បើស្រីៗឈ្លោះគ្នាខ្លាំងណាស់ត្រឹមរហែកអាវ និងដាច់សាច់មុខប៉ុណ្ណោះ ។ ប៉ុន្តែបើប្រុសៗឈ្លោះគ្នាវិញ គឺមានស្លាប់មានរស់ យ៉ាងហោចណាស់ក៏ត្រូវមានចូលមន្ទីរពេទ្យមិនខាន ។
ពាក្យខាងលើនេះ ព្រះរាជសម្ភារលោកសង្កត់ធ្ងន់ទៅលើអ្នកជាប្ដីថា កុំឲ្យខ្វល់តាមប្រពន្ធពេក ៕


ដោយឈូកខ្មែរ









សុភាសិតទី៥៤
កុំបោះសន្ទូចរំលងភ្នំ

និយមន័យៈ ទង្វើអ្វីៗត្រូវធ្វើតាមឋានានុក្រម ។

អត្ថាធិប្បាយ

សន្ទូចក្នុងពេលនេះ លោកសំដៅយកកិច្ចការដែលត្រូវធ្វើ ។ ភ្នំក៏ជាតំណាងតួអង្គមន្ត្រីអ្នកមានបុណ្យសក្តិធំណាម្នាក់ដែលពាក់ព័ន្ធក្នុងកិច្ចការនេះ ។
កិច្ចការអ្វីក៏ដោយនៅក្នុងសង្គមខ្មែរយើង គេធ្វើពីថ្នាក់ក្រោមបញ្ជូនឡើងទៅលើជានិច្ច ។ ដូច្នេះ បើចង់ធ្វើកិច្ចការអ្វីនីមួយៗលោកប្រាប់ថា ត្រូវធ្វើតាមលំដាប់លំដោយ គឺធ្វើតាមឋានានុក្រមពីទាបទៅខ្ពស់ ដោយមិនអាចរំលងមន្ត្រីធំណាម្នាក់ឡើយ ។
ឧទាហរណ៍ៈ គេធ្វើកិច្ចការអ្វីមួយដែលត្រូវឡើងទៅដល់ថ្នាក់ខេត្ត ។ គេត្រូវធ្វើកិច្ចការនោះពីថ្នាក់មូលដ្ឋាន រួចឡើងទៅស្រុក ទើបបន្តទៅខេត្តទៀត ។ គេមិនត្រូវរំលងផ្លោះចោលមន្ត្រីស្រុកបានទេ ។ មន្ត្រីស្រុកនេះលោកចាត់ទុកថាជាភ្នំមួយដែរហើយ ។
ការដែលគេលោតផ្លោះបោះសន្ទូចរំលងមន្ត្រីស្រុកដែលលោកចាត់ទុកជាភ្នំមួយដែរនោះ គឺជាការមួយដែលធ្វើឲ្យខុសនឹងនីតិវិធី ។ កាលបើ


ដោយឈូកខ្មែរ











សុភាសិតទី៥៥
កុំរាមុខដឹងកុំទទឹងមុខទ័ព

និយមន័យៈ កុំនៅពីមុខអ្នកមានអំណាចខ្លាំង ។

អត្ថាធិប្បាយ
«ដឹង» គឺជាឧបករណ៍ម្យ៉ាងសម្រាប់ចាំងឈើ ។ វាមានផ្លែរាងដូចពូថៅ តែផ្លែវានៅទទឹងដង និងមានកន្ទុយវែងឡើងលើសម្រាប់ជាជំនួយធ្វើឲ្យមានលំនឹង មិនផ្លាតទៅឆ្វេងទៅស្ដាំផង និងជួយយោលយោគនៅពេលចាំងផង ។

កុំរាមុខដឹង

នៅពេលគេកំពុងចាំងឈើ គេមិនត្រូវទៅនៅពីមុខដឹងឡើយ ព្រោះផ្លែវាអាចរង្គោះខ្ទាតចេញ នាំឲ្យមានគ្រោះថ្នាក់បង្ករបួសស្នាមជាទម្ងន់ ។ ម្យ៉ាងទៀត អ្នកចាំងពុំសូវបានមើលអ្វីក្រៅពីចំណុចដែលត្រូវដាក់ផ្លែដឹងដើម្បីចាំងនោះទេ ។

កុំទទឹងមុខទ័ព

កាលដើមឡើយ ចាស់ៗតែងនិយាយប្រាប់កូនចៅថា ពេលស្រុកមានអសន្តិសុខ ក្បួនទ័ពត្រូវធ្វើដំណើរទៅសមរភូមិដោយថ្មើរជើង ។ ពេលកំពុងយាត្រាដូច្នេះ ចាស់ៗតែងចាប់កូនចាប់ចៅ ដោយខ្លាចក្រែងវារត់កាត់មុខទ័ព ព្រោះកាលជំនាន់នោះ កាលណាមានក្បួនយាត្រាទ័ព អ្នកស្រុកប្រយ័ត្នណាស់ ជាពិសេសមិនអាចស្ត្រីមានផ្ទៃពោះដើរកាត់មុខទ័ពទេ ព្រោះគេប្រកាន់ថា វានឹងនាំមកភាពបរាជ័យ ។ ដូច្នេះ គេត្រូវតែប្រហារជីវិតចោល ។
នៅពេលស្រុកជឿនលឿន ក្បួនយាត្រាទ័ព គេធ្វើតាមរថយន្ត ប៉ុន្តែយាត្រាទ័ពក៏នៅតែមានអាជ្ញាសឹកពិសេសដដែល ព្រោះទ័ពនេះហើយជាអ្នកការពារជាតិមាតុភូមិ និងបូរណភាពទឹកដី ៕


ដោយឈូកខ្មែរ











សុភាសិតទី៥៦
កុំទុំមុនស្រគាល

និយមន័យៈ កុំតាំងខ្លួនធ្វើគ្រាន់មុនចេះដឹង ។

អត្ថាធិប្បាយ

អត្ថានុរូប
ផ្លែឈើទាំងអស់ត្រូវមានលក្ខណៈ៥យ៉ាងទើបត្រឹមត្រូវតាមលក្ខណៈធម្មជាតិគឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និងទុំ ។
ប្រសិនបើគ្រប់លក្ខណៈទាំង៥នេះហើយ ផ្លែឈើនោះទើបមានរសជាតិផ្អែមឆ្ងាញ់ពិសា ។ ប្រសិនបើមានគេយកផ្លែឈើដែលស្ទើរចាស់ទៅបន្ទុំថ្ម វាអាចទុំបានដែរ ប៉ុន្តែមិនសូវមានរសជាតិផ្អែមល្អ មិនគួរឲ្យចង់បរិភោគទេ ព្រោះវាទុំទាំងបង្ខំ ។

អត្ថប្បដិរូប

ទង្វើអ្វីក៏ដោយ ប្រសិនបើធ្វើដោយច្រូតកាត់ច្រើនតែជួបនឹងផលវិបាកផ្សេងៗ ។ ម្យ៉ាងទៀតមុននឹងចូលទៅប្រកបការងារអ្វីមួយ ត្រូវស្វែងយល់ ស្វែងចេះអំពីកិច្ចការនោះជាមុនសិន សឹមចាប់ការងារនោះជាខាងក្រោយទើបមានប្រសិទ្ធភាព ។
ទំនៀមទម្លាប់ប្រពៃណីបានដឹកនាំឲ្យស្ត្រីខ្មែរមានចរិយា និងសណ្ដាប់ធ្នាប់ល្អណាស់ គឺមុននឹងមានប្ដី ត្រូវមានគេចូល “ចែចូវ” តាមច្បាប់ទម្លាប់ ។ ប៉ុន្តែបើមានស្ត្រីណាមានប្ដីខ្លួនឯង ឬមានទម្ងន់ទើបរៀបការជាក្រោយ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។
មានមន្ត្រីខ្លះបានចូលធ្វើការរដ្ឋ ឬចូលកាន់តំណែងខ្លឹមណាមួយតាមរយៈបក្សពួក ឬតាមរយៈសំណូក ។ ប៉ុន្តែគ្មានចេះអ្វីសោះ ។ លុះបានចូលធ្វើការ ឬចូលកាន់មុខតំណែងហើយទើបរៀនតាមក្រោយ ។ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។
សមណៈខ្លះបានបួសរួចហើយ ទើបរៀនអក្សរ ឬរៀនធម៌តាមក្រោយ ។ អាហ្នឹងគេហៅថា ទុំមុនស្រគាលដែរ ៕


ដោយឈូកខ្មែរ













សុភាសិតទី៥៧
កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្ដិតឈ្លូស


និយមន័យៈ និទណ្ឌភាពរបស់អ្នកខ្លាំង និងភាពរងគ្រោះរបស់អ្នកខ្សោយ ។

អត្ថាធិប្បាយ

សុភាសិតនេះពុំមានន័យយោលទៅផ្នែកអត្ថានុរូបទេ គឺមានន័យជាអត្ថប្បដិរូបសុទ្ធសាធ ។

កំប្រុកស៊ីផ្លែល្វា

ពាក្យនេះលោកសំដៅទៅលើមន្ត្រីពុករលួយដែលស៊ីសំណូក ។ សំណូកលោកប្រៀបទៅនឹងផ្លែល្វាដែលជាផ្លែមិនស្អាតល្អដូចផ្លែឈើឯទៀតៗ ។
ហេតុដែលលោករើសយកសត្វកំប្រុកនេះមកដើរតួក្នុងសុភាសិតនេះ ព្រោះ សត្វកំប្រុកអាចរស់នៅក្នុងស្រុកក៏បាននៅក្នុងព្រៃក៏បានឲ្យតែ មានដើមឈើដែលមានផ្លែអាចឲ្យវាស៊ីចិញ្ចឹមជីវិតបាន ។ ម្យ៉ាងទៀតលោកបានលើកយកសត្វកំប្រុកនេះមកធ្វើការប្រៀបធៀប ព្រោះវាជាសត្វរស់នៅតែលើដើមឈើជាតំណាងឲ្យមន្ត្រីថ្នាក់លើ ថ្នាក់ខ្ពស់ ថ្នាក់ធំ ។

រមួលកទា

សត្វទានៅពេលនេះលោកសំដៅយកសត្វទាស្រុកដែលឡើងទ្រនំមិនរួច គឺរស់នៅផ្ទាល់តែនឹងដីឲ្យជាតំណាងបុគ្គលិកតូចទាប ។ គឺបុគ្គលិកដែលមន្ត្រីធំប្រើឲ្យរត់ការ ឬធ្វើការងារដែលពាក់ព័ន្ធនឹងអំពើខុសច្បាប់ ។

ផ្សាក្ដិតឈ្លូស

ឈ្លូសគឺជាសត្វរស់នៅក្នុងព្រៃ ហើយស៊ីស្មៅជាអារហារ ។ វាមិនដែលស៊ីជីវិតគេទេ ។ ឈ្លូសជាសត្វស្លូតបំផុត និងខ្លាចគេខ្លាំងណាស់ ។ លោកលើកយកសត្វនេះឲ្យជាតំណាងប្រជាពលរដ្ឋស្លូតត្រង់ និងសាមញ្ញបំផុត ហើយរស់នៅឆ្ងាយពីមន្ត្រីជាន់ខ្ពស់ ។

សំយោគន័យ

ពិតមែនតែសុភាសិតនេះមានបីឃ្លាមែន តែមានន័យជាប់ទាក់ទងគ្នាតែមួយ គឺលោកចង់និយាយថា មានមន្ត្រីពុករលួយម្នាក់ស៊ីសំណូកយ៉ាងឆ្ងាញ់ពេញមាត់ ដោយគ្មានគិតក្រែងអ្វីទាំងអស់ ។ គេត្របាក់ស៊ីដោយសុវត្ថិភាព ។
ប៉ុន្តែ បុគ្គលិកក្រោមឱវាទដែលលោកធំប្រើឲ្យធ្វើកិច្ចការនោះវិញទេ ដែលជាអ្នករងគ្រោះជំនួស ។ អ្នករងគ្រោះនេះមិនហ៊ានថ្លែងការណ៍ពិតទេដោយខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន ។ ម្ល៉ោះហើយ សុខចិត្តទ្រាំលេបថ្ម លេបក្រួសទាំងបង្ខំចិត្ត យ៉ាងរមួលកទៅចុះ ។
រីឯប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងរឿងនេះបានត្រឹមតែឈឺចាប់ប៉ុណ្ណោះឯង ។
ឧទាហរណ៍ៈ អ្នកវិនិយោគទុនម្នាក់បនាទៅឃុបឃិតជាមួយមន្ត្រីមានអំណាចម្នាក់ដើម្បីធ្វើប្លង់កាន់កាប់ដី ។ លោកធំប្រើឲ្យភ្នាក់ងារទៅដេញប្រជាពលរដ្ឋចេញដោយជ្រកក្រោមផ្លាកដីអភិវឌ្ឍន៍ ។ ជួនកាលគេរុះរើផ្ទះសម្បែងគ្នាអស់ទៀតផង ។ ឯប្រជាពលរដ្ឋគ្មានអ្វីទៅតវ៉ាឲ្យឈ្នះគេទេ ព្រោះអង្ករក្លាយជាបាយអស់ហើយ ។ ម្ល៉ោះហើយមានតែក្ដីក្ដៅក្រហាយ និងឈឺចាប់យ៉ាងខ្លោចផ្សាតែប៉ុណ្ណោះឯង ៕



ដោយឈូកខ្មែរ













សុភាសិតទី៥៨
កុំពត់ស្រឡៅកុំប្រដៅស្រីមានះ


និយមន័យៈ ភាពរឹងត្អឹងរបស់ស្រីមានះ ។

អត្ថាធិប្បាយ

កុំពត់ស្រឡៅ

ស្រឡៅជាដើមឈើធំខ្ពស់ដូចគគីរដែរ ប៉ុន្តែមិនមូលស្រលនទេ ព្រោះវាមានពួរកំពីកកំពក សណ្ដូកតាមដើម ។ គេតែងយកពួរនេះមកធ្វើដងចប កាំបិត ពូថៅ ។ល។ ព្រោះវាមានភាពរឹងល្អ ។ ប៉ុន្តែវាមានលក្ខណៈពិសេសមួយ គឺបើវាវៀច ឬកោងបែបណាហើយ គេមិនអាចពត់ ឬតម្រង់វាបានទេ ។ បើគេរោលភ្លើងពត់វា វាអាចទៅតាមដៃបាន ប៉ុន្តែដល់ពេលលែងដៃ វានឹងទៅរកកន្លែងដើមវិញដដែល ។

កុំប្រដៅស្រីមានះ

ជាទូទៅនៅក្នុងសង្គមខ្មែរយើង ស្ត្រីភេទតែងមានចរិតទន់ភ្លន់ ចរិយាស្លូតបូត អាចសម្របសម្រួលទៅតាមបរិយាកាសបានស្រួល សូម្បីសម្លៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនាក៏អាចផ្លាស់ប្ដូរទៅតាមប្ដីបានដែរ ។
ប៉ុន្តែចំពោះស្រីមានះវិញ រមែងមានអស្មិរឹងត្អឹងដូចដែកថែប ។ បើមានប្ដីក៏ពុំរណប ឬចុះញ៉មដែរ គឺគេសុខចិត្តលែងលះគ្នាដ៏បានដែរ ដែលថាឲ្យឱនលំទោនចុះចាញ់អ្នកឯងប្រាកដជាអត់សោះតែម្ដង ។
ហេតុនេះហើយបានជាលោកពោលថា កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៕


ដោយឈូកខ្មែរ













សុភាសិតទី៥៩
កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី


និយមន័យៈ ការទូន្មានប្រៀនប្រដៅដែលគ្មានប្រសិទ្ធភាព ។

អត្ថាធិប្បាយ

អត្ថានុរូប

ត្រដោក ជាប្រដាប់ធ្វើពីឈើ ឬឫស្សី និងមានគ្រាប់នៅខាងក្នុងសម្រាប់ចងនៅកក្របី ។ កាលណាវាឱនស៊ីស្មៅ គ្រាប់នោះប៉ះទង្គិចនឹងមាត់ត្រដោកឮសូរប៉ូកៗ ។
ទោះជាសំឡេងត្រដោកឮសូរយ៉ាងណាក៏ដោយ ក៏ក្របីនោះមិនរវល់អើពើដែរ គឺវាគិតតែពីស៊ីស្មៅតាមទម្លាប់ធម្មតារបស់វា ។ គ្រាប់ត្រដោកប៉ះទង្គិចនឹងមាត់ត្រដោកយូរៗទៅក៏ធ្វើឲ្យសឹករេចរឹលមាត់ត្រដោក ឯក្របីស៊ីស្មៅយ៉ាងឆ្អែតតឹងពោះ ព្រោះសំឡេងត្រដោកគ្មានអ្វីធ្វើឲ្យខាត ឬចំណេញដល់វាទេ ។

អត្ថប្បដិរូប

លោកបានប្រៀបធៀបន័យខាងលើនេះទៅនឹងមនុស្សខ្លះដែលឪពុកម្ដាយ អាណាព្យាបាល ឬគ្រូបាអាចារ្យខំប្រឹងប្រៀនប្រដៅអប់រំទូន្មានយ៉ាងណាក៏ដោយ ក៏គេពុំខ្ចីធ្វើដឹង ធ្វើឮអ្វីដែរ ។ គេគិតតែពីធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តរបស់គេ ។ អ្នកទូន្មានខំប្រឹងនិយាយប៉ោចៗបានត្រឹមតែសឹកបបូរមាត់ឥតប្រយោជន៍ ។ ឯកូនចៅ សិស្ស ធ្វើព្រងើយហាក់ដូចគ្មានបានដឹងឮអ្វីទាំងអស់ ។ ន័យនេះមិនខុសពីសត្វក្របីដែលមិនរវល់នឹងសំឡេងត្រដោកដូច្នោះដែរ ៕


ដោយឈូកខ្មែរ











សុភាសិតទី៦០
កុំតូចចិត្តនឹងវាសនាកុំតវ៉ានឹងព្រហ្មលិខិត


និយមន័យៈ ត្រូវចេះតស៊ូ និងអត់ធ្មត់នូវអ្វីដែលខ្លួនបានទទួល ។

អត្ថាធិប្បាយ

វាសនា = សំណាង, សំណាង = ការសាង

កុំតូចចិត្តនឹងវាសនា

វាសនា ជាបច្ច័យបានមកពីការកសាង ។ ការកសាងនេះជួនមានមកពីអតីតជាតិ ជួនមានក្នុងបច្ចុប្បន្នជាតិ ។
តាមទ្រឹស្ដីនៃព្រះពុទ្ធសាសនាបានបញ្ជាក់ថា វាសនារបស់បុគ្គលម្នាក់ៗសុទ្ធតែកើតមានឡើងអំពីអំពើរបស់ខ្លួនម្នាក់ៗជានិច្ច ។ បើខ្លួនបានសាងសន្សំនូវកម្មអ្វី កម្មនោះនឹងផ្ដល់មកឲ្យខ្លួនវិញ ។ ដូចជា បើបុគ្គលសាងនូវសុកលកម្មរមែងបានទទួលនូវកុសលធម៌ (ភាវៈល្អ) ។ បើបុគ្គលសាងអកុសលកម្មរមែងបានទទួលនូវអកុសលធម៌ (ភាវៈអាក្រក់) ។ ន័យនេះមានការប្រៀបធៀបដូចអ្នកដែលដាំដើមខ្នុរ តែងទទួលបានផ្លែខ្នុរ (ផ្អែមល្អ) ។ ឯអ្នកដែលដាំដើមស្លែង តែងបានទទួលផ្លែស្លែង (ពុល) ។
បើយោលតាមទ្រឹស្ដីព្រះពុទ្ធសាសនាខាងលើនេះ បុគ្គលម្នាក់ៗមិនត្រូវតូចចិត្តនឹងវាសនារបស់ខ្លួនទេ ។ ព្រោះអ្វីៗសុទ្ធតែកើតឡើងអំពីអំពើរបស់ខ្លួនទាំងអស់ ។ សមដូចពុទ្ធភាសិតពោលថា ៖ សត្តេ កម្មំ វិភជ្ជតិ សត្វទាំងឡាយរមែងទទួលនូវកម្មដែលខ្លួនបានសាង ។

កុំតវ៉ានឹងព្រហ្មលិខិត

ព្រហ្មលិខិត = ចំណារព្រះព្រហ្ម ឬចំណារដ៏ប្រសើរ
ព្រហ្មលិខិត ដែលមានន័យថា ចំណាររបស់ព្រះព្រហ្មនោះ តាមពិតទៅពុំមានព្រះព្រហ្មឯណាមកចារឲ្យទេ ។ វាគឺជា «កម្ម» ដែលខ្លួនបានសាងនោះឯងចារមកឲ្យ ។
ដូច្នេះ ព្រហ្មលិខិតមានន័យម្យ៉ាងទៀតថា «កម្មលិខិត» ។ កម្មលិខិតនេះ គឺជាចំណារ ឬជាកំណត់ហេតុនៃទង្វើដែលសត្វលោកម្នាក់ៗបានធ្វើរួចមកហើយ ។
តាមទស្សនៈពុទ្ធនិយមបានបញ្ជាក់យ៉ាងច្បាស់ថា ព្រហ្មលិខិត ឬកម្មលិខិតហ្នឹងឯងជាអ្នកផ្ដល់វាសនា ឬបែងចែកនូវកំណើតមនុស្សលោកគ្រប់ៗគ្នា (កម្មយោនី) ។
សុភាសិតទាំងពីរឃ្លាខាងលើនេះ គង់មានន័យប្រហែលគ្នា ។ បើដូច្នេះ តើមានអ្វីដែលមនុស្សលោកត្រូវតូចចិត្ត ត្រូវតវ៉ា បើអ្វីៗទាំងអស់សុទ្ធតែកើតឡើង សម្រេចឡើងដោយខ្លួនឯងជាអ្នកធ្វើ អ្នកសាងទាំងអស់ ។
«ព្រហ្មលិខិត ឬកម្មលិខិត» គ្រាន់តែជាវិញ្ញាបនបត្របញ្ជាក់នូវកម្រិតនៃទង្វើ ឬការសាងរបស់មនុស្សលោកដែលធ្វើតិច ឬច្រើនប៉ុណ្ណោះ ៕

ដោយឈូកខ្មែរ











សុភាសិតទី៦១
កូនក្រោលបង្គោលស្នឹង

និយមន័យៈ មនោសញ្ចេតនាលើអ្នកដែលនៅជាមួយគ្នាយូរ ។

អត្ថាធិប្បាយ

អត្ថានុរូប

គោ ក្របី ដែលម្ចាស់ចិញ្ចឹមយូរជាងគេ ទុកដូចជាម្ចាស់ក្រោល ។ ជារៀងរាល់ថ្ងៃ គេដឹកវាទៅបោះស្នឹងឲ្យស៊ីស្មៅនៅឯវាល ដោយគេចិញ្ចឹមវាទុកប្រចាំក្រោលយូរយ៉ាងនេះហើយ គេក៏មានចិត្តអាណិតស្រឡាញ់វាជាងគេ ។
ដូច្នេះហើយម្ចាស់ក៏មិនលក់ដូរវាដែរ គឺគេទុកវាទ្រព្យសម្អប់ ។ គេហៅវាថា កូនក្រោលបង្គោលស្នឹង ។

អត្ថប្បដិរូប

មនុស្សណាដែលរស់នៅក្នុងស្រុកភូមិយូរជាងគេ លោកហៅថា «ចាស់ស្រុក» ។ លោកប្រៀបធៀបមនុស្សនេះដូចគោ ក្របីប្រចាំក្រោលដែរ ។ មនុស្សនេះបើមានបញ្ហាអ្វីល្មមៗ គេច្រើនលើកអភ័យឲ្យ ព្រោះគេយល់ថា ជាចាស់ទុំប្រចាំស្រុកភូមិទៅហើយ ។
ម្យ៉ាងទៀត មនុស្សណាដែលធ្វើការក្នុងអង្គភាពបានយូរជាងគេមិនផ្លាស់ប្ដូរទៅណាគឺយូរជាច្រើនតំណចៅហ្វាយនាយ ។ មនុស្សនេះក៏គេចាត់ទុកថាជាព្រឹទ្ធាចារ្យប្រចាំអង្គភាពដែរ ។
ពំនោលខាងលើនេះ ពុំមែនជាពាក្យប្រៀនប្រដៅអប់រំអ្វីទេ គឺគ្រាន់តែចង់បញ្ជាក់ថា មនុស្សណាដែលនៅយូរក្នុងកន្លែងណាមួយ តែមានគេរាប់អានច្រើន និងគេស្គាល់ច្រើនពីសំណាក់មហាជនប៉ុណ្ណោះ ។

ដោយឈូកខ្មែរ














សុភាសិតទី៦២
កាប់បំពង់រង់ទឹកភ្លៀង

និយមន័យៈ ការរង់ចាំដែលមិនច្បាស់លាស់ ។

អត្ថាធិប្បាយ

អត្ថានុរូប

មានមនុស្សខ្លះដោយគ្រាន់តែបានឮសូរផ្គរលាន់ក៏នឹងស្មានថា នឹងមានភ្លៀងធំហើយ ។ គេក៏បោះបង់ការងារដែលកំពុងធ្វើនៅដៃចោល រួចក៏ប្រញាប់ប្រញាល់ទៅកាប់ឫស្សីធ្វើបំពង់រង់ចាំត្រងទឹកភ្លៀងដែលមិនទាន់ទាំងដឹងច្បាស់ថា មានភ្លៀងឬក៏អត់ផង ។

អត្ថប្បដិរូប

កិច្ចការអ្វីក៏ដោយ បើមិនទាន់ដឹងច្បាស់លាស់ទេ គេមិនត្រូវសង្ឃឹមខ្លាំងក្លារហូតដល់សុខចិត្តចោលការងារដែលកំពុងធ្វើនៅដៃនោះទេ ។
ឧទាហរណ៍ៈ មនុស្សម្នាក់កំពុងធ្វើចម្ការ ស្រាប់តែថ្ងៃមួយបានដំណឹងថា មានគេបម្រុងមកបើករោងចក្រក្នុងភូមិរបស់ខ្លួន ។ មនុស្សនោះក៏លះបង់ការងារកសិកម្មចោលអស់រលីង ។ មួយថ្ងៃៗ គេគិតតែពីដើរស៊ើបការងាររោងចក្រ ។ ចំណែកក្រុមហ៊ុនក៏ពុំទាន់ប្រាកដថា មកបើកថ្ងៃណាដែរ ។ ឯអ្នករង់ចាំក៏ចេះតែរង់ចាំរហូតទៅ គឺរង់ចាំរហូតដល់អស់លុយកាក់ពីខ្លួន ។
ដូច្នេះការដែលឮសូរ ហើយរង់ចាំនេះពុំល្អឡើយ ៕

ដោយឈូកខ្មែរ












សុភាសិតទី៦៣
កាប់បំពង់រង់ទឹកភ្លៀង


និយមន័យៈ ការរង់ចាំដែលមិនច្បាស់លាស់ ។

អត្ថាធិប្បាយ

អត្ថានុរូប

មានមនុស្សខ្លះដោយគ្រាន់តែបានឮសូរផ្គរលាន់ក៏នឹងស្មានថា នឹងមានភ្លៀងធំហើយ ។ គេក៏បោះបង់ការងារដែលកំពុងធ្វើនៅដៃចោល រួចក៏ប្រញាប់ប្រញាល់ទៅកាប់ឫស្សីធ្វើបំពង់រង់ចាំត្រងទឹកភ្លៀងដែលមិនទាន់ទាំងដឹងច្បាស់ថា មានភ្លៀងឬក៏អត់ផង ។

អត្ថប្បដិរូប

កិច្ចការអ្វីក៏ដោយ បើមិនទាន់ដឹងច្បាស់លាស់ទេ គេមិនត្រូវសង្ឃឹមខ្លាំងក្លារហូតដល់សុខចិត្តចោលការងារដែលកំពុងធ្វើនៅដៃនោះទេ ។
ឧទាហរណ៍ៈ មនុស្សម្នាក់កំពុងធ្វើចម្ការ ស្រាប់តែថ្ងៃមួយបានដំណឹងថា មានគេបម្រុងមកបើករោងចក្រក្នុងភូមិរបស់ខ្លួន ។ មនុស្សនោះក៏លះបង់ការងារកសិកម្មចោលអស់រលីង ។ មួយថ្ងៃៗ គេគិតតែពីដើរស៊ើបការងាររោងចក្រ ។ ចំណែកក្រុមហ៊ុនក៏ពុំទាន់ប្រាកដថា មកបើកថ្ងៃណាដែរ ។ ឯអ្នករង់ចាំក៏ចេះតែរង់ចាំរហូតទៅ គឺរង់ចាំរហូតដល់អស់លុយកាក់ពីខ្លួន ។
ដូច្នេះការដែលឮសូរ ហើយរង់ចាំនេះពុំល្អឡើយ ៕

ដោយឈូកខ្មែរ











សុភាសិតទី៦៤
កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ


និយមន័យៈ ការកាន់ក្ដីក្ដាំត្រូវក្ដាប់ឲ្យណែន ប្រយ័ត្នគ្រោះថ្នាក់ដល់ខ្លួន ។

អត្ថាធិប្បាយ

អត្ថានុរូប

ពស់ក្នុងពេលនេះ លោកសំដៅយកពស់ដែលមានពឹសខ្លាំង ។ លោកចង់និយាយប្រាប់ថា បើបានជាជ្រុលកាន់កពស់ហើយ ត្រូវក្ដាប់ឲ្យណែនជាប់ក្នុងដៃ ។ ព្រោះបើធ្វេសតែបន្តិច ពស់នោះនឹងក្រឡាស់បែរមកចឹកអ្នកកាន់វិញមិនខាន ។

អត្ថប្បដិរូប

ពំនោលខាងលើនេះ លោកចង់និយាយថា មុននឹងចោទប្រកាន់ទៅលើភាគីណាមួយ អ្នកដើមចោទតោងត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងឲ្យបានហ្មត់ចត់ល្អិតល្អន់ជាមុនសិន ។ ព្រោះថាការចោទប្រកាន់ដែលគ្មានភ័ស្តុតាងគ្រប់គ្រាន់ និងមិនត្រឹមត្រូវ វានឹងមានផលអាក្រក់ស្រោចមកលើដើមចោទវិញ ជាហេតុនាំឲ្យមានផលវិបាកជាខ្លាំង ៕

ដោយឈូកខ្មែរ














សុភាសិតទី៦៥

កុំធ្វើស្រែប្រវាស់កុំសង់ផ្ទះចូលគ្នា

និយមន័យៈ ផលវិបាកនៃទង្វើរួមគ្នា ។

អត្ថាធិប្បាយ

ធម្មតាការរកស៊ី បើមុខរបរនោះធំ តម្រូវឲ្យមានភាគហ៊ុនច្រើន គេតែងចូលហ៊ុនគ្នា ទើបប្រកបមុខរបរនោះទៅបាន ។ ក៏ប៉ុន្តែចំពោះការចូលហ៊ុនគ្នា២មុខលោកហាមជាដាច់ខាតពីព្រោះវាបង្កឲ្យមានបញ្ហាខ្លាំងណាស់ គឺ ៖

កុំធ្វើស្រែប្រវាស់

ការធ្វើស្រែប្រវាស់ ដូចជា ម្នាក់មានដីស្រែ ម្នាក់ទៀតមានពូជស្រូវ ឬម្នាក់មានដីស្រែ ម្នាក់ទៀតមានឧបករណ៍ គោ ក្របី នង្គ័ល រនាស់ជាដើម ។
ការប្រវាស់គ្នានេះ អាចឲ្យគេចំណេញបានទាំងសងខាង ក៏ប៉ុន្តែបើការប្រវាស់គ្នានេះធ្វើបានត្រឹមតែពាក់កណ្ដាលដៃ ដូចជា ស្រូវមិនទាន់ចេញផ្លែ ឬកំពុងចេញផ្លែ ស្រាប់តែជួបចៃដន្យចង្រៃ ភាគីទាំងពីរនេះមានជម្លោះដោយប្រការណានីមួយ តើគេបែងចែកភាគផលគ្នាដូចម្ដេចកើត ? ដូច្នេះប្រកដជាជម្លោះនេះរីករាលដាលដែលអាចប្រឈមមុខនឹងគ្រោះថ្នាក់ និងអាចឈានទៅរកការវាយប្រហារគ្នាក៏សឹងមាន ។

កុំសង់ផ្ទះចូលគ្នា

ការសង់ផ្ទះចូលគ្នាក៏មានន័យដូចខាងលើដែរ ។ ពីដំបូងដៃ ភាគីទាំងពីរស្រឡាញ់គ្នាជិតស្និទ្ធចាក់ទឹកមិនលិច រហូតដល់ស្រុះស្រួលគ្នាសង់ផ្ទះរួម ។ លុះដល់ទៅជិតគ្នាយូរបន្តិចទៅ ក៏ស្រាប់តែមានទំនាស់ដែលបណ្ដាលមកពីកត្តាផ្សេងៗ ។ បើទំនាស់មានហើយ តើគេអាចនៅជិតគ្នាបានឬទេ ? តើគេអាចរើផ្ទះចែកគ្នាបានទេ ? ចម្លើយមានតែមួយ គឺគេមិនអាចធ្វើទៅកើតទេ ។ បើមិនកើតទេ គេនឹងឈ្លោះគ្នារាល់ថ្ងៃដែលអាចប្រឈមមុខនឹងការវាយប្រហារគ្នារាល់ថ្ងៃដូចករណីខាងលើដែរ ។
សរុបមក ការរកស៊ីរួមគ្នា ទោះតូចធំក្ដីសុទ្ធតែមានផលវិបាកទាំងអស់ ។ ប៉ុន្តែផលវិបាកដែលលេចធ្លោជាងគេគឺករណីទាំងពីរខាងលើនេះឯង ព្រោះមនុស្សមួយចំនួនសុទ្ធតែមានមហិច្ឆិតាលោភលន់ ចង់បានផលប្រយោជន៍តែរៀងៗខ្លួន ទោះបីជាបងប្អូនបង្កើតក៏ដោយ ៕

ដោយឈូកខ្មែរ











សុភាសិតទី៦៦
កុំស្លាប់ដូចពស់រស់ដូចកង្កែប

និយមន័យៈ កុំធ្វើខ្លួនឲ្យគេខ្លាចគ្រប់កាល និងរស់គ្មានន័យ ។
អត្ថាធិប្បាយ
ធម្មតាសត្វសាហាវយ៉ាងណាក៏ដោយ ពេលងាប់ទៅគេលែងខ្លាចវាអស់ហើយ ។ ប៉ុន្តែសត្វពស់វិញងាប់ក៏ដោយ ក៏គេនៅតែខ្លាចដដែល ។
អត្ថានុរូប
ពស់ នៅពេលនេះ លោកសំដៅយកពស់ដែលមានពឹស ។ ពេលវានៅរស់ អ្នកផងទាំងពួងតែងតែខ្លាចរអាគ្រប់ៗគ្នាទាំងក្មេងទាំងចាស់ ។ លុះពេលវាងាប់ទៅក៏គេនៅតែខ្លាចវាដដែល ។ កម្លាចនេះដោយគិតថាវាមិនទាន់ងាប់មែនទែន ។ បើឃើញវាហើមស្អុយរលួយក៏នៅគិតថាក្រែងពឹសវានៅជាប់តាមឆ្អឹង ឆ្អែងទៀត ។
រីឯសត្វកង្កែប គឺជាសត្វស្លូតហើយល្ងង់ ។ វាខ្លាចគេណាស់ ។ វាគ្មានអាវុធសម្រាប់ការពារខ្លួនទេ ។ ធម្មជាតិបានធ្វើអំណោយដល់វាដោយមានការផ្លាស់ប្ដូរពណ៌សម្បុរស្បែក ទៅតាមទីកន្លែងវារស់នៅសម្រាប់បន្លំខ្លួន និងឲ្យជើងក្រោយវែងមានសាច់ដុំខ្លាំងក្លាសម្រាប់ចាក់លោតបាន ឆ្ងាយដើម្បីគេចខ្លួនពីអន្តរាយផ្សេងៗ ។
ម្យ៉ាងទៀតដោយសារវាជាសត្វល្ងង់ខ្លៅយ៉ាងនេះហើយបានជាវាមិនចេះកាយរូងធ្វើជម្រកទេ គឺវាដើរជ្រកជាមួយរូងក្ដាម ។ វាសប្បាយចិត្តណាស់ក៏ស្រែកវ៉ែបៗនាំឲ្យអ្នកនេសាទឮក៏ខ្វារយកវាដោយទាំងក្ដាមម្ចាស់រូងទៀត ។
អត្ថប្បដិរូប
សត្វពស់ ក្នុងន័យខាងលើនេះ លោកប្រៀបធៀបទៅមនុស្សពាលយង់ឃ្នងកាចសាហាវ ។ មនុស្សពាលនេះកាលបើរស់នៅត្រង់ណា អ្នកផងទាំងពួងតែងមានការភ័យខ្លាចរអាជាខ្លាំង ។ ព្រោះវាបង្កអសន្តិសុខ និងគ្រោះមហន្តរាយ ។ វាគ្មានមនោសញ្ចេតនា អាណិតអាសូរដល់អ្នកណាម្នាក់ឡើយ សូម្បីតែឪពុកម្ដាយ បងប្អូន ញាតិមិត្តវាក៏ដោយ ។
ដូច្នេះ ពួកវាជាទីស្អប់ខ្ពើមនៃសង្គមមនុស្ស និងសង្គមជាតិ ។ លុះដល់ពួកវាស្លាប់ទៅ មនុស្សផងទាំងពួងក៏នៅតែស្អប់ខ្ពើម មិនហ៊ានទៅជិតខ្មោចវាដដែល ព្រោះគេយល់ថា ខ្មោចវាលងសាហាវណាស់ ហើយគេក៏ពុំចូលបុណ្យដែរ ។ គេខ្លាចកើតឡើងជួបវាទៀត ។
រីឯសត្វកង្កែប លោកប្រៀបទៅនឹងមនុស្សអាប់ឥតប្រាជ្ញា គ្មានចេះគ្មានយល់អ្វីទាំងអស់ គឺជាមនុស្សកំសោយ ។ ប្រសិនបើមនុស្សនេះស្លូតក៏គ្មានប្រយោជន៍អ្វីប៉ុន្មានដល់សហគមន៍ ជាតិដែរ ។ គេរស់នៅដោយគ្មានន័យ គឺរស់នៅបានត្រឹមតែមានឈ្មោះថាបានរស់ជាមនុស្សនឹងគេដែរ ប៉ុណ្ណោះ ៕

ដោយឈូកខ្មែរ













សុភាសិតទី៦៧
កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល

និយមន័យៈ ក្នុងលោកនេះគ្មានអ្វីគួរឲ្យទុកចិត្តបានទេ ។

អត្ថាធិប្បាយ

កុំទុកចិត្តមេឃ

មេឃជារបស់ធម្មជាតិ គេមិនអាចកំណត់ ឬបង្គាប់បញ្ជាបានទេ ដូចជា ពេលខ្លះមេឃរកកលចង់ភ្លៀង ស្រាប់តែមិនភ្លៀងទៅវិញ ។ ជួនគេឃើញមេឃស្រឡះសោះស្រាប់តែភ្លៀងភ្លាម ។ ជួនកាលទៀត គេឃើញមេឃបើកថ្ងៃធម្មតាទេ ស្រាប់តែមានភ្លៀងរ៉ុយៗចុះមកដែលគេហៅថា មេឃភ្លៀងបើកថ្ងៃ ។ ដូច្នេះ ឃើញថាគ្មានអ្វីគួរឲ្យគេទុកចិត្តបានឡើយ ។

កុំទុកចិត្តផ្កាយ

ផ្កាយក៏ជារបស់ធម្មជាតិដូចមេឃដែរ ដូច្នេះក៏មិនគួរឲ្យទុកចិត្តបានឡើយ ។ ដូចជាកណ្ដាលអាធ្រាត្រផ្កាយនេះឃើញនៅចំពីលើក្បាល បន្ទាប់មកឃើញនៅទិសខាងលិចវិញ ។ ដូច្នេះ ឃើញថា គេមិនអាចកំណត់ ឬទុកចិត្តថា វានៅនឹងនមួយកន្លែងបានឡើយ ។

កុំទុកចិត្តប្រពន្ធថាគ្មានសហាយ

នៅក្នុងសង្គមខ្មែរ ភរិយាជាចំនួនច្រើនណាស់ដែលប្រកាន់ខ្ជាប់នូវប្រពៃណីជាតិ និងមួយចំនួនធំទៀតជាឧត្ដមភរិយា ទោះបានរៀនសូត្រចេះតិចក្ដី ច្រើនក្ដី ។
ប៉ុន្តែទោះបីភរិយានោះស្ថិតនៅក្នុងករណីដូចម្ដេចក្ដី ក៏គង់នៅមានភរិយាមួយចំនួនតូចដែលបណ្ដោយខ្លួនឲ្យដួលទៅតាមទំនើបនិយម សម្ភារៈនិយមអូសទាញ ។ ភរិយាខ្លះទៀតចាកប្រពៃណីដោយសារភាពក្រីក្រ ទីទ័លពេក ។ ខ្លះទៀតភ្លាត់ខ្លួនដោយសារសម្រស់គេ ។ ខ្លះទៀតលង់ខ្លួនតាមពាក្យលួងលោម ថ្នាក់ថ្នមរបស់គេ ។ ខ្លះទៀតភ្លើតភ្លើនស្រើបស្រាលតាមកាមតណ្ហាអូសទាញ ។ ដោយសារមានករណីជាច្រើនចាំអូសទាញបែបនេះហើយ ទើបលោកប្រាប់ថា កុំទុកចិត្តខ្លាំងពេក ។

កុំទុកម្ដាយថាគ្មានបំណុល

អ្នកម្ដាយជាទីគោរពគ្រប់មជ្ឈដ្ឋាន ទោះថ្នាក់លើ មធ្យម និងក្រោមក្ដី គេកម្រជួបនូវអ្នកម្ដាយដែលមិនជំពាក់បំណុលគេសោះនោះទេ ។ អ្នកម្ដាយខ្លះ ស្ថិតក្នុងលំដាប់ថ្នាក់ឧត្ដមមានលុយ ឡាន វីឡា មានគ្រឿងប្រើប្រាស់សុទ្ធតែទំនើប ពាក់សុទ្ធតែត្បូងមានតម្លៃ មើលទៅមិនគួរឲ្យជឿថា គាត់ខ្វះលុយទេ ។ ប៉ុន្តែថ្ងៃណាមួយអ្នកម្ដាយចាញ់ល្បែង ជំពាក់គេម្ដងម្កាលដែរ ។ អ្នកម្ដាយខ្លះទៀត មានមុខរបរពាណិជ្ជកម្មយ៉ាងធំ គឺដល់ខ្នាតអន្តរជាតិ ។ ប៉ុន្តែគាត់ក៏ជំពាក់គេដល់ខ្នាតអន្តរជាតិដែរ សមដូចពាក្យចាស់ថា «ទូកធំក្ដោងធំមែន» ។ សរុបមក អ្នកម្ដាយភាគច្រើនណាស់ដែលជំពាក់គេទៅតាមឋានៈខ្លួន ៕










សុភាសិតទី៦៩
ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ

និយមន័យៈ អ្វីដែលខុសប្រក្រតី បុគ្គលិកលក្ខណៈក៏ខុសប្រក្រតីដែរ ។

អត្ថាធិប្បាយ

មនុស្សក្ដី សត្វតិរច្ឆានក្ដី ដែលមានលក្ខណៈកាយវិការដូចខាងលើ លោកប្រាប់ថាគួរឲ្យប្រុងប្រយ័ត្ន ។

ក្របីស្នែងកែក

មានសត្វជាច្រើនដែលមានលក្ខណៈមិនប្រក្រតី តែពេលនេះលោកលើកយកសត្វក្របីស្នែងកែកមកធ្វើជាតួយ៉ាង ។ លោកថាសត្វក្របីស្នែងកែកតែងកាច និងមានភាពអំនួតជាងក្របីធម្មតា ។ ឫកពាវាក្រអឺតក្រទម មិនខ្លាចគេទេ ។ កាលណាវាឃើញក្របីដូចគ្នា ឬមនុស្សទៅជិតវាៗតែងអើតក្បាលស្ងើន បង្ហាញនូវភាពអំនួត និងកាច ។

មនុស្សស្រលៀងភ្នែក

តាមការកត់សម្គាល់ឃើញថា មនុស្សស្រលៀងភ្នែកតែងមានអ្វីដែល«លើស» គឺថាល្អ ក៏ល្អលើសគេ បើអាក្រក់ក៏លើសគេ បើស្លូតបើកាចក៏លើសគេដែរ ។ ហេតុនេះហើយបានជាលោកប្រាប់ថា ឲ្យប្រុងប្រយ័ត្ន ។ ព្រោះបើសេពគប់ចំលើអ្នកដែលល្អលើសគេជាការប្រសើរ ។ តែបើចំលើអ្នកអាក្រក់លើសគេវិញគួរឲ្យស្ដាយ ។

ក្រពើកំបុតកន្ទុយ

ចាស់ៗតែងនិយាយប្រាប់កូនចៅថា នៅក្នុងបឹងនេះមានក្រពើកំបុតកន្ទុយមួយ កាចសាហាវខ្លាំងណាស់ ។ បើមានសត្វព្រៃណាចុះផឹកទឹក វាត្របាក់ស៊ីគ្មានឲ្យរួចទេ ។ គេសម្គាល់ឃើញថា ក្រពើកំបុតកន្ទុយកាចសាហាវខ្លាំងក្លាជាងក្រពើធម្មតា ។ មនុស្សម្នាតែងខ្លាចរអានឹងវាគ្រប់ៗគ្នា ។
ដូច្នេះ ឃើញថា អ្វីៗដែលខុសប្រក្រតី អត្តចរិតក៏ខុសប្រក្រតីដែរ ៕


ដោយឈូកខ្មែរ











សុភាសិតទី៧០
ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត


និយមន័យៈ ប្រពៃណីទំនៀមទម្លាប់ខ្មែរក្នុងការស្ដីដណ្ដឹង ។

អត្ថាធិប្បាយ

ក្រមុំដណ្ដឹងម្ដាយ

តាំងពីបុរាណកាលមក ប្រពៃណីទំនៀមទម្លាប់ខ្មែរតម្រូវឲ្យមានការចូលស្ដីដណ្ដឹងស្ត្រីក្រមុំដល់មេបាចាស់ទុំគឺ ម៉ែ ឪ ដែលភាសាបច្ចេកទេសថាចូល «ចែចូវ» ។ ស្ត្រីក្រមុំក្នុងសង្គមខ្មែរពុំមានសិទ្ធិសម្រេចក្នុងការរើសគូស្រករដោយខ្លួនឯងឡើយ ។ ព្រោះគេយល់ថា នាងជាស្ត្រីវ័យក្មេងពុំទាន់បានយល់ការណ៍រាក់ជ្រៅនៅក្នុងជីវភាពគ្រួសារនៅឡើយ ។ ម្យ៉ាងទៀត កូនក្រមុំគេទុកជាកិត្តិយសល្អ ប្រសើរដូចផ្ការីក ចេកទុំ ។ ដូច្នេះ ឪពុកម្ដាយជាអ្នកមានសិទ្ធិសម្រេចគ្រប់បែបយ៉ាងក្នុងការជ្រើសរើសគូស្រករឲ្យកូន ។

ចែចូវ ៖ ចែឲ្យដល់ម៉ូល ចូវឲ្យដល់អូល (ចូលឲ្យដល់ម៉ែ ចូលឲ្យដល់ឪ)
ចែចូវ ៖ បរិវាស័ព្ទ ចូវ គន្លាស់បានជា ចូវដើម្បីបែកផ្លែ (ចែដើម្បីបើកផ្លូវ, បើកផ្លូវស្ទង់ស្ថានការណ៍)

មេម៉ាយដណ្ដឹងចិត្ត

ស្ត្រីមេម៉ាយ គឺស្ត្រីដែលធ្លាប់មានប្ដីរួចម្ដងហើយៗបាត់បង់ប្ដីដោយប្រការណានីមួយ ។ ដូច្នេះ គេយល់ថាស្ត្រីមេម៉ាយនេះចាស់ចិត្តចាស់គំនិតអាចដឹងអាចយល់ពីកិច្ចការណ៍រាក់ជ្រៅ និងមានបទពិសោធន៍ក្នុងជីវភាពគ្រួសាររួចហើយ ។ ឪពុកម្ដាយ ឬអាណាព្យាបាលហាក់ដូចជាបើកសិទ្ធិសម្រេចឲ្យដល់កូនដែលមេម៉ាយក្នុងការជ្រើសរើសគូស្រករថ្មីដោយខ្លួនឯង ។ ដូច្នេះ បុរសណាដែលពេញចិត្តចង់ភ្ជាប់និស្ស័យនឹងនាង គេមិនបាច់ចូលទៅដល់ឪពុកម្ដាយ ឬអាណាព្យាបាលដូចកាលនាងនៅក្រមុំនោះឡើយ ។ គឺគេចូលសួរផ្ទាល់ខ្លួននឹងនាងដោយត្រង់ៗតែម្ដង ។ ប្រសិនបើនាងយល់ព្រមហើយ ទើបគេចូលស្ដីដណ្ដឹងដល់ម៉ែឪជាក្រោយ ។ នៅពេលនេះ ឪពុកម្ដាយអស់មានសិទ្ធិសម្រេចជាយ៉ាងណាហើយ គឺគ្រាន់តែមានសិទ្ធិជួយជាយោបល់ និងជួយសម្រួលឲ្យសមរម្យប៉ុណ្ណោះ ។
ប៉ុន្តែចំពោះកូនស្រីដែលមេម៉ាយក្មេងវ័យពេក ឪពុកម្ដាយក៏បានយកមកចិញ្ចឹមថែរក្សាដូចកាលនៅក្រមុំនោះ ឪពុកម្ដាយក៏នៅតែមានសិទ្ធិសម្រេចដូចកាលនាងនៅក្រមុំដែរ ៕

ដោយឈូកខ្មែរ













សុភាសិតទី៧១
កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ

និយមន័យៈ វិប្បដិសារីនៅពេលកាត់កាល់កូនចៅ ។

អត្ថាធិប្បាយ

អត្ថានុរូប

ធម្មតាទឹក គេមិនអាចកាត់ដាច់ទេព្រោះវាជាវត្ថុរាវ ។ ឯសាច់មនុស្សជាសាច់រស់ បើមានរបួស ឬកាត់ត្រង់ណាមួយដុំឲ្យដាច់ ទោះបីជាតូចប៉ុណ្ណាក៏ដោយ ក៏ប្រាកដជាឈឺមិនខាន ។


អត្ថប្បដិរូប

ពាក្យថា កាត់ទឹកមិនដាច់ លោកលើកយកមកគ្រាន់តែជាការឧបមា និងប្រៀបធៀបប៉ុណ្ណោះ ។ តាមការពិត លោកនិយាយទៅដល់ឪពុកម្ដាយខ្លះដែលខឹងក្រេវក្រោធជាខ្លាំងនឹងកូនចៅដែលប្រព្រឹត្តអនាចារ អសីលធម៌ និងប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ ។ ជាពិសេសគឺកូនមិនលុះដោយដំបូន្មានឪពុកម្ដាយ ឬ អាណាព្យាបាល ។ ទីបំផុតដោយទ្រាំមិនបាន គាត់ក៏សម្រេចិត្តកាត់កាល់វាចោលទៅ ។ ប៉ុន្តែលុះដល់ថ្ងៃក្រោយ ពេលរំសាយកំហឹង គាត់ក៏មានវិប្បដិសារី នឹកអាណិតអាសូរកូនចៅតាមក្រោយ ។
ដោយព្រហ្មវិហារធម៌ដែលគាត់ធ្លាប់មាន និងមិនអាចកាត់ផ្ដាច់បាននោះ ចេះតែធ្វើឲ្យអារម្មណ៍គាត់នឹកមមៃពីសុខទុក្ខរបស់កូនចៅដែលឃ្លាតមិនដឹងទៅទីណា ។
ទោះគាត់ខំប្រឹងបំភ្លេច ឬខំប្រឹងយកជ័យជំនះលើចិត្តរបស់គាត់យ៉ាងណាក៏គាត់មិនអាចកាត់ផ្ដាច់មនោសញ្ចេតនាបានដែរ ។ បើទុកណាជាគាត់មិនសម្ដែងអាការៈឲ្យគេដឹងក៏ដោយ ៕

ដោយឈូកខ្មែរ










សុភាសិតទី៦៨
ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ

និយមន័យៈ អ្វីដែលខុសប្រក្រតី បុគ្គលិកលក្ខណៈក៏ខុសប្រក្រតីដែរ ។

អត្ថាធិប្បាយ

មនុស្សក្ដី សត្វតិរច្ឆានក្ដី ដែលមានលក្ខណៈកាយវិការដូចខាងលើ លោកប្រាប់ថាគួរឲ្យប្រុងប្រយ័ត្ន ។

ក្របីស្នែងកែក

មានសត្វជាច្រើនដែលមានលក្ខណៈមិនប្រក្រតី តែពេលនេះលោកលើកយកសត្វក្របីស្នែងកែកមកធ្វើជាតួយ៉ាង ។ លោកថាសត្វក្របីស្នែងកែកតែងកាច និងមានភាពអំនួតជាងក្របីធម្មតា ។ ឫកពាវាក្រអឺតក្រទម មិនខ្លាចគេទេ ។ កាលណាវាឃើញក្របីដូចគ្នា ឬមនុស្សទៅជិតវាៗតែងអើតក្បាលស្ងើន បង្ហាញនូវភាពអំនួត និងកាច ។

មនុស្សស្រលៀងភ្នែក

តាមការកត់សម្គាល់ឃើញថា មនុស្សស្រលៀងភ្នែកតែងមានអ្វីដែល«លើស» គឺថាល្អ ក៏ល្អលើសគេ បើអាក្រក់ក៏លើសគេ បើស្លូតបើកាចក៏លើសគេដែរ ។ ហេតុនេះហើយបានជាលោកប្រាប់ថា ឲ្យប្រុងប្រយ័ត្ន ។ ព្រោះបើសេពគប់ចំលើអ្នកដែលល្អលើសគេជាការប្រសើរ ។ តែបើចំលើអ្នកអាក្រក់លើសគេវិញគួរឲ្យស្ដាយ ។

ក្រពើកំបុតកន្ទុយ

ចាស់ៗតែងនិយាយប្រាប់កូនចៅថា នៅក្នុងបឹងនេះមានក្រពើកំបុតកន្ទុយមួយ កាចសាហាវខ្លាំងណាស់ ។ បើមានសត្វព្រៃណាចុះផឹកទឹក វាត្របាក់ស៊ីគ្មានឲ្យរួចទេ ។ គេសម្គាល់ឃើញថា ក្រពើកំបុតកន្ទុយកាចសាហាវខ្លាំងក្លាជាងក្រពើធម្មតា ។ មនុស្សម្នាតែងខ្លាចរអានឹងវាគ្រប់ៗគ្នា ។
ដូច្នេះ ឃើញថា អ្វីៗដែលខុសប្រក្រតី អត្តចរិតក៏ខុសប្រក្រតីដែរ ៕


ដោយឈូកខ្មែរ












សុភាសិតទី៧៣
កំភ្លាញស្លាប់ពីព្រោះមាត់


និយមន័យៈ ការនិយាយពុំស្គាល់កាលគួរ ឬពុំគួរ ។

អត្ថាធិប្បាយ


អត្ថានុរូប

ត្រីកំភ្លាញ ទោះនៅទីណាក៏មិនស្ងាត់កំបាំងដែរ ។ ជាទម្លាប់ពីកំណើតរបស់វាៗតែងធ្វើមាត់ចឹបៗ នាំឲ្យមានរលកដល់ផ្ទៃទឹកខាងលើ ។ ឯមនុស្សឃើញហើយក៏យកសន្ទូចមកស្ទូច ឬយកឈ្នាងមកជញ្ជាត់ ។ ត្រីកំភ្លាញក៏ងាប់អសារបង់ ។

អត្ថប្បដិរូប

មានមនុស្សមាត់ដាចខ្លះ និយាយអ្វីៗពុំសូវបានគិតដល់បរិយាកាសនៅជុំវិញខ្លួនទេ ។ គេនិយាយតាមការនឹកឃើញ ដោយពុំបានគិតថា រឿងនេះគួរនិយាយ ឬមិនគួរទេ ។ ជួនកាល គេនិយាយទៅប៉ះពាល់ដល់កិត្តិយសអ្នកមានអំណាចណាម្នាក់ ។
មិនស្ងាត់កំបាំង ស្រាប់តែគេមកចាប់យកទៅធ្វើទោសទណ្ឌ ជួនកាលរហូតដល់ស្លាប់ក៏សឹងមាន ៕

ដោយឈូកខ្មែរ









សុភាសិតទី៧៤



និយមន័យៈ ជនល្មើសភ្លេចគុក តែគុកមិនភ្លេចជនល្មើសទេ ។

អត្ថាធិប្បាយ

អត្ថានុរូប

ជង់ ជាអន្ទាក់តឿឥតដង មានតែជើងស្រួចខ្លីសម្រាប់ដោតជាប់ទៅក្នុងដី ។
កុកដើរមកចំរង្វង់ខ្សែធ្នាក់ៗក៏រឹតជើងជាប់ ។ ជួនកាលវារលាស់ជើងរួចផុត ។ ពេលវាដើរទៅ វាឥតគិតខ្វល់នឹងខ្សែអន្ទាក់ជង់ទៀតទេ ។ ប៉ុន្តែខ្សែធ្នាក់ជង់នៅតែរង់ចាំទទួលជើងកុកជានិច្ច ។

អត្ថប្បដិរូប

ជនល្មើសដែលប្រព្រឹត្តកំហុសឆ្គងរួចហើយៗរត់គេចខ្លួន ឬរត់ចោលស្រុកបាត់ទៅ តែនឹកគិតថា គ្មានអ្នកណាដឹងទេ គឺវាភ្លេចសមត្ថកិច្ចអស់ហើយ ។ ប៉ុន្តែសមត្ថកិច្ចឥតមានភ្លេចវាទេ ។ ពីមួយថ្ងៃទៅមួយថ្ងៃ គេខំប្រឹងធ្វើការតាមដានស្រាវជ្រាវជាប់ជាប្រចាំដើម្បីឈានទៅរកការចាប់ខ្លួន ។ កាលណាកិច្ចការគេមានលក្ខណៈគ្រប់គ្រាន់ហើយ គេក៏ចាប់ខ្លួនវាយកមកដាក់គុកទៀត ៕

ដោយឈូកខ្មែរកុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ











សុភាសិតទី៧៥
ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត

និយមន័យៈ គ្មានភ្លើងអ្វីក្ដៅស្មើនឹងភ្លើងទោសៈ ។

អត្ថាធិប្បាយ

កម្ដៅព្រះអាទិត្យ ឬកម្ដៅថ្ងៃ អ្នកប្រាជ្ញខាងវិទ្យាសាស្ត្របានពោលថា វាមានកម្ដៅរាប់ពាន់ម៉ឺនអង្សាសេ ។
ប៉ុន្តែទោះបីវាមានឋាមពលខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏នៅតែចាញ់កម្ដៅចិត្តទោសៈមនុស្សលោកដែរ ។ ព្រោះកម្ដៅថ្ងៃមិនអាចដុតកម្លោចភពផែនដី ឬដុតឲ្យឆេះសម្លាប់មនុស្សលោកបានទេ ។ ផ្ទុយទៅវិញ កម្ដៅភ្លើងចិត្តទោសៈមនុស្សលោកមានឋាមពលអាចដុតកម្លោចភពផែនដី ឬដុតឲ្យឆេះមនុស្សលោកខ្លួនឯងបាន ។ ព្រោះថាកាលណាមនុស្សលោកក្ដៅចិត្តហើយ គេធ្វើអាវុធប្រល័យលោក បំផ្លាញភពផែនដី និងជីវិតមនុស្ស សត្វ រុក្ខជាតិ ឲ្យអន្ដរធានតែក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ៕


ដោយឈូកខ្មែរ











សុភាសិតទី៧៦
កក់ក្ដៅដូចអាំងផេះ


និយមន័យៈ ការទុកចិត្តដែលឥតខ្លឹមសារ ។

អត្ថាធិប្បាយ

មនុស្សដែលរងាតែងរកអាវក្រាស់ៗមកពាក់ដើម្បីឲ្យកក់ក្ដៅ ។ បើគ្មានអាវពាក់ការពារទេ គេតែងបង្កាត់ភ្លើងអាំងឲ្យកក់ក្ដៅ ។
មនុស្សរងាពេលនេះ លោកនិយាយប្រៀបប្រដូចនឹងមនុស្សគ្មានទីពឹង ។ ដូច្នេះមនុស្សនេះត្រូវស្វែងរកទីពឹង គ្រាន់ជាបង្អែកពឹងពាក់ពំនាក់អាស្រ័យ ។ ការដែលស្វែងរកទីពឹងនេះ ជួនកាលក៏ពឹងទៅលើអ្វីដែលគ្មានផលប្រយោជន៍គ្មានខ្លឹមសារបន្តិចសោះ ។
ឧទាហរណ៍ៈ នាយ «ក» បានទៅពឹងពាក់លោក «ខ» ឲ្យជួយរកការងារធ្វើ ឬរកមុខរបរអ្វីមួយដើម្បីចិញ្ចឹមជីវិត ។ តាំងពីថ្ងៃនោះមក នាយ «ក» ចេះតែសង្ឃឹម និងកក់ក្ដៅចិត្តជាប់ជានិច្ចថា គេមុខជាជួយរកមុខរបរស ឬការងារអ្វីមួយឲ្យខ្លួនមិនខាន ។ តែតាមពិតលោក «ខ» គ្រាន់តែបានទទួលអ៊ឺ អើ តែបបូរមាត់ប៉ុណ្ណោះ គឺឥតបានជួយរកអ្វីបន្តិចឡើយ ។
ម្យ៉ាងទៀត ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភូមិមួយដែលមានចោរលួច ចោរប្លន់ជាញឹកញាប់ ។ ប៉ុន្តែសមត្ថកិច្ចបង្ក្រាបហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ ។ ដូច្នេះ ប្រជាពលរដ្ឋហាក់ដូចជាគ្មានជំនឿទៅលើសមត្ថកិច្ចសោះ គឺគេកក់ក្ដៅដូចអាំងផេះដែរ ៕



ដោយឈូកខ្មែរ












សុភាសិតទី៧៧
ក្ដាមស្រែណាកាត់ស្រែនោះ

និយមន័យៈ ជនល្មួចនៅត្រង់ណាលួចនៅត្រង់នោះ ។

អត្ថាធិប្បាយ

អត្ថានុរូប

ក្ដាម ជាសត្វចង្រៃ បើវានៅត្រង់ណា វាកាត់បំផ្លាញត្រង់នោះ ។ ហេតុនេះហើយ បានជាគេឃើញស្រែណាដែលសម្បូរក្ដាមច្រើន ស្រែនោះពុំសូវបានភោគផលល្អទេ ។ ព្រោះក្ដាមកាត់ស៊ីពន្លកស្រូវខ្ចីៗខ្ទេចខ្ទីរអស់ហើយ ។
គេមិនដែលឃើញក្ដាមដើរកាត់ស្រូវនៅស្រែណាឆ្ងាយៗពីកន្លែងវារស់នៅទេ ។

អត្ថប្បដិរូប

ក្ដាម លោកប្រៀបទៅនឹងមនុស្សល្មួច ។ ធម្មតា មនុស្សល្មួច បើនៅក្នុងស្រុកភូមិណា វាតែងលួចក្នុងស្រុកភូមិនោះ ។ ម្យ៉ាងទៀត មនុស្សល្មួចនេះ បើនៅក្នុងអង្គភាពវិញ គេឲ្យកាន់អង្ករ លួចអង្ករ បើឲ្យកាន់សាំង លួចសាំង ។ល។
សព្វថ្ងៃនេះ ដោយវិទ្យាសាស្ត្រជឿនលឿន ជនល្មួចនេះក៏ជឿនលឿនដែរ គឺវាមិននៅតែមួយកន្លែងទេ ។ វាធ្វើការបន្លាស់ទីកន្លែងមួយទៅទីកន្លែងមួយទៀត រហូតដល់ផ្លាស់ពីខេត្តមួយទៅខេត្តមួយទៀតផង ។ ព្រោះការលួចនេះគឺជាអាជីពសម្រាប់ពួកវាទៅហើយ ៕



ដោយឈូកខ្មែរ













សុភាសិតទី៧៨
ក្បាលអ្នកណាសក់អ្នកហ្នឹង


និយមន័យៈ អ្នកណាធ្វើ អ្នកនោះទទួល ។

អត្ថាធិប្បាយ

អត្ថានុរូប

ធម្មតាក្បាល និងសក់ ជារបស់នៅជាប់ជាមួយគ្នា ។ សក់ដុះនៅលើក្បាលអ្នកណា វាជាសម្បត្តិរបស់អ្នកនោះឯង ។ គឺគ្មានអ្នកណាផ្សេងយកក្បាលមកទទួល ឬរំលែកបានទេ ឬមានអ្នកណាផ្សេងមកតវ៉ាថា សក់លើក្បាលអ្នកឯងជារបស់ខ្ញុំដែរ ។

អត្ថប្បដិរូប

ពាក្យនេះលោកនិយាយប្រៀបធៀបទៅលើទង្វើអ្វីមួយដែលអ្នកណាម្នាក់បានប្រព្រឹត្ត បានធ្វើ បានសាង ។ រីឯលទ្ធផលដែលត្រូវផ្ដល់ឲ្យមកវិញគឺអ្នកធ្វើនោះឯងជាអ្នកទទួលដោយមិនអាចអំពាវនាវហៅរក ឬជួលអ្នកណាផ្សេងឲ្យមកជួយទទួលរងទុក្ខទោស ឬជួយរំលែកបានទេ ។
ករណីនេះ សមដូចពាក្យចាស់លោកពោលថា «ភ្លើង អ្នកណាជាន់ អ្នកនោះឯងជាអ្នកក្ដៅ» ។

ដោយឈូកខ្មែរ










សុភាសិតទី៧៩
កង់ត្រាចកង់ធ្នង់


និយមន័យៈ វាសនាកម្មមនុស្សម្នាក់ៗមិនមានភាពប្រាកដនិយមទេ ។

អត្ថាធិប្បាយ

អត្ថានុរូប

រទេះគោ ឬក្របី មានកាំ និងខ្នងកង់ធ្វើពីឈើខ្លឹម ស្វិតជាប់ល្អ ។
ខ្នងកង់ ផ្គុំឡើងពីឈើច្រើនកំណាត់ ។ កំណាត់នីមួយៗមិនប្រាកដជាប្រភេទឈើតែមួយមុខទេ ។ គេជ្រើសយកឈើដែលស្វិតមាំ ។ ជួនគេយកឈើត្រាចខ្លះ ឈើធ្នង់ខ្លះ មកផ្គុំចម្រុះគ្នា ។
ពេលគេបររទេះទៅ គេឃើញកំណាត់ឈើត្រាចនៅលើ ឈើធ្នង់នៅក្រោម ។ បន្ទាប់មក ឈើធ្នង់ឡើងលើ ឈើត្រាចមកនៅក្រោមម្ដងវិញ ។ កង់ត្រាច កង់ធ្នង់ ចេះតែផ្លាស់ប្ដូរគ្នាជារហូតទៅ ។

អត្ថប្បដិរូប

មនុស្សម្នាក់ៗរមែងមានវាសនាកម្មខុសៗគ្នា ។ ជួនកាល គេឃើញបុរស «ក» មានបុណ្យស័ក្តិខ្ពស់ ឬមានទ្រព្យសម្បត្តិស្ដុកស្ដុម្ភ ។ ឯបុរស «ខ» មានជីវភាពជាជនសាមញ្ញ ឬ ក្រីក្រតោកយ៉ាក ។ បន្ទាប់មក គេឃើញលោក «ក» ប្រព្រឹត្តខុសធ្លាក់បុណ្យស័ក្តិ ឬចាញ់ល្បែងធ្លាក់ខ្លួនក្រីក្រលំបាកលំបិនពេកក្រៃ ។ ឯបុរស «ខ» ស្រាប់តែរកស៊ីកាក់កប មានលុយចាយសម្បូរសប្បាយ មានឡានវីឡា ឡើងជាអ្នកមានស្ដុកស្ដម្ភ មានគេគោរពកោតក្រែងរអែងបុណ្យស័ក្តិទៀតផង ។




ដោយឈូកខ្មែរ

















សុភាសិតទី៨០
ក្រក៏ក្រចុះឲ្យតែមាន

និយមន័យៈ ក្រទ្រព្យសម្ប័ទចុះឲ្យតែមានចំណេះវិជ្ជា ។

អត្ថាធិប្បាយ

មនុស្សគ្រប់គ្នាកើតឡើងសុទ្ធតែចង់មាន ចង់បានទ្រព្យសម្ប័ទ និងបុណ្យស័ក្តិ ។ តែការចង់បាននេះ វាពុំប្រាកដថាបានសមតាមបំណងទេ ។
ពេលនេះ លោកចង់ពោលថា បើបានជាកើតមកហើយក្រីក្រក៏ក្រទៅចុះឲ្យតែមានចំណេះវិជ្ជា ។ លោកបានឲ្យតម្លៃទៅចំណេះវិជ្ជាថា ជាទ្រព្យសម្ប័ទប្រសើរឧត្ដុង្គឧត្ដមបំផុត ព្រោះគ្មានអ្នកណាមកឆក់ដណ្ដើម ឬលួចប្លន់បានទេ សូម្បីតែភ្លើងក៏មិនអាចឆេះបានផង ។ ឯទ្រព្យសម្ប័ទប្រើប្រាស់នានា ចោរអាចឆក់ប្លន់ ឬភ្លើងឆេះអន្ដរធានក្នុងរយៈពេលខ្លីបំផុត ។
ដូច្នេះ លោកឲ្យស្វែងរកចំណេះវិជ្ជាមកទុកក្នុងខ្លួន ។ កាលបើមានចំណេះវិជ្ជាហើយ ទ្រព្យសម្ប័ទ បុណ្យស័ក្តិ កើតតាមក្រោយយ៉ាងងាយបំផុត ។

ដោយឈូកខ្មែរ











សុភាសិតទី៨១
កុំប្រដៅក្រពើឲ្យហែលទឹក


និយមន័យៈ មុនប្រដៅគេ ត្រូវដឹងពីសមត្ថភាពគេសិន ។

អត្ថានុរូប

សត្វក្រពើ មានការស្ទាត់ជំនាញបំផុតក្នុងការហែលទឹកតាំងពីកំណើតវាមក ព្រោះវាធ្លាប់រស់នៅតែក្នុងទឹកមួយជីវិត ។ ដូច្នេះមិនបាច់បង្វឹកវាឲ្យចេះហែលទឹកទេ ។

អត្ថប្បដិរូប

បើអ្នកចង់និយាយពីអ្វីដែលមានន័យប្រហាក់ប្រហែលនឹងការប្រៀនប្រដៅ គេតោងដឹងពីជំនាញរបស់គេសិន ។ ឧទាហរណ៍ៈ
•    មិនត្រូវនិយាយពីបច្ចេកទេសធ្វើតុ ទូ តាំង ប្រាប់ដល់ជាងអាជីពតុ ទូ តាំងទេ ។
•    មិនត្រូវនិយាយពីច្បាប់ប្រាប់បណ្ឌិតច្បាប់ទេ ។
•    មិនត្រូវនិយាយពីគរុកោសល្យប្រាប់លោកសាស្ត្រាចារ្យទេ ។
សរុបមក គេមិនត្រូវនិយាយពីកិច្ចការអ្វីមួយប្រាប់ទៅអ្នកដែលមានអាជីពក្នុងកិច្ចការនោះទេ វៀរលែងតែគេសួរ ។

ដោយឈូកខ្មែរ











សុភាសិតទី៨២
កុំផ្ញើស្រានឹងអ្នកប្រមឹក


និយមន័យៈ កុំយករបស់អ្វីទៅផ្ញើនឹងអ្នកកំពុងត្រូវការ ។

អត្ថាធិប្បាយ

មុននឹងផ្ញើរបស់អ្វីមួយទៅនឹងអ្នកណាម្នាក់ គេត្រូវដឹងពីចំណុចខ្សោយអ្នកនោះសិន ។ ព្រោះថា មនុស្សដែលមានចំណុចខ្សោយតែងត្រូវការចំណុចខ្លាំង ។ គឺមនុស្សដែលកំពុងត្រូវការអ្វី ហើយអ្វីនោះបានមកដល់ដៃ ។ គេប្រាកដជាបេះបោចរបស់នោះមិនខាន បើមិនច្រើនក៏តិចតួចដែរ ។ ឧទាហរណ៍ ៖
•    យកដែក ផ្ញើនឹងជាងដែក ដែលកំពុងត្រូវការដែក
•    យកឈើ ផ្ញើនឹងជាងឈើ ដែលកំពុងត្រូវការឈើ
•    យកលុយ ផ្ញើនឹងអ្នកក្រីក្រ
•    យកអង្ករ ផ្ញើនឹងអ្នកកំពុងដាច់ពោះ
ដូចនេះ ការយកស្រាទៅផ្ញើនឹងអ្នកប្រមឹកក៏មានន័យដូចគ្នា ។ ទោះបីគេដឹងថា មនុស្សនោះស្លូតត្រង់ និងស្មោះត្រង់យ៉ាងណាក៏ដោយ ។ ពាក្យចាស់លោកពោលថា មនុស្សទៀងមិនឈ្នះទ័ល តែទ័លហើយ មុខជាហ៊ានប្រថុយបេះបោចខ្លះមិនខាន ។

ដោយឈូកខ្មែរ












សុភាសិតទី៨៣
ក្របីនឹងចេក ក្អែកនឹងពងមាន់

និយមន័យៈ របស់ជាទីចូលចិត្តនៃភាគីមួយ ។

អត្ថានុរូប

ធម្មតា ក្របី កាលណាឃើញស្លឹកចេក វាបោលតម្រង់ទៅរកស៊ីភ្លាម ព្រោះស្លឹកចេកជាចំណីយ៉ាងឆ្ងាញ់សម្រាប់វា ។ ឯពងមាន់ក៏ជាទីចូលចិត្តនៃសត្វក្អែកដែរ ។

អត្ថប្បដិរូប

សុភាសិតទាំងពីរឃ្លាខាងលើនេះ មានន័យតែមួយដូចគ្នា ។ លោកចង់និយាយដៅទៅលើរបស់ដែលជាកម្មវត្ថុ និងជាទីពេញចិត្តនៃភាគីមួយ ។ ដូចជា មនុស្សកាលណាបានឃើញមាសប្រាក់ កែវកង ពិទូរ្យសូរ្យកាន្ត តែងលោភលន់ចង់បានតាមតណ្ហារបស់ខ្លួន ។
គេអាចចែកសុភាសិតនេះបានម្យ៉ាងទៀតថា មនុស្សដែលស្រលាញ់គ្នា ត្រូវចិត្តគ្នា កាលណាបានឃើញគ្នា គេតែងរត់រកគ្នាជានិច្ច ។


ដោយឈូកខ្មែរ











សុភាសិតទី៨៤
កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ

និយមន័យៈ កុំទុកចិត្តមនុស្ស ទោះក្នុងប្រភេទណាក៏ដោយ ។

អត្ថាធិប្បាយ

ព្រះរាជសម្ភារ ទ្រង់មានបន្ទូលថា ឲ្យប្រយ័ត្នមនុស្សបីពួកនេះគឺ ៖

កុំទុកចិត្តបរទេស

បរទេស គឺជាជាតិសាសន៍ទីទៃពីម្ចាស់ស្រុក ។ គេតែងមានទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា វប្បធម៌ផ្សេងពីម្ចាស់ស្រុក ។ ទោះបីពួកនេះកើតក្នុងប្រទេសម្ចាស់ស្រុក ឬចូលជាតិសាសន៍ក៏ដោយ ។ មនុស្សដែលមានប្រពៃណី វប្បធម៌ខុសគ្នាបែបនេះ តែងមានចិត្តគំនិតប្លែកគ្នាពីម្ចាស់ស្រុកដែរ ។ ដូច្នេះ គេមិនត្រូវទុកចិត្តឲ្យអស់ពីពោះឡើយ ។

កុំទុកចិត្តអភិនេស្ក្រម៍

អភិនេស្ក្រម៍ គឺពួកជនដែលតាំងខ្លួនថាជាអ្នកប្រព្រឹត្តនូវព្រហ្មចរិយាធម៌ ប្រកាន់ខ្ជាប់នូវសីលទាន ភាវនា ។ ពួកជននេះ រាប់ទាំងអ្នកបួសដែលតាំងខ្លួនថាជាអ្នកស្ងប់ ប្រកបដោយគុណធម៌ខ្ពស់ និងវិសេសវិសាលក្រៃលែងលើសគេ ។ គ្រប់ឥរិយាបថ ពួកខ្លះធ្វើឫករម្យទម ស្រគត់ស្រគំ សង្រួមឥន្ទ្រីយ៍គួរឲ្យគោរព ។ ប៉ុន្តែមានជនខ្លះ គ្រាន់តែយកខ្លួនមកជ្រកក្នុងស្បែកលា ។ ឯធាតុពិត នៅខាងក្នុងគឺជាសត្វខ្លាកំណាចដែលប្រកបដោយគ្រោះថ្នាក់យ៉ាងក្រៃលែង ។
គេមិនត្រូវសម្គាល់មនុស្សល្អ ឬអាក្រក់ដោយគ្រាន់តែឃើញសម្បកក្រៅប៉ុណ្ណោះទេ ។ សមដូចពុទ្ធភាសិតពោលថា «អតិ សន្តេបិ នាស្មសេ» មិនត្រូវទុកចិត្តមនុស្សដែលធ្វើឫករម្យទមឡើយ ។

កុំទុកចិត្តអភិប្រាយ

អភិប្រាយ គឺជនដែលមានវោហារសព្ទម៉េតប្រាយ និងមានសម្ដីថ្វីមាត់ពូកែប្រាជ្ញប្រោក និយាយមិនចេះហត់ ទោះទៅទីណាក៏ឮសូរតែមាត់ ។ ព្រោះគេជាមនុស្សមានទេពកោសល្យក្នុងការនិយាយ ចេះធ្វើឲ្យគេជឿតាមទស្សនៈខ្លួន ។ ជនប្រភេទនេះ ក៏មិនគួរឲ្យទុកចិត្តទាំងអស់បានទេ ។

ដោយឈូកខ្មែរ










សុភាសិតទី៨៥
ការពារប្រសើរជាងព្យាបាល


និយមន័យៈ ការទប់ស្កាត់មុនប្រសើរជាងការដោះស្រាយ ។

អត្ថាធិប្បាយ

ហេតុការណ៍អ្វីដែលគេបានដឹងមុនថានឹងមានផលអាក្រក់ជាវិជ្ជមាននោះ គេត្រូវទប់ស្កាត់វាឲ្យបានមុនវាកើតឡើង ។ ដូចជាដឹងថា ៖
•    បើគ្មានអនាម័យនឹងមានជំងឺ
•    បើមិនអប់រំកូនចៅឲ្យល្អនឹងជាប់គុក
•    បើមិនធ្វើរបងការពារភូមិស្ថាននឹងបាត់បង់ទ្រព្យសម្បត្តិ
•    បើមិនប្រុងប្រយ័ត្នក្នុងការធ្វើចរាចរនឹងមានគ្រោះថ្នាក់
•    បើមិនរៀនសូត្រនឹងប្រឡងធ្លាក់
ដូច្នេះ គេត្រូវការពារមុន កុំឲ្យមានជំងឺ កុំឲ្យជាប់គុក កុំឲ្យចោរលួច កុំឲ្យគ្រោះថ្នាក់ កុំឲ្យប្រឡងធ្លាក់ ។ ព្រោះថា បើបណ្ដោយឲ្យផលអាក្រក់កើតឡើងទើបព្យាបាល ឬដោះស្រាយតាមក្រោយនោះ នាំឲ្យខាតបង់ប្រាក់កាស និងខាតបង់ពេលវេលា ។
 ដោយឈូកខ្មែរ












សុភាសិតទី៨៦
កកក៏បាយ មេម៉ាយក៏ស្រី


និយមន័យៈ ការនិយាយលើកទឹកចិត្តខ្លួនឯង ។

អត្ថាធិប្បាយ

កកក៏បាយ

អ្នកទទួលទានបាយកក មកពីគ្មានបាយក្ដៅ ។ បើមានបាយក្ដៅ មុខជារុញបាយកកចេញ ។ ព្រោះបាយក្ដៅ យ៉ាងណាក៏ឆ្ងាញ់ជាងបាយកកដែរ ។ ម្ល៉ោះហើយ ចេះតែទទួលទានទាំងបង្ខំចិត្តទៅ ។ ប៉ុន្តែដើម្បីលើកទឹកចិត្តខ្លួនឯង ក៏និយាយថា បាយកកក៏បាយដែរ ឆ្អែតដូចតែគ្នា ។

មេម៉ាយក៏ស្រី

អ្នកដែលយកប្រពន្ធមេម៉ាយ ពុំមែនមានន័យថា រកប្រពន្ធក្រមុំពុំបាននោះទេ ។ ប៉ុន្តែមកពីមានកត្តាផ្សេងៗជាច្រើនដូចជា ៖
•    ស្ត្រីមេម៉ាយខ្លះ មានរូបរាងស្អាត ស្រស់ប្រិមប្រិយ
•    ស្ត្រីមេម៉ាយខ្លះ មានទ្រព្យសម្បត្តិ មានកិត្តិយស មានបុណ្យស័ក្តិ
•    ស្ត្រីមេម៉ាយខ្លះ មានអំណោយទាន ឬមានឧបនិស្ស័យ ។
និយាយរួមទៅ សេចក្ដីស្នេហា ឬសេចក្ដីស្រលាញ់ពុំប្រាកដថា ក្រមុំ មេម៉ាយអ្វីទេ ឲ្យតែស្រលាញ់ ឬ ត្រូវចិត្តគ្នា ឬក៏មាននិស្ស័យនឹងគ្នា ក៏ស្រលាញ់គ្នាបានហើយ ។ ព្រោះសេចក្ដីស្រលាញ់ពុំរើសឋានៈ ឬ វណ្ណៈទេ ។ សមដូចពាក្យចាស់លោកពោលថា ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ។
ដូច្នេះ ដើម្បីលើកទឹកចិត្តខ្លួនឯង គេក៏ពោលថា មេម៉ាយក៏ស្រីដែរ គឺស្រីដូចតែគ្នា បង្កើតកូនបានដូចតែគ្នា ។


ដោយឈូកខ្មែរ
















 

សុភាសិតទី៨៧
ក្អែកមួយជាក្អែកដប់

និយមន័យៈ មាត់មនុស្សនិយាយតៗគ្នាក្លាយពីមួយជាដប់ ។

អត្ថាធិប្បាយ

ការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ម្នាក់ពន្លើសបន្តិច ម្នាក់ទៀតពន្លើសបន្តិច ។ បន្តគ្នាតែដប់ដងធ្វើឲ្យបាត់ភាពដើមអស់រលីង ។ រឿងនេះ លោកបានលើកឧទាហរណ៍ដូចតទៅ ៖
បុរសម្នាក់ទើបនឹងការប្រពន្ធរួចថ្មីៗ ។ ព្រឹកមួយ បុរសនោះទៅបត់ជើងក្នុងព្រៃក្រោយផ្ទះ ក៏ប្រទះឃើញកូនពាងមួយពេញដោយមាស ។ បុរសនោះក៏កាយដីកប់ទុក ។ ពេលមកដល់ផ្ទះ គេមិនហ៊ានប្រាប់ការណ៍ពិតដល់ប្រពន្ធទេ ខ្លាចនាងបិទមាត់មិនជិត ។ រួចគេក៏និយាយប្រាប់ប្រពន្ធថា នាងអើយព្រឹកមិញ ខ្ញុំបត់ជើងក្រោយផ្ទះ ស្រាប់តែមានក្អែកមួយហើរចេញពីគូទខ្ញុំ ។ ចូរនាងកុំនិយាយប្រាប់អ្នកណាឲ្យសោះ ។ ប្រពន្ធគិតថារឿងនេះចម្លែកណាស់ មិនអាចនៅស្ងៀមបាន ក៏ទៅទម្លាយប្រាប់មិត្តជិតស្និទ្ធម្នាក់ថា ប្ដីខ្ញុំបត់ជើងចេញក្អែកពីរ ។ មិត្តនោះនិយាយបន្តថា ចេញក្អែកបី ។ ការនិយាយប្រាប់គ្នាបន្តបែបនេះ បានកើនចំនួនឡើងដល់ដប់ ។
រឿងនេះមិនស្ងាត់ ក៏ទ្រង់ជ្រាបដល់ព្រះមហាក្សត្រ ។ ព្រះរាជាត្រាស់បង្គាប់ឲ្យនាំបុរសនោះចូលមកគាល់ ។ ព្រះអង្គត្រាស់ដណ្ដឹងសួរបុរសនោះ ។ លុះទ្រង់ព្រះសណ្ដាប់ហើយ ក៏ឈ្វេងយល់ថា បុរសនេះមានប្រាជ្ញាឆ្លាតវាងវៃណាស់ ចេះពិសោធរកកម្លាយដែលនិយាយតៗគ្នា ។ ព្រះអង្គក៏ត្រាស់បង្គាប់ឲ្យរាជបុរសទៅនាំយកពាងមាសនោះ មកដាក់ក្នុងឃ្លាំងព្រះរាជទ្រព្យ រួចតែងតាំងបុរសនោះជាមន្ត្រីគ្រប់គ្រងឃ្លាំងជារៀងរហូតមក ។

ដោយឈូកខ្មែរ













សុភាសិតទី៨៩
ក្ដិចសង្អារបញ្ជល់គ្នា


និយមន័យៈ ការញុះញង់បំបែកបំបាក់សាមគ្គី ។

អត្ថាធិប្បាយ

អត្ថានុរូប

សត្វសង្អារ បើនៅក្នុងក្រុមជាមួយគ្នា វាមិនខាំគ្នាទេ ទោះជាគេចាប់ដាក់ឲ្យខាំគ្នាក៏ដោយ ។ ប៉ុន្តែបើគេចាប់វាក្នុងក្រុមជាមួយគ្នាមកក្ដិចគូទ រួចដាក់ឲ្យខាំគ្នា វានឹងខាំគ្នាវក់វី លែងស្គាល់ងាប់រស់ ព្រោះវាបាត់បង់លក្ខណៈធម្មជាតិ ។

អត្ថប្បដិរូប

មនុស្សធ្លាប់រស់ក្នុងសង្គម ឬក្នុងអង្គភាពជាមួយគ្នា ធ្លាប់ស្រលាញ់រាប់អានគ្នាដូចបងប្អូន ។ ប៉ុន្តែបើមានមនុស្សខូចមកញុះញង់ ដោយម្ដងទៅចាក់ពន្យុះខាងនេះ ម្ដងខាងនោះ ។ មិនយូរប៉ុន្មាន ភាគីទាំងពីរ ក៏ក្លាយទៅជាសត្រូវស៊ីសាច់ហុតឈាមគ្នា ។

ដោយឈូកខ្មែរ












សុភាសិតទី៩០
ក្រពើវង្វេងបឹង

និយមន័យៈ មនុស្សអកត្តញ្ញូបំភ្លេចគុណគេ ។

អត្ថាធិប្បាយ

ក្រពើ ក្នុងពេលនេះ លោកតំណាងឲ្យសភាវៈអាក្រក់ គឺមនុស្សអកត្តញ្ញូ ។
បឹង ក្នុងពេលនេះ លោកប្រៀបដូចជាទីជម្រក ឬមាតាបិតា អាណាព្យាបាល ។
មនុស្សអកត្តញ្ញូ រមែងបំភ្លេចនូវឧបការគុណ អ្នកដែលធ្លាប់ចិញ្ចឹមស្ងួនគ្រង ឬអ្នកធ្លាប់ឧបត្ថម្ភខ្លួន ។ តួយ៉ាង ដូចជា ៖ អ្នកខ្លះកាលនៅក្រីក្រ ឬនៅរៀន តែមកជ្រកកោនដោយវត្តអារាម ឬជ្រកកោនក្រោមការឧបត្ថម្ភពីសំណាក់សប្បុរសជនណាម្នាក់ ។ លុះដល់រៀនចប់ មានមុខងារជាមន្ត្រី ឬបានប្រកបអាជីពយ៉ាងសមរម្យហើយ ស្រាប់តែភ្លេចវត្តអារាមដែលជាជម្រកធ្លាប់ផ្ដល់នូវភាពសុខសាន្ត ភ្លេចអ្នកមានគុណដែលធ្លាប់ជួយទំនុកបម្រុង ហើយបែរទៅស្ម័គ្រស្មាគមនឹងអ្នកថ្មី ។ អាក្រក់ជាងនេះទៅទៀត អ្នកខ្លះបែរមកប្រទូស្តនឹងជម្រកចាស់ ឬអ្នកឧបត្ថម្ភចាស់ទៀតផង ។
ឧទាហរណ៍ៈ ក្មេងវត្តខ្លះ ពេលឈប់រៀនក៏ទៅធ្វើបដិវត្ត រួចបែរមកបំផ្លាញវត្ត រុះកុដិ វិហារចោល ចាប់ព្រះសង្ឃផ្សឹកអស់ ។
កូនអកត្តញ្ញូដែលភ្លេចគុណមាតាបិតា ក៏លោកចាត់ទុកថា ជាក្រពើវង្វេងបឹងដែរ ។
កំណត់ចំណាំ
តាមសាស្ត្រាចារ្យ កេង វ៉ាន់សាក់ ខ្មែរជំនាន់ដើមប្រកាន់ខ្ជាប់នូវតូតែម (កំណាន់ រូបតំណាង) ចំនួនពីរមិនដាច់ពីគ្នាគឺ មេ និងបា ឬ ដី និងទឹក ដែលមានរូបតំណាងជានាងគង្ហីង និងក្រពើ (ត្រកួត) ។ ការយកក្រពើធ្វើជាអត្តសញ្ញាណជាតិស្ដែងឲ្យឃើញតាមរយៈទង់ព្រលឹង ទង់រលក ទង់ថ្វាយទេវតា ក្បាច់ចម្លាក់ និងការរចនាតុបតែងផ្សេងៗ ។ នៅពេលជនខ្មែរណាម្នាក់ភ្លេចជាតិកំណើតខ្លួន ប្រព្រឹត្តអំពីមិនគប្បីនឹងជាតិសាសន៍ឯង អ្នកនោះឯងហើយជា «ក្រពើវង្វេងបឹង» ។ ដើម្បីស្ដាប់ការបកស្រាយពន្យល់របស់លោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ សូមចុចតំនភ្ជាប់ភាគទី  ១  ២  ៣  ៤  ៥  ៦  ៧ ។


ដោយឈូកខ្មែរ


























សុភាសិតទី៩១
កាំបិតចិតដងឯង

និយមន័យៈ រងគ្រោះព្រោះចំណេះខ្លួនឯង ។

អត្ថាធិប្បាយ

ចំណេះដែលចេញទៅហើយ ស្រាប់តែត្រលប់បែរមកឲ្យទុក្ខទោសដល់ម្ចាស់ដើមវិញ ។ ឧទារហណ៍ ៖
គ្រូក្បាច់គុនម្នាក់ បានបង្រៀនក្បាច់គុនដល់សិស្សឲ្យចេះសព្វគ្រប់ទាំងអស់ ។ លុះចេះសព្វគ្រប់ស្នៀតអស់ហើយ សិស្សនោះក៏សុំសាកល្បងជាមួយគ្រូដើម្បីពិសោធនូវចំណេះរបស់ខ្លួន ។ ការប្រយុទ្ធសាកល្បងរវាងគ្រូ និងសិស្សក៏ចាប់ផ្ដើម ។ លុះប្រយុទ្ធបន្តិចទៅ ដោយគ្រូមានវ័យចាស់ខ្សោយកម្លាំងផងនោះ ក៏រាងទន់ដៃជាមួយសិស្សរបស់ខ្លួនដែលកំពុងពេញកម្លាំង ។ ទីបំផុតគេឃើញគ្រូអុកគូទដោយសារល្បិចស្នៀតខ្លួនឯងដែលបង្រៀនឲ្យទៅសិស្ស ។ ហេតុនេះហើយបានជាគ្រូពីដើមមួយចំនួន ចេះតែលាក់ល្បិចស្នៀតខ្លះទុកគ្រាន់ការពារខ្លួន ។


ដោយឈូកខ្មែរ













សុភាសិតទី៩២
កំហឹងទល់កំហល់

និយមន័យៈ យកកំហឹងទៅទល់នឹងការក្រេវក្រោធ ។

អត្ថាធិប្បាយ

ភាគីមួយកំពុងខឹងក្រេវក្រោធ ច្រឡោតតោងតូងទៅលើភាគីមួយទៀត ។ ភាគីទីពីរនេះ កាលបើដឹងថា គេកំពុងខឹងនឹងខ្លួនហើយក៏មិនបានរំងាប់ចិត្ត ឬខន្តីអត់ធន់ទេ គេបែរជាមានប្រតិកម្មតបតវិញយ៉ាងខ្លាំងក្លា ។
ភាគីទី១ កំពុងតែខឹងក្រេវក្រោធស្រាប់ផង លុះឃើញគេមកតតាំងដូចនេះ វិស័យដូចសាំងមកជះលើភ្លើងឆេះព្រៃ ។ កំហឹងទល់កំហល់បែបនេះ ទីបំផុតក៏ក្លាយទៅជាសោកនាដកម្មយ៉ាងសាហាវ មានស្លាប់មានរស់គួរឲ្យតក់ស្លុត យ៉ាងហោចណាស់ ក៏មានភាគីណាមួយដឹកចូលមន្ទីរពេទ្យជាមិនខាន ។


ដោយឈូកខ្មែរ












សុភាសិតទី៩៣
ក្របីស៊ីស្មៅក្នុងអូរ

និយមន័យៈ អ្នកកណ្ដាលស៊ីរះទាំងសងខាង ។

អត្ថាធិប្បាយ

អត្ថានុរូប

ធម្មតាអូរ ឬ ប្រឡាយ ពេលរដូវប្រាំង ទឹករីងអស់ បើនៅក៏រាក់ដែរ ឬក៏នៅដក់ដោយអន្លើៗ ។ ឯស្មៅក៏ដុះលាស់ខៀវខ្ចីតាមច្រាំងអូរទាំងសងខាង ។
សត្វក្របី តែងចុះទៅក្នុងអូរស៊ីស្មៅតាមច្រាំងខាងឆ្វេងផង ខាងស្ដាំផង គឺវាស៊ីរះទាំងសងខាង រួចផឹកទឹក ឬដេកត្រាំទឹកក្នុងបាតអូរនោះទៅ ។

អត្ថប្បដិរូប

ន័យខាងលើនេះ លោកធ្វើការប្រៀបធៀបទៅនឹងមនុស្សដែលតាំងខ្លួនជាអ្នកកណ្ដាល ហើយស៊ីរះទាំងសងខាង ។ ដូចជា មេអណ្ដើក អ្នកកាត់សេចក្ដី អ្នករត់ការទិញលក់ ។ល។ អ្នកកណ្ដាលនេះ គេទាញយកផលប្រយោជន៍ទាំងសងខាង គឺស៊ីពីអ្នកដើមបណ្ដឹងផង ពីអ្នកចុងបណ្ដឹងផង ស៊ីពីខាងអ្នកទិញផង ពីខាងអ្នកលក់ផង ។ល។
ការស៊ីរះទាំងសងខាងដូចនេះ លោកហៅថា ដូចក្របីស៊ីស្មៅក្នុងអូរ ។

ដោយឈូកខ្មែរ











សុភាសិតទី៩៤
កោរសក់កុហកព្រះ

និយមន័យៈ ជ្រកក្រោមទង់សាសនាដើម្បីរកស៊ី ។

អត្ថាធិប្បាយ

នៅក្នុងសាសនាព្រះពុទ្ធជាម្ចាស់ តែងមានជនខិលខូចមួយចំនួនតូចចូលទោជ្រកក្រោមទង់សាសនាដើម្បីរកស៊ីចិញ្ចឹមជីវិត និងគ្រួសារ ។ ដូចជា អ្នកខ្លះកោរសក់ ស្លៀកសពាក់ស តាំងខ្លួនជាអ្នកកាន់សីលប្រាំ ចាំសីលប្រាំបី ។ ពេលទៅណាម្ដងៗ គេស្ពាយថង់យាមមួយដាក់បរិក្ខាផ្សេងៗ មានទៀន ធូបជាដើម មើលទៅគួរឲ្យគេជឿថា ជាសំណព្វរបស់ព្រះ ។
គេឃើញជនមួយចំនួនទៀត ធ្វើសកម្មភាពជាលោកអាចារ្យ ឬតាជី យាយជី ដើរកាន់ក្រដាសកម្មវិធីបុណ្យតាមតែប្រទះវត្តណាក៏បាន ។ ជននេះតែងយកលេសថា អង្គាសបច្ច័យយកទៅកសាងព្រះវិហារវត្តនេះវត្តនោះ ។ ជួនកាលគេកាន់ក្រដាសកម្មវិធីហួសកាលបរិច្ឆេទទៀតផង ។ ជនខ្លះទៀត គឺជាលោកអាចារ្យមែនទែនតែម្ដង ។ ប៉ុន្តែមានមួយចំនួនតូច ឆ្លៀតកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនដែរ ។
មានស្រមណ៍កំណោរមួយចំនួនទៀត កោរសក់បួសក្នុងសាសនាទៅហើយ តែឆ្លៀតរកស៊ីក្រោមទង់សាសនាដែរ ។ ដូចជា ធ្វើគ្រូស្រោចទឹក ធ្វើខ្សែចង្កេះ ខ្សែគាថាឲ្យរកស៊ី ឲ្យឡើងបុណ្យស័ក្តិ ។ល។ មានសង្ឃខ្លះទៀត ធ្វើកន្សែងស្នេហ៍ មន្តអាគមអូមអាម កាប់មិនមុតដុតមិនឆេះ ។ល។
អាចារ្យខ្លះ សង្ឃខ្លះ បើមានគេអញ្ជើញ ឬនិមន្តទៅសូត្រមន្តរំដោះគ្រោះ លើករាសី តែងតែសម្លឹងមើលអ្នកដែលមក តើមានឬក្រ មានឡានថ្មីថ្លៃៗឬចាស់ ។ បើអ្នកមាន និងជាពិសេសឡានថ្មី មានតម្លៃខ្ពស់ គេរៀបចំខ្លួនយ៉ាងរហ័ស ។ បើឡានចាស់ ឬថ្មើរជើង គេរាងច្រិមច្រុមបន្តិច ជួនមិនទៅតែម្ដង ដោយប្រាប់ថា ជាប់រវល់ ឬមិនស្រួលខ្លួន ។
អ្នកកោរសក់ដូចករណីខាងលើនេះ សុទ្ធតែបោកប្រាស និងកោរសក់កុហកព្រះទាំងអស់ ។


ដោយឈូកខ្មែរ













សុភាសិតទី៩៥
ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់

និយមន័យៈ ការអាងតាមវ័យរបស់ខ្លួន ។

អត្ថាធិប្បាយ

មនុស្សម្នាក់ៗមិនថាក្មេង ឬចាស់ទេ សុទ្ធតែមានការអាងរៀងៗខ្លួន ដើម្បីការពារផលប្រយោជន៍ ឬការពារខ្លួន ។

ក្មេងអាងយំ

កាលណាក្មេងចង់បានអ្វីតាមបំណង វាបានជ្រើសយកការយំជាអាវុធសំខាន់របស់វា ។ ហេតុដូច្នេះហើយបានជាគេឃើញក្មេងៗយំច្រើនជាងគេ ទោះនៅទីណាក៏ដោយ ។ ការយំរបស់វាជាអាវុធស័ក្តិសិទ្ធិសំខាន់ណាស់ ព្រោះអាចឲ្យវាបានសម្រេចនូវគោលបំណងបានជាស្ថាបពរ ។ ដូចជា បើចង់ញ៉ាំអ្វី ឬចង់បានល្បែងលេង វាតែងយំលំអុកឲ្យម៉ែឪទិញឲ្យ ។ បើម៉ែឪមិនទិញឲ្យទេ វាប្រើការយំខ្លាំងៗភ្លាម ។ ដូចនេះ ទោះបីម៉ែឪមិនចង់ទិញឲ្យក៏ដោយ ក៏ត្រូវតែទិញឲ្យដែរ ។ ជួនកាល ម៉ែឪមិនជាប់លុយមកក៏ដោយ ក៏សុខចិត្តខ្ចីលុយគេទិញតម្រូវតាមបំណងកូនសិនដែរ ។

ធំអាងកាប់

មនុស្សធំយំលែងសម ហើយក៏គ្មានឥទ្ធិពលទៅលើអ្នកណាដែរ ។ តែគេមានកម្លាំងពេញខ្លួន គេក៏ជ្រើសយកកម្លាំងបាយជាអាវុធសំខាន់របស់គេ ។ ដូច្នេះ កាលណាគេចង់សម្រេចនូវគោលបំណងអ្វីមួយ គេយកកម្លាំងក្នុងខ្លួនមកដោះស្រាយ ។ ដូចជា គេចង់យកជ័យជម្នះលើអ្នកណាម្នាក់ គេតែប្រើការដាល់តប់ទាត់ធាក់ កាប់សម្លាប់គូប្រយុទ្ធឥតប្រណី ដើម្បីបន្ថយកំហឹងក្រេវក្រោធរបស់គេ ។

ចាស់អាងស្លាប់

មនុស្សចាស់កម្លាំងខ្សោយ ម៉្លោះហើយគ្មានអ្វីអាងនឹងគេ ក៏ជ្រើសយកសេចក្ដីស្លាប់មកអាង ។ កាលណាគាត់មានកំហឹង គេតែងឮគាត់និយាយថា អញចំណាស់ហ្នឹងហើយ អញមិនខ្លាយអាណាទេ ខ្លាំងណាស់ត្រឹមស្លាប់ គ្មានអាណាជៀសស្លាប់រួចទេអ៎ា បើមិនជឿទេ សាកចូលមកមើល… បើអញមិនទាន់ដួលទេ គឺឯង… ។

ដោយឈូកខ្មែរ













សុភាសិតទី៩៦
កូនខូចព្រោះមេបា

និយមន័យៈ កង្វះខាតការអប់រំកូន ។

អត្ថាធិប្បាយ

បុរាណាចារ្យតែងបន្ទោសថា កូនខូចព្រោះតែឪពុកម្ដាយខ្វះការអប់រំទូន្មានប្រៀនប្រដៅ ។ ម្យ៉ាងទៀត ព្រះពុទ្ធដីការក៏មានចែងថា មាតាបិតាជាបុព្វាចារ្យ គឺជាគ្រូដើម ឬជាគ្រូទី១របស់កូនប្រុស្រី ។ ដូច្នេះ បើគ្រូដើមចេះអប់រំកូនឲ្យដើរត្រូវតាមគន្លងធម៌ កូនៗច្បាស់ជាក្លាយទៅជា «អតិជាតបុត្ត» គឺកូនល្អលើសជាងការអប់រំទៅទៀត ។ ព្រោះកូនៗកាលនៅតូច និស្ស័យវាប្រៀបដូចក្រដាស «ស» មួយសន្លឹក ។ បើគេផាត់ពណ៌អ្វីលើក្រដាសសនេះ វានឹងដិតច្បាស់ល្អជាមិនខាន ។ តាមន័យនេះ បើឪពុកម្ដាយខ្លះ មានការចេះដឹងខ្លួនឯងតិចមែន តែចេះអប់រំកូនឲ្យល្អតាំងពីនៅក្មេង លុះដល់កូនធំឡើង ទោះបីសង្គមដឹកនាំឲ្យខិលខូចខ្លះ ក៏គង់នៅល្អមួយកម្រិតដែរ ។ ជាពិសេស ឪពុកម្ដាយខ្លះស្រលាញ់កូនខ្លាំងពេក ទំយើកូនខ្លាំងពេក បណ្ដែតបណ្ដោយកូនខ្លាំងពេក លុះដល់កូនធំឡើង ច្បាស់ជាប្រាសចាកសីលធម៌ ប្រព្រឹត្តតែអំពើពាលា មានចោរកម្ម ជាដើមមិនខាន ។
ម្យ៉ាងទៀត ឪពុកម្ដាយខ្លះជាមនុស្សអវិជ្ជា ប្រព្រឹត្តតែអំពើថោកទាប មានការឆក់ កាប់សម្លាប់គេជាដើម ។ ឪពុកម្ដាយប្រភេទនេះ មិនបានអប់រំកូនទាល់តែសោះ ។ ម្ល៉ោះហើយ កូនក៏ក្លាយជា «អវជាតបុត្ត» មិនខាន គឺកូនដែលអាក្រក់ជាងឪម៉ែទៅទៀត ។

ដោយឈូកខ្មែរ










សុភាសិតទី៩៧
ក្របីបាត់ទើបធ្វើរបង ពេលប្រឡងទើបស្វាធ្យាយ មានដំណើរទើបរៀបសម្ពាយ ទាំងបីរលាយអសារបង់

និយមន័យៈ ដល់ពេលទើបធ្វើ គ្មានប្រយោជន៍អ្វីឡើយ ។
អត្ថាធិប្បាយ

សុភាសិតនេះ លោកពោលប្រាប់ត្រង់ៗតែម្ដង គឺកិច្ចការ កាលណាដល់ពេលត្រូវការ ទើបរៀបចំធ្វើកិច្ចការនោះ រមែងពុំបានសម្រេចផលសមស្របទេ ។

ក្របីបាត់ទើបធ្វើរបង

ពេលក្របីនៅមាន មិនគិតធ្វើរបងទេ ដល់ពេលក្របីបាត់អស់ ទើបធ្វើរបងការពារ តើការពារអ្វី តើមានប្រយោជន៍អ្វីទៀត ។

ពេលប្រលងទើបស្វាធ្យាយ

ដល់ពេលប្រលងទៅហើយ ទើបខំរៀន ខំទន្ទេញ ខំសូត្រ ។ បើទុកជាខំយ៉ាងណា ក៏មិនទាន់ពេលវេលាដែរ ។ តើខំមានប្រយោជន៍អ្វី បើរៀបចំខ្លួនចូលប្រលងទៅហើយ ។

មានដំណើរទើបរៀបសម្ពាយ

ដល់ពេលចេញដំណើរទៅហើយ ទើបងាយមករៀបចំឥវ៉ាន់វេចជាសម្ពាយ ចាប់យកនេះខ្លះ នោះខ្លះ ។ ដោយប្រញាប់ពេក អាចធ្វើឲ្យគេភាន់ច្រឡំមុខក្រោយ ភ្លេចនេះភ្លេចនោះ ពុំបានសព្វគ្រប់ ។
ករណីទាំងបីខាងលើនេះ លោកពោលថា រលាយអសារបង់ គឺគ្មានបានផលល្អទេ ។ ពីព្រោះវេលាខ្លីណាស់ទៅហើយ ធ្វើអ្វីក៏ពុំទាន់ដែរ ។ ម្យ៉ាងទៀត របស់បាត់អស់ហើយ ទើបចាក់សោរ ឬមនុស្សស្លាប់បាត់ទៅហើយ ទើបនាំយកទៅមន្ទីរពេទ្យ តើមានប្រយោជន៍អ្វីទៀត ។


ដោយឈូកខ្មែរ









សុភាសិតទី៩៧
ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង

និយមន័យៈ កិច្ចការពារខ្លួន និងការពារលំនឹងខ្លួន ។

អត្ថាធិប្បាយ


អត្ថានុរូប

ធម្មតា ស្រីក្រមុំខ្មែរ ជាស្រីដែលស្ថិតនៅក្នុងឥរិយាបថប្រពៃណីនិយម គឺមិននិយាយលេងឡេះឡោះ មិនលេងសើចខុសបែបបទប្រាសចាកប្រពៃណី និងទំនៀមទម្លាប់ពីដូនតាមក ។ ម្ល៉ោះហើយ បើមានកំលោះណាមកលលេង ញ៉េះញ៉ោះលែបខាយ សើចលេងនាយអាយ នាងតែងតែមានពាក្យពុំពីរោះខ្លះ ដើម្បីការពារកិត្តិយសខ្លួនជាស្រីក្រមុំ ។ ជាការពិតណាស់ហើយ អ្នកដែលត្រូវការពារខ្លួនតែងតែម៉ឺងម៉ាត់ខែងរ៉ែងទើបអាចការពារខ្លួនបាន ។ ត្រង់ហ្នឹងហើយជាហេតុនាំឲ្យគេថា ស្រីក្រមុំខ្មែរបែបរាងកាចៗបន្តិច ។
រីឯចង្កូតយានទាំងអស់ ទោះជើងទឹក ជើងគោក និងជើងអាកាស សុទ្ធតែមិននៅនឹងតែមួយចំណុចទេ ។ ព្រោះចង្កូតនេះសម្រាប់បត់បែនយានឲ្យទៅតាមកំណោងផ្លូវ ឬទៅតាមទិសដៅដែលគេចង់ទៅ ។ ទោះផ្លូវត្រង់ណាក៏ដោយ ក៏គេកាច់ចង្កូតទៅឆ្វេងទៅស្ដាំបន្តិចៗជានិច្ចដើម្បីទប់លំនឹងល្បឿនយាន ។

អត្ថប្បដិរូប

ធម្មតាអ្នកដែលមាននាទីជាអ្នកការពារ តែងតែមានអាជ្ញាសិទ្ធអំណាចខ្លះ បើមិនច្រើនក៏តិច ទើបអាចការពារបាន ។ បើអ្នកការពារមានចរិតស្លូតបូត អ្នកណាយកអ្វីធ្វើអ្វីក៏បាន គេមិនចាំបាច់ឲ្យមានអ្នកការពារទេ ។
រីឯអ្នកដឹកនាំរដ្ឋ ឬអង្គភាព បើមិនចេះបត់បែនឲ្យត្រូវតាមកាលៈទេសៈទេ ។ ប្រទេសជាតិ ឬអង្គភាពនឹងប៉ះទង្គិចនឹងអ្វីដែលកើតឡើងជាយថាហេតុមិនខាន ។ អ្នកដឹកនាំល្អ និងឆ្លាតវាងវៃ តែងបត់បែននយោបាយឲ្យបានមុនសភាពការណ៍ដែលបម្រុងកើតឡើងជានិច្ច ។


ដោយឈូកខ្មែរ











សុភាសិតទី៩៨
ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង

និយមន័យៈ កិច្ចការពារខ្លួន និងការពារលំនឹងខ្លួន ។

អត្ថាធិប្បាយ


អត្ថានុរូប

ធម្មតា ស្រីក្រមុំខ្មែរ ជាស្រីដែលស្ថិតនៅក្នុងឥរិយាបថប្រពៃណីនិយម គឺមិននិយាយលេងឡេះឡោះ មិនលេងសើចខុសបែបបទប្រាសចាកប្រពៃណី និងទំនៀមទម្លាប់ពីដូនតាមក ។ ម្ល៉ោះហើយ បើមានកំលោះណាមកលលេង ញ៉េះញ៉ោះលែបខាយ សើចលេងនាយអាយ នាងតែងតែមានពាក្យពុំពីរោះខ្លះ ដើម្បីការពារកិត្តិយសខ្លួនជាស្រីក្រមុំ ។ ជាការពិតណាស់ហើយ អ្នកដែលត្រូវការពារខ្លួនតែងតែម៉ឺងម៉ាត់ខែងរ៉ែងទើបអាចការពារខ្លួនបាន ។ ត្រង់ហ្នឹងហើយជាហេតុនាំឲ្យគេថា ស្រីក្រមុំខ្មែរបែបរាងកាចៗបន្តិច ។
រីឯចង្កូតយានទាំងអស់ ទោះជើងទឹក ជើងគោក និងជើងអាកាស សុទ្ធតែមិននៅនឹងតែមួយចំណុចទេ ។ ព្រោះចង្កូតនេះសម្រាប់បត់បែនយានឲ្យទៅតាមកំណោងផ្លូវ ឬទៅតាមទិសដៅដែលគេចង់ទៅ ។ ទោះផ្លូវត្រង់ណាក៏ដោយ ក៏គេកាច់ចង្កូតទៅឆ្វេងទៅស្ដាំបន្តិចៗជានិច្ចដើម្បីទប់លំនឹងល្បឿនយាន ។

អត្ថប្បដិរូប

ធម្មតាអ្នកដែលមាននាទីជាអ្នកការពារ តែងតែមានអាជ្ញាសិទ្ធអំណាចខ្លះ បើមិនច្រើនក៏តិច ទើបអាចការពារបាន ។ បើអ្នកការពារមានចរិតស្លូតបូត អ្នកណាយកអ្វីធ្វើអ្វីក៏បាន គេមិនចាំបាច់ឲ្យមានអ្នកការពារទេ ។
រីឯអ្នកដឹកនាំរដ្ឋ ឬអង្គភាព បើមិនចេះបត់បែនឲ្យត្រូវតាមកាលៈទេសៈទេ ។ ប្រទេសជាតិ ឬអង្គភាពនឹងប៉ះទង្គិចនឹងអ្វីដែលកើតឡើងជាយថាហេតុមិនខាន ។ អ្នកដឹកនាំល្អ និងឆ្លាតវាងវៃ តែងបត់បែននយោបាយឲ្យបានមុនសភាពការណ៍ដែលបម្រុងកើតឡើងជានិច្ច ។


ដោយឈូកខ្មែរ













សុភាសិតទី៩៩
ក្អេងក្អាងដូចក្អាត់ក្នុងក្អម

និយមន័យៈ មនុស្សអំនួតហួសមាឌ តែធ្វើអ្វីពុំកើត ។

អត្ថាធិប្បាយ


អត្ថានុរូប

សត្វក្អាត់ដែលគេចាប់ដាក់ក្នុងក្អម ហែលចេញទៅណាពុំរួច ម្ល៉ោះហើយវាគិតតែពីស្រែកយំ ។ សំឡេងវាលាន់ខ្ទ័រខ្លាំង ស្រកៀរត្រចៀកដោយរំពងនឹងក្អម ។

អត្ថប្បដិរូប

លោកប្រៀបមនុស្សណាដែលបានតែសម្ដីអួតក្អេងក្អាងទៅនឹងសត្វក្អាត់ដែលនៅក្នុងក្អម ។ មនុស្សបែបហ្នឹងគ្មានធ្វើអ្វីឲ្យចេញជាសាច់ការបានទេ គឺដូចគ្នានឹងសត្វក្អាត់ដែលចេញទៅណាពុំរួចពីក្អមដូច្នោះដែរ ។ គេតែងសម្គាល់ឃើញថា ជាទូទៅមនុស្សដែលមានកាយវិការកំពូលអួតនោះ មិនដែលធ្វើអ្វីបានកើតទេ ។ ដូចជា មនុស្សខ្លះ អួតអាងខាងវាយកាប់ចាក់គ្មានអ្នកណាស្មើ ។ ប៉ុន្តែបើមានអ្នកខ្លាំងមកតតាំងតបវិញ ស្រាប់តែបាក់អំនួតបន្ថយសំឡេង រហូតដល់គេចខ្លួនបាត់ស្រមោលតែម្ដងក៏មាន ។


ដោយឈូកខ្មែរ












សុភាសិតទី១០០

“ត្រឡាចវារទៅ ល្ពៅវារមក”

អត្ថាធិប្បាយ
-      ពាក្យនេះដៅទៅលើមេត្រីភាពរវាងមនុស្សម្នាក់នឹងម្នាក់ទៀត។ មេត្រីភាព(ការរាប់អានគ្នាជាមិត្រ) អាចនឹងកើតមានឡើងដោយសារ មានការចាប់ផ្តើមពីជនណាម្នាក់ជាមុន។
-       "ត្រឡាច"ទុកដូចជាមនុស្សទីមួយ ដែលលូកដៃទៅចាប់ដៃមនុស្សទីពីរទើបមនុស្សទីពីរដើរមករកខ្លួនវិញ (ល្ពៅវារមក) ។
ដូច្នេះ,បើយើងមិនខំស្វែងរកមិត្រទេ ចាំឲ្យមិត្រនោះចូលរកយើងដោយឯងៗគឺជារឿងលំបាក ប្រសិនបើយើងជាមនុស្សខ្សត់ធន ។
មិត្រពិតប្រាកដគឺមិត្រដែលមិនរត់ចោលយើងនៅគ្រាមានវិបត្តិឬមានអាសន្នកើតឡើងដល់ខ្លួនយើង។

(រសជាតិភាសាខ្មែរ)


























សុភាសិតទី១០១
ឃ្លោកលិច អំបែងអណ្តែត

អត្ថាធិប្បាយ

-       ឃ្លោកគឺសំដៅទៅលើ អ្នកចេះដឹង , បណ្ឌិត , អ្នកប្រាជ្ញ
-       អំបែងគឺសំដៅទៅលើមនុស្សឥតវិជ្ជា,ពាល , ល្ងង់…
តាមធម្មតា,ឃ្លោកត្រូវតែអណ្តែត បើកាលណាគេដាក់ទៅក្នុងទឹក ។ ចុះហេតុអ្វី បែរជាលិចទៅវិញ? ហេតុអ្វីបានជាអំបែងដែលជាវត្ថុធ្ងន់បែរជាអណ្តែត?
លិចមានន័យថាអស់ពន្លឺ អស់រស្មីឥតមានការគោរពរាប់អានពីអ្នកផង។អណ្តែតមានន័យថារុងរឿងត្រចះចាំងពន្លឺមានគេគោរពលើកដំកើងថាជាអ្នកប្រាជ្ញ ។
សុភាសិតនេះនិយាយបញ្ឆិតបញ្ចៀងពីស្ថានភាពមនុស្សនៅក្នុងសតវត្សបច្ចុប្បន្ន ដែលមានការភ័ន្តច្រឡំសជាខ្មៅ, ចេះជាល្ងង់ ច្របូកច្របល់ពេញនគរដោយសារសត្រូវដែលមានបំណងលេបទឹកដីនោះផង ដោយសារមនុស្សខ្វះការរៀនសូត្រនិងខ្វះមគ្គុទ្ទេសក៏ដ៏ត្រឹមត្រូវនោះផង ។
មនុស្សឥតវិជ្ជារួចឡើងកាន់មុខតំណែង ជាអ្នកដឹកនាំគេ ចាត់ទុកជាអំបែងអណ្តែត ។ អ្នកមានតំរិះខ្ពង់ខ្ពស់ព្រមទាំងមានចរិយាសម្បត្តិពេញលេញ រួចត្រូវគេទាត់ចោល មិនឲ្យកាន់កិច្ចការសំខាន់ៗ… ចាត់ទុកជា " ឃ្លោកលិច " ។

(រសជាតិភាសាខ្មែរ)


















































No comments:

Post a Comment