Pages

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា ដែលប្រារព្ធឡើងនៅថ្ងៃ ១៥ កើត ខែពិសាខ ដើម្បីរំលឹកដល់ថ្ងៃ ព្រះអង្គទ្រង់ប្រសូត ព្រះអង្គត្រាស់ដឹង ព្រះអង្គបរិនិព្វាន ដាច់ពុទ្ធសករាជ ២៥៦១ ឈានចូល ២៥៦២

Monday, May 8, 2017

យល់ដឹងអំពីព្រះបរមសារីរិកធាតុ


ពុទ្ធប្បវត្តិសង្ខេបត្រូវចងចាំគ្រប់គ្នា
 
១.បដិសន្ធិ ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែ អាសាឍ ឆ្នាំ រកា ពេលជិតភ្លឺ ។

២.ប្រសូត ថ្ងៃសុក្រ ១៥ កើត ខែ ពិសាខ ឆ្នាំ ច វេលាជិតថ្ងៃត្រង់ នៅឧទ្យានលុម្ពិនី                  មានហេតុអស្ចារ្យច្រើនយ៉ាងគឺៈ
១.មានទឹកក្ដៅ ទឹកត្រជាក់ ហូរធ្លាក់ពីអាកាសមកលាងជម្រះមន្ទិល ។
២.សុទ្ធាវាសមហាព្រហ្ម ៤ រូប កាន់បណ្ដាញមាស (សំណាញ់) មកទទួល ។
៣.មហារាជ ៤ រូប ទទួល
៤.ស្រីស្នំទទួល
៥.មហាព្រហ្មយកស្វេតច្ឆត្របាំងថ្វាយ សុយាមទេវរាជ យកវាលវិជនីបក់ថ្វាយ ទេវបុត្រ ១ អង្គ កាន់កែវ ៧ ប្រការ និង សុវណ្ណបាទុកា (ទ្រនាប់ជើងមាស) ទេវបុត្រ ១ អង្គទៀត កាន់គ្រឿងសម្រាប់រាជ្យ មាន ៥ ប្រការ គឺៈ មកុដ ១ ព្រះខ័ន ១ ស្វេតច្ឆត្រ ១ សុវណ្ណបាទុកា ១ វាលវិជនី ១ ។

៣.សហជាតវត្ថុ (វត្ថុកើតក្នុងថ្ងៃជាមួយគ្នា) មាន ៧ គឺៈ
១.ព្រះនាងពិម្ពា
២.ព្រះអានន្ទ
៣.ឆន្នអាមាត្យ
៤.កាឡុទាយីអាមាត្យ
៥.សេះកណ្ឋកៈ
៦.ដើមពោធិ៍
៧.កំណប់ទ្រព្យទាំង_៤_រណ្ដៅ

     កំណប់ទ្រព្យទាំង_៤_រណ្ដៅនោះគឺៈ
  ១.សង្ខនិធិ ជម្រៅ ១ គាវុត
  ២.ឧឯលនិធិ ជម្រៅ កន្លះយោជន៍
  ៣.ឧបលនិធិ ជម្រៅ ៣ គាវុត
  ៤.បុណ្ឌរិកនិធិ ជម្រៅ ១ យោជន៍ ។
កំណប់ទាំង ៤ នេះ មានជម្រៅរហូតដល់ទឹកទ្រផែនដីជាទីបំផុត ។

៤.ទ្រង់សោយរាជ្យ ថ្ងៃអាទិត្យ ១៥ កើត ខែ កត្តិក ឆ្នាំ ឆ្លូវ ក្នុងព្រះជន្ម ១៦ ព្រះវស្សា នៅនគរកបិលពស្តុ ។

៥.ចេញសាងព្រះផ្នួស ថ្ងៃព្រហស្បតិ៍ ខែ អាសាឍ ឆ្នាំ ថោះ ក្នុងព្រះជន្ម ២៩ ព្រះវស្សា វេលាអធ្រាត្រ ។

៦.ទ្រង់ត្រាស់ដឹង ថ្ងៃពុធ ១៥ កើត ខែ ពិសាខ ឆ្នាំ រកា ក្នុងព្រះជន្ម ៣៥ ព្រះវស្សា ក្នុងឧរុវេលាសេនានិគម ជិតស្ទឹងនេរញ្ជរា វេលាជិតភ្លឺ រតនបល្ល័ង្កមានកម្ពស់ ១៤ ហត្ថ ស្មើនឹង ៧ ម៉ែត្រ ដើមពោធិ៍ កម្ពស់ ៥០ ហត្ថ ស្មើនឹង ២៥ ម៉ែត្រ ។

៧.ចតុរង្គមហាសន្និបាត (ការប្រជុំប្រកបដោយអង្គ ៤ នៅថ្ងៃ ១៥ កើត ខែ មាឃ ក្នុងវត្តវេឡុវ័ន)គឺៈ
១.មាឃនក្ខត្តេន យុត្តោ បុណ្ណមី ឧបោសថ ទិវសោ = ប្រជុំនៅថ្ងៃពេញបូណ៌មី ជាថ្ងៃឧបោសថ ប្រកបដោយផ្កាយនក្ខត្តឫក្សប្រចាំខែមាឃ ។
២.កេនចិ អនាមន្តិតានិ ហុត្វា អត្តនោ យេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេរសានិ ភិក្ខុសតានិ  = មានភិក្ខុសង្ឃ ១.២៥០ អង្គ មកប្រជុំដោយខ្លួនឯង តាមធម្មតារបស់ខ្លួន ឥតមានអ្នកណានិមន្តមកឡើយ ។
៣.តេសុ ឯកោ បថុជ្ជនោ វា សោតាបន្ន សកទាគាមិ អនាគាមិ សុក្ខវិបស្សក អរហន្តេសុ វា អញ្ញតរោ នត្ថិ = ភិក្ខុទាំង ១.២៥០ អង្គ សូម្បីមានឋានៈត្រឹមតែជាបុថុជ្ជន ឬ សោតាបន្នបុគ្គល ឬ សកទាគាមិបុគ្គល អនាគាមិបុគ្គល ឬ គ្រាន់តែជាព្រះអរហន្តគ្រាន់តែរីងស្ងួតកិលេសក៏គ្មានឡើយ គឺសុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គ្រប់អង្គទាំងអស់ ។
៤.ឯកោ បិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ សព្វេ ឯហិភិក្ខុយេវ = ភិក្ខុទាំងអស់ គ្មានភិក្ខុរូបណាមួយ កោរសក់ដោយកាំបិតហើយបួសទេ គឺសុទ្ធតែឯហិភិក្ខុទាំងអស់ ។

៨.ទ្រង់ដាក់ព្រះជន្មាយុសង្ខារ ថ្ងៃ ១៥ កើត ខែ មាឃ ឆ្នាំ ម្សាញ់ នៅបាវាលចេតិយ ។

៩..ទ្រង់បរិនិព្វាន ថ្ងៃអង្គារ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ នៅនគរកុសិនារា ។

១០.អំពីព្រះបរមសារីរិកធាតុ ព្រះធាតុដែលបែកតូចៗ មាន ១៦ នាឡិ

ស្ដេចទាំងឡាយនាំទៅនគរ និង ដែនរៀងៗខ្លួន គឺៈ

១.ព្រះបាទអជាតសត្តុ នាំទៅក្រុងរាជគ្រឹះ ចំនួន ២ នាឡិ
២.ពួកក្សត្រលិច្ឆវី នាំទៅក្រុងវេសាលី ចំនួន ២ នាឡិ
៣.ពួកក្សត្រកបិលពស្តុ នាំទៅក្រុងកបិលពស្តុ ចំនួន ២ នាឡិ
៤.ពួកក្សត្រថូលិ នាំទៅក្រុងអល្លកប្បៈ ចំនួន ២ នាឡិ
៥.ពួកក្សត្រកោលិយៈ នាំទៅរាមគ្រាម ចំនួន ២ នាឡិ
៦.ពួកព្រាហ្មណ៍វេដ្ឋទីបកៈ នាំទៅដែនវេដ្ឋទីបកៈ ចំនួន ២ នាឡិ
៧.ពួកមល្លៈ នាំទៅក្រុងបាវេយ្យកៈ ចំនួន ២ នាឡិ
៨.ពួកមល្លក្សត្រ នាំទៅក្រុងកុសិនារា ចំនួន ២ នាឡិ ។

    ព្រះធាតុទាំងអស់មាន ៣ ខ្នាត
១.ព្រះធាតុខ្នាតធំ មានទំហំប៉ុនកំណាត់គ្រាប់សណ្ដែកបាយ មានពណ៌ដូចមាស ចំនួន ៥ នាឡិ
២.ព្រះធាតុខ្នាតកណ្ដាល មានទំហំប៉ុនកំណាត់គ្រាប់អង្ករ មានពណ៌ដូចកែវផលិក ចំនួន ៦ នាឡិ
៣.ព្រះធាតុខ្នាតតូច មានទំហំប៉ុនគ្រាប់ស្ពៃ មានពណ៌ដូចផ្កាថ្កុល ចំនួន ៥ នាឡិ ។

    ព្រះធាតុដែលមិនបែកមាន ៧ គឺៈ
- ព្រះឧណ្ហីសធាតុ (ឆ្អឹងថ្ងាស) ១
- ព្រះទាឋាធាតុ (ព្រះចង្កូមកែវ) ៤
- ព្រះអក្ខកធាតុ (ឆ្អឹងដងកាំបិត) ទាំងឡាយ ២ ។

ព្រះធាតុទាំងនោះបានប្រតិស្ឋានក្នុងទីកន្លែងផ្សេងៗ គឺៈ


១.ព្រះទាឋធាតុ (ព្រះចង្កូមកែវ) ស្ដាំខាងលើ ប្រតិស្ឋាននៅឋានតាវត្តិង្ស
២.ព្រះទាឋធាតុ (ព្រះចង្កូមកែវ) ស្ដាំខាងក្រោម ប្រតិស្ឋាននៅប្រទេស ស្រីលង្កា
៣.ព្រះទាឋធាតុ (ព្រះចង្កូមកែវ) ឆ្វេងខាងលើ សព្វថ្ងៃប្រតិស្ឋាននៅប្រទេសចិន
៤.ព្រះទាឋធាតុ (ព្រះចង្កូមកែវ) ឆ្វេងខាងក្រោម ប្រតិស្ឋាននៅក្នុងពិភពនាគ
៥.ព្រះអក្ខកធាតុ (ឆ្អឹងដងកាំបិត) ខាងស្ដាំ ប្រតិស្ឋាននៅប្រទេស ស្រីលង្កា
៦.ព្រះអក្ខកធាតុ (ឆ្អឹងដងកាំបិត) ខាងឆ្វេង ប្រតិស្ឋាននៅព្រហ្មលោក
៧.ព្រះឧណ្ហីសធាតុ (ឆ្អឹងថ្ងាស) សព្វថ្ងៃប្រតិស្ឋាននៅប្រទេស ស្រីលង្កា ខ្លះថា នៅទុស្សចេតិយព្រហ្មលោក
៨.ព្រះទន្តាធាតុ (ធ្មេញ) ទាំងឡាយ ៤០ គត់ផង ព្រះកេសាធាតុ (សក់) ទាំងឡាយផង ព្រះលោមាធាតុ (រោម) ទាំងឡាយផង ព្រះនខាធាតុ (ក្រចក) ទាំងឡាយផង ទាំងអស់នេះពួកទេវតាទាំងឡាយនាំទៅកាន់ចក្កវាឡរៀងៗខ្លួនសម្រាប់ទុកគោរពបូជា ។

ដោយៈ ចង្កមរក្ខិតោ នូ  សម្បត្តិ
   ចែករំលែកបន្តផង/Share


 អានអំពីព្រះអង្គប្រសូត  ចុចទីនេះ

អានអំពីព្រះអង្គត្រាស់ដឹង ចុចទីនេះ

អានអំពីព្រះអង្គបរិនិព្វាន ចុចទីនេះ







Sunday, May 7, 2017

ព្រះអង្គទ្រង់បរិនិព្វាន

ព្រះអង្គទ្រង់បរិនិព្វាន ថ្ងៃ អង្គារ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ នៅនគរកុសិនារា



 ទ្រង់បរិនិព្វាន

   ព្រះមានព្រះភាគត្រាស់ថា ÷
ម្នាលអានន្ទ អ្នកចូរទៅក្នុងក្រុងកុសិនារា ហើយថ្វាយដំណឹងដល់មល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារាថា បពិត្រវាសិដ្ឋគោត្រទាំងឡាយ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះតថាគតនឹងបរិនិព្វាន បពិត្រវាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ សូមអ្នកទាំងឡាយអញ្ជើញទៅ កុំឱ្យមានសេចក្ដីក្ដៅក្រហាយស្ដាយក្នុងកាលជាខាងក្រោយថា ព្រះតថាគតទ្រង់បរិនិព្វានក្នុងគាមក្ខេត្តរបស់យើងទាំងឡាយហើយ យើងទាំងឡាយមិនបានឃើញព្រះតថាគត ក្នុងកាលជាទីបំផុតដូច្នោះឡើយ ។ ល ។
        គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ប្រសិនបើអ្នកទាំងឡាយ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ពាក្យប្រៀនប្រដៅដែលមានគ្រូប្រព្រឹត្តកន្លងហើយ គ្រូរបស់យើងឈ្មោះថា មិនមានឡើយ ម្នាលអានន្ទ សេចក្ដីនេះ អ្នកកុំចូលចិត្តយ៉ាងនេះឡើយ #យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា ។
      ម្នាលអានន្ទ ធម៌ណាក្ដី វិន័យណាក្ដី ដែលតថាគតសម្ដែងហើយ បញ្ញត្តហើយដល់អ្នកទាំងឡាយ លុះអំណើះឥតអំពីតថាគតទៅ ធម៌និងវិន័យនោះ ជាគ្រូរបស់អ្នកទាំងឡាយ ។
        គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា #ហន្ទទានិ ភិក្ខវេ អាមន្តយាមិ វោ វយធម្មា សង្ខារា អប្បមាទេន សម្បាទេថាតិ ។
         ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយឱ្យបានដឹង សង្ខារទាំងឡាយ មានសេចក្ដីសាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួងឱ្យសម្រេច ដោយសេចក្ដីមិនប្រមាទចុះ ។
   #អយំ តថាគតស្ស បច្ឆិមា វាចា នេះជាព្រះវាចាចុងក្រោយរបស់ព្រះតថាគត ។
        លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលកាន់បឋមជ្ឈាន ចេញពីបឋមជ្ឈាន ហើយចូលកាន់ទុតិយជ្ឈាន ចេញពីទុតិយជ្ឈានហើយ ចូលកាន់តតិយជ្ឈាន ចេញពីតតិយជ្ឈានហើយ ចូលកាន់ចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈានហើយ ចូលកាន់អាកាសានញ្ចាយតនសមាបត្តិហើយ ចេញពីអាកាសានញ្ចាយតនសមាបត្តិហើយ ចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិ ចេញអំពីវិញ្ញាណញ្ចាយតនសមាបត្តិហើយ ចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិហើយ ចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ ចេញអំពីនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ចូលកាន់សញ្ញាវេទយិតនិរោធ ( សេចក្ដីរលត់នៃសញ្ញា និង វេទនា ) ។
      គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិហើយ ថយមកចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ - អាកិញ្ចញ្ញាយតនសមាបត្តិ - វិញ្ញាណញ្ចាយតនសមាបត្តិ - អាកាសានញ្ចាយតនសមាបត្តិ - ចតុត្ថជ្ឈាន - តតិយជ្ឈាន - ទុតិយជ្ឈាន - បឋមជ្ឈាន - ចេញពីបឋមជ្ឈានហើយ ក៏ចូលកាន់ទុតិយជ្ឈានទៀត ចេញអំពីតតិយជ្ឈានហើយ ក៏ចូលកាន់ចតុត្ថជ្ឈានទៀត ។  លុះព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ក៏ទ្រង់បរិនិព្វានក្នុងចន្លោះនោះឯង ។
      កាលព្រះមានព្រះភាគ បរិនិព្វានហើយ ការកក្រើកនៃផែនដីធំ គួរស្បើម គួរព្រឺរោម ក៏កើតមាន ទាំងផ្គរក៏លាន់ឮ គគ្រឹកគគ្រេង ព្រមនឹងការបរិនិព្វាន ។
       កាលព្រះដ៏មានព្រះភាគ បរិនិព្វានហើយ ភិក្ខុទាំងឡាយណា ដែលមិនទាន់ប្រាសចាករាគៈ មាននៅក្នុងទីនុ៎ះ ភិក្ខុទាំងនោះ ពួកខ្លះ​ ក៏ផ្គងឡើងនូវកំភួនដៃហើយកន្ទក់កន្ទេញផ្ដួលខ្លួនបម្រះននៀលទៅមក ហាក់ដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ។  ឯពួកភិក្ខុណា ដែលប្រាសចាករាគៈហើយ ភិក្ខុទាំងនោះ មានសតិ និង សម្បជញ្ញៈ អត់សង្កត់ដោយគិតថា សង្ខារទាំងឡាយ មិនទៀងពិត ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្ដីទៀងទាត់ ក្នុង (ខន្ធប្បវត្តិ) នេះ អំពីណា ។
         





ធម្មនិយាមទី ៣០
សាមសិបអវសានទ្រង់បានចូលឈាន
មុននឹងនិព្វានឈានច្រើនបំផុត
ម្ភៃបួនសែនកោដិសមាបត្តិបរិសុទ្ធ
រួចហើយទ្រង់ផុតរលត់សង្ខារ ។
អហំរីខ្ញុំបង្គំវន្ទា
ឆ្ពោះព្រះភគវាព្រះធម៌ថ្លៃថ្លា
ព្រមទាំងព្រះសង្ឃផូរផង់សីលា
ចិន្តាលំអុតព្រះពុទ្ធនិយាម ។
សូមឱ្យសព្វសត្វបដិបត្តិតាមធម៌
សាសនាបវរល្អដូចព្រះនាម
អរហំសម្មាគ្មានការទាក់ទាម
កិលេសរវាមរវាតសូន្យបង់ ។
សូមឱ្យសាសនាសម្មាសម្ពុទ្ធ
បរិស័ទមោះមុតរួមចិត្តទ្រទ្រង់
ឋិតថេរចីរកាលអភិបាលដោយសង្ឃ
ព្រមព្រៀងស្មោះត្រង់ផ្ចិតផ្ចង់សិក្ខា ។
សូមមនុស្សទេវតាមានការគោរព
ទាំងថ្ងៃទាំងយប់ក្នុងព្រះសាសនា
សូមបានសម្រេចដូចក្ដីប្រាថ្នា
អស់នូវតណ្ហាទុក្ខាចប់ហោង ។ 

កំណាព្យនិពន្ធដោយ: ប.ស.វ. 

រៀបចំអត្ថបទដោយ:   នូ  សម្បត្តិ

Saturday, May 6, 2017

ព្រះអង្គទ្រង់ត្រាស់ដឹង

     
 
   
 
ទ្រង់ទទួលមធុបាយាស
       

 
        សម័យនោះ ថ្ងៃពេញបូណ៌មីខែវិសាខ ព្រះមហាបុរសសោយមធុបាយាស ដែលទេវតាដាក់ទិព្វឱជៈ ដែលនាងសុជាតា កើតក្នុងក្រុមគ្រួសាររបស់សេនានីកុដុម្ពិក តំបន់ឧរុវេលាសេនានិគមថ្វាយហើយ ទ្រង់កាន់ថាសមាស ដាក់ចុះត្រង់ក្រសែទឹកស្ទឹងនេរញ្ជរា ដាស់ស្ដេចកាឡនាគរាជ ដែលដេកលក់ឱ្យភ្ញាក់ឡើងហើយ ។




គ្រានោះ ព្រះពោធិសត្វ ទ្រង់សម្រាកពេលថ្ងៃក្នុងសាលវ័ន ដែលប្រដាប់ដោយផ្កាឈើក្រអូប មានពន្លឺពណ៌ខៀវ គួររីករាយ ( នា ) មាត់ស្ទឹងនេរញ្ជរា វេលាល្ងាចស្ដេចសំដៅទៅកាន់ដើមពោធិព្រឹក្ស តាមផ្លូវដែលទេវតាទាំងឡាយប្រដាប់ហើយ ។    ទេវតា នាគ យក្ខសិទ្ធាជាដើម នាំគ្នាបូជាដោយផ្កាឈើ គ្រឿងក្រអូប គ្រឿងលាប ។






សម័យនោះ អ្នករកស្មៅ ឈ្មោះសោត្ថិយៈ កាន់ស្មៅដើរផ្លូវមក ដឹងអាការរបស់ព្រះមហាបុរស ទើបថ្វាយស្មៅ (ស្បូវភ្លាំង ) ៨ ក្ដាប់ ព្រះពោធិសត្វទ្រង់ទទួលស្មៅហើយ  ស្ដេចចូលទៅកាន់គល់ពោធិព្រឹក្ស ឈ្មោះដើមអស្សត្ថៈ ដែលជាវិជ័យព្រឹក្សដ៏រុងរឿងជាងពួកឈើទាំងឡាយ ស្រដៀងអញ្ជ័នគិរី ពណ៌ខៀវក្រហម ហាក់បីដូចជួយសម្រាលបន្ទោបង់ពន្លឺទិន្នករ មានម្លប់ត្រជាក់ដោយព្រះករុណា ដូចព្រះហឫទ័យរបស់ព្រះអង្គ វៀរចាកការជំនុំរបស់បក្សាបក្សីផ្សេងៗ ប្រដាប់ដោយមែកដែលត្រូវខ្យល់តិចៗ មកដូចជារបាំ និងដូចត្រេកអរដោយបីតិ ទ្រង់ធ្វើប្រទក្សិណអស្សត្ថព្រឹក្ស ៣ ជុំ ប្រថាប់ឈរទិសឦសាន ទ្រង់ចាប់ចុងស្មៅអង្រួន ។     មួយរំពេចនុ៎ះឯង ក៏មានបល្ល័ង្ក ១៤ ហត្ថ ស្មៅទាំងនោះ ក៏ដូចជាធ្វើឱ្យវិចិត្រទុក ( ខាងលើ ) ។    ព្រះពោធិសត្វ ប្រថាប់គង់ចម្រើនសមាធិ លើសន្ថតស្មៅ ១៤ ហត្ថ ទ្រង់អធិដ្ឋានសេចក្ដីព្យាយាមប្រកបដោយអង្គ ៤ ទ្រង់ធ្វើដើមពោធិព្រឹក្ស ៥០ ហត្ថ ទុកខាងក្រោយ ដូចដើមឈើប្រាក់ ដែលគេតម្កល់ទុកលើតាំងមាស ការពារដោយមែកពោធិព្រឹក្ស ដូចឆត្រកែវមណីទុកខាងលើ ( ព្រះអង្គ ) ។    ក៏ត្រួយខ្ចីរបស់ពោធិព្រឹក្សធ្លាក់ចុះមកលើចីវរ ពណ៌មាសរបស់ព្រះអង្គ ក៏រុងរឿងដូចដាក់កែវប្រវាឡទុកលើផែនមាស ។

             




ព្រះមហាបុរសទ្រង់កម្ចាត់មារ
         

កាលព្រះពោធិសត្វ ប្រថាប់គង់លើពោធិបល្ល័ង្កនោះ វសវត្តីមារទេវបុត្រគិតថា សិទ្ធត្ថកុមារប្រាថ្នានឹងកន្លងវិស័យរបស់យើង ឥឡូវនេះ យើងនឹងមិនឱ្យសិទ្ធត្ថកុមារនោះកន្លងវិស័យ  ទើបប្រាប់សេចក្ដីនោះដល់កងកម្លាំងរបស់មារ ហើយនាំកងកម្លាំងមារចេញទៅ ។   បានឮថា  ទ័ពមារនោះ ខាងមុខរបស់មារ មានចម្ងាយ ១២ យោជន៍ ខាងស្ដាំ និងខាងឆ្វេងក៏យ៉ាងនោះ អំពីខាងក្រោយតាំងនៅទីបំផុតចក្រវាឡ ខាងលើកម្ពស់ ៩ យោជន៍ ។    បានឮសំឡេងគម្រាម ដូចសំឡេងផែនដីគម្រាម តាំងពី ៩ ពាន់យោជន៍ ។

           សម័យនោះ ស្ដេចសក្កទេវរាជ ទ្រង់ឈរផ្លុំស័ង្ខ ឈ្មោះវិជយុត្តរៈ គេថាស័ង្ខនោះ ប្រវែងពីរពាន់ហត្ថ ។   គន្ធព្វទេវបុត្រឈ្មោះបញ្ចសិខៈ កាន់ពិណពណ៌លឿងដូចផ្លែភ្នៅ ប្រវែង ៣ គាវុតលេងភ្លេង  ឈរច្រៀងប្រកបដោយមង្គល ។   ស្ដេចសុយាមទេវរាជ ទ្រង់កាន់ទិព្វចាមរៈ ដែលមានសិរីដូចព្រះចន្ទ្រក្នុងសរទសម័យ ប្រវែង ៣ គាវុត ឈរថ្វាយការបក់ផ្លិតខ្យល់តិចៗ ។       ចំណែកស្ដេចសហម្បតិព្រហ្ម ឈរការពារឆត្រដូចព្រះចន្ទ្រទីពីរ ទទឹង ៣ យោជន៍ ទុកខាងលើ ព្រះមានព្រះភាគ សូម្បីតែមហាកាឡនាគរាជ ដែលជានាគផ្នែករបាំ ៨ ម៉ឺនហែហម រាយគាថាការសរសើររាប់រយ ឈរមនស្ការព្រះមហាសត្វ ទេវតាក្នុង ១ ម៉ឺនចក្រវាឡ បូជាដោយកម្រងផ្កាឈើក្រអូប និងលំអិតធូបជាដើម នាំគ្នាឈរថ្វាយសាធុការ ។

           លំដាប់នោះ  ទេវបុត្តមារឡើងលើដំរីដែលការពារសត្រូវបាន ជាដំរីដែលប្រដាប់ដោយរតនៈ ឈ្មោះគិរីមេខលៈ ល្អគួររមិលមើលយ៉ាងក្រៃលែង ដូចកំពូលហិមគិរី កម្ពស់ ១៥០ យោជន៍ និម្មិតដៃ ១ ពាន់ ចាប់អាវុធផ្សេងៗ ដោយការចាប់អាវុធដែលនូវមិនទាន់បានចាប់ សូម្បីបរិស័ទរបស់មារ មានកម្លាំងកាន់ដាវ ធ្នូ សរ លំពែង លើកធ្នូ ឈើអន្លូង ដែលស្រួច ស្នរ លំពែង ថ្ម កាំបិត កង់ចក្រ គ្រឿងពាក់ក របស់មានមុខមុត មានមុខដូចប្រើសរាជសីហ៍  ប្រើស ជ្រូក ខ្លា ស្វា ពស់ ឆ្មា និងមានមុខដូចក្របី សេះ ដំរីជាដើម មានកាយផ្សេងៗ គួរខ្លាច គួរចម្លែក គួរស្អប់ មានកាយ ដូចមនុស្សយក្ខ បីសាច ព្រះមហាពោធិសត្វ ទ្រង់គង់ទៀបគល់ពោធិព្រឹក្ស ដើរឡោមព័ទ្ធ ឈរសម្លឹងមើលការសម្ដែងរបស់មារ ។

           អំពីនោះ កាលកងកម្លាំងរបស់មារ ចូលទៅកាន់ពោធិមណ្ឌស្ថាន បណ្ដាទេវតាទាំងនោះ មានស្ដេចសក្កទេវរាជជាដើម ទេវតាសូម្បីត្រឹមតែមួយអង្គ ក៏មិនអាចឈរនៅបាន ទេវតាទាំងឡាយនាំគ្នាចៀសចេញទៅចំពោះមុខៗ នុ៎ះឯង ក៏ស្ដេចសក្កទេវរាជ ធ្វើវិជយុត្តរស័ង្ខទុកត្រង់ខ្នង ប្រថាប់ឈរក្នុងកណ្ដាលមាត់ចក្រវាឡ ។   ស្ដេចមហាព្រហ្ម ដាក់ស្វេតច្ឆត្រ ទុកត្រង់ទីបំផុតចក្រវាឡ ហើយក៏ស្ដេចទៅព្រហ្មលោក។     កាឡនាគរាជ ក៏លះចោលនាគរបាំទុកទាំងអស់ ដើរទៅកាន់ភពមញ្ជេរិកនាគពិភពជម្រៅ ៥០០ យោជន៍ ដេកយកដៃបិទមុខ មិនមានសូម្បីទេវតាត្រឹមតែមួយអង្គ ដែលអាចនៅក្នុងទីនោះបាន ។    ចំណែកព្រះមហាបុរស ប្រថាប់គង់នៅតែម្នាក់ឯង ដូចមហាព្រហ្មក្នុងវិមានទទេ ។     និមិត្តកាចអាក្រក់ ដែលមិនគួរប្រាថ្នាជាច្រើនប្រាកដមុនតែម្ដងថា ឥឡូវនេះ មារនឹងមក ដូច្នេះ ។

           កាលការប្រយុទ្ធរបស់ស្ដេចមារ និងរបស់អ្នកមានផៅពង្សដ៏ខ្ពង់ខ្ពស់ ដូចជាព្រះអាទិត្យនៃត្រៃលោកប្រព្រឹត្តទៅ ឧក្កាបាតដ៏កាច ក៏ធ្លាក់ចុះដោយជុំវិញ ទិសទាំងឡាយក៏ងងឹតដោយផ្សែង ។
           ផែនដីសូម្បីនេះ មិនមានចិត្ត ក៏ដូចមានចិត្តដល់ការបែកចេញពីគ្នា ដូចស្រីព្រាត់ប្រាសចាកស្វាមី ផែនដីត្រង់ស្ទឹងផ្សេងៗ ព្រមទាំងសាគរក៏ញាប់ញ័រ ដូចវល្លិត្រូវខ្យល់បក់ ។
            មហាសមុទ្រក៏មានទឹករំជើបរំជួល សូម្បីទឹកទាំងឡាយ ក៏ហូរច្រាសក្រសែទឹក ដើមឈើផ្សេងៗ ក៏ដួលបែកជាប់ផែនដីនៃភ្នំទាំងឡាយ ។

             ខ្យល់អាក្រក់ក៏បក់ទៅដោយជុំវិញ មានសំឡេងអ៊ឹកធឹកគគ្រឹកគគ្រេង សភាពងងឹតដែលប្រាសចាកព្រះអាទិត្យ ក៏អាក្រក់ណាស់ កពន្ធរូប ( រូបសាកអសុភកំបុតក្បាល ) រសាត់ទៅក្នុងវេហាស៍ ។    គេថា ហេតុអាក្រក់ដ៏ចម្លែក ដូចពោលមក មិនគួរចម្រើនចិត្ត មិនគួរប្រាថ្នា ទាំងនៅក្នុងអាកាស និងនៅលើផែនដីជាច្រើន ក៏មានដោយជុំវិញក្នុងខណៈដែលមារមក ។

        ចំណែកពួកទេវតាទាំងឡាយ ឃើញមារប្រាថ្នានឹងប្រហារព្រះមហាសត្វ ជាទេវនៃទេវនោះ ក៏អាណិតព្រមដោយពួកទេវ ក៏នាំគ្នាធ្វើសំឡេងថា ហាហា ។
        សូម្បីខាងក្រោយ ក៏ឃើញមារនោះ ព្រមទាំងកងកម្លាំងជាច្រើន ដែលទូន្មានមកល្អហើយ នាំគ្នាចៀសចេញទៅក្នុងទិសធំនិងទិសតូច អាវុធក្នុងដៃក៏ធ្លាក់ទៅ ។
        ព្រះមានយសដ៏ធំក្រៃលែង អ្នកក្លៀវក្លា ប្រាសចាកភ័យ ប្រថាប់គង់នៅកណ្ដាលកងកម្លាំងរបស់មារ ដូចស្ដេចគ្រុឌនៅកណ្ដាលហ្វូងបក្សាបក្សី ដូចរាជសីហ៍អ្នកក្រៃលែងនៅកណ្ដាលហ្វូងម្រឹគដូច្នោះ ។

           គ្រានោះ មារគិតថា នឹងញ៉ាំងព្រះសិទ្ធត្ថឱ្យខ្លាចហើយចៀសចេញទៅតែមិនអាចឱ្យព្រះពោធិសត្វចៀសចេញទៅដោយឫទ្ធិមារ ៩ ប្រការ គឺ ខ្យល់ ភ្លៀង ដុំថ្ម គ្រឿងប្រហារ រងើកភ្លើង ភ្លើងនរក ដីខ្សាច់ ភក់ សភាពងងឹត មានចិត្តក្រោធឡើង បង្គាប់ពួកមារថា នាយពួកអ្នកឯងឈប់នៅធ្វើអ្វី ចូរធ្វើសិទ្ធត្ថឱ្យមិនមែនជាសិទ្ធត្ថ ចូរចាប់ ចូរសម្លាប់ ចូរកាត់ ចូរចង ចូរកុំដោះលែង ចូរឱ្យចៀសចេញទៅ ចំណែកខ្លួនឯងអង្គុយលើដំរីឈ្មោះគិរិមេខលៈ ក្រវាត់កូនសរ ចូលទៅរកព្រះពោធិសត្វ ពោលថា លោកសិទ្ធត្ថ ចូរក្រោកឡើងចាកបល្ល័ង្ក ។      ទាំងពួកមារ ក៏បានធ្វើសេចក្ដីបៀតបៀន ប្រទូស្ដក្រៃលែងដល់ព្រះមហាសត្វ ។

             គ្រានោះ ព្រះមហាបុរសត្រាស់ពាក្យជាដើមថា ម្នាលមារ លោកបំពេញបារមីដើម្បីបល្ល័ង្កមកពីកាលណា ហើយទ្រង់បង្អោនព្រះហស្ថស្ដាំកាន់ផ្ទៃប្រថពី ។     ខណៈនោះនុ៎ះឯង ខ្យល់និងទឹកដែលទ្រផែនដី កម្រាស់មួយលានមួយម៉ឺនបួនពាន់យោជន៍ ក៏ញាប់ញ័រមុនអំពីនោះ មហាប្រថពីនេះ ដែលមានកម្រាស់ពីរសែនបួនម៉ឺនយោជន៍ ក៏ញាប់ញ័រ ៦ ដង ។       ខ្សែផ្លេកបន្ទោរនិងអសនីបាត (រន្ទះ) ច្រើនពាន់ខាងលើអាកាស ក៏បំបែកចុះមក ។        លំដាប់នោះ ដំរីគិរិមេខលៈ ក៏លុតជង្គង់ ។     មារដែលអង្គុយលើ ក ដំរីគិរិមេខល ក៏ធ្លាក់ចុះមកលើផែនដី ។    សូម្បីបក្ខពួករបស់មារ ក៏ខ្ចាត់ខ្ចាយទៅក្នុងទិសធំនិងទិសតូច ដូចក្ដាប់អង្កាមដែលខ្ចរខ្ចាយទៅដូច្នោះ ។




ព្រះអង្គទ្រង់ត្រាស់ដឹង ថ្ងៃ ពុធ ១៥ កើត ខែ ពិសាខ ឆ្នាំ រកា 
ក្នុងព្រះជន្ម ៣៥ ព្រះវស្សា នៅក្នុងឧរុវេលាសេនានិគម ជិតស្ទឹងនេរញ្ជរា វេលាជិតភ្លឺ រតនបល្ល័ង្កមានកម្ពស់ ១៤ ហត្ថ ស្មើនឹង ៧ ម៉ែត្រ ដើមពោធិ៍កម្ពស់ ៥០ ហត្ថ ស្មើនឹង ២៥ ម៉ែត្រ




ព្រះអង្គទ្រង់ត្រាស់ដឹង

       លំដាប់នោះ សូម្បីព្រះមហាបុរស ទ្រង់កម្ចាត់កងកម្លាំងរបស់មារព្រមទាំងខ្លួនមារនោះ ដោយអានុភាពព្រះបារមីទាំងឡាយរបស់ព្រះអង្គមានខន្តិ មេត្តា វិរិយៈ និង បញ្ញាជាដើម បឋមយាម ទ្រង់រលឹកដល់ខន្ធដែលធ្លាប់អាស្រ័យមកពីមុន មជ្ឈិមយាម ទ្រង់ជម្រះទិព្វចក្ខុ បច្ចូសសម័យ ជិតភ្លឺ ទ្រង់បញ្ជូនញាណចុះក្នុងបច្ចយាការ ដែលព្រះពុទ្ធជាម្ចាស់គ្រប់ព្រះអង្គទ្រង់បដិបត្តិមក ទ្រង់ញ៉ាំងចតុត្ថជ្ឈាន មានអានាបានៈ ជាអារម្មណ៍ឱ្យកើតហើយ ទ្រង់ធ្វើចតុត្ថជ្ឈាននោះឱ្យជាបាទហើយ ទ្រង់ចម្រើនវិបស្សនា ទ្រង់ញ៉ាំងកិលេសទាំងពួង ឱ្យអស់ទៅដោយមគ្គទី ៤ ដែលទ្រង់សម្រេចមកតាមលំដាប់មគ្គ ទ្រង់សម្រេចព្រះពុទ្ធគុណទាំងពួង ដែលព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់បដិបត្តិមក ទ្រង់បន្លឺព្រះពុទ្ធឧទានថា÷

អនេកជាតិសំសារំ សន្ធាវិស្សំ អនិព្វិសំ
គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ ។
គហការក ទិដ្ឋោសិ បុន គេហំ ន កាហសិ
សព្វា តេ ផាសុកា ភគ្គា គហកូដំ វិសង្ខតំ
វិសង្ខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។

 
        កាលតថាគតមិនទាន់បានជួបប្រទះ ( ពោធិញ្ញាណ ) រវល់តែស្វះស្វែងរកជាងផ្ទះ គឺតណ្ហា ជាអ្នកធ្វើផ្ទះគឺអត្តភាព ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្ដីកើតជាទុក្ខរឿយៗ ។     នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ ( របស់តថាគត ) ទៀត មិនបានឡើយ ឆ្អឹងជំនីរគឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដំបូលផ្ទះគឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្តរបស់តថាគតដល់ព្រះនិព្វាន ដែលមានសង្ខារប្រាសហើយ តថាគតបានដល់ធម៌ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ ។

 រៀបចំអត្ថបទដោយៈ  នូ   សម្បត្តិ
 

សូមចែករំលែកនូវអត្ថបទនេះបន្តផង!

ព្រះបរមពោធិសត្វទ្រង់ប្រសូត

 
ប្រសូត ថ្ងៃសុក្រ ១៥ កើត ខែ ពិសាខ ឆ្នាំ ច វេលាជិតថ្ងៃត្រង់ នៅឧទ្យានលុម្ពិនី
ធម្មនិយាម គឺទំនៀមនៃព្រះពោធិសត្វពេលទ្រង់ប្រសូត មានចំណុចសំខាន់ៗដូចខាងក្រោមនេះ÷

១.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលព្រះពោធិសត្វ ប្រសូតមកបាន ៧ ថ្ងៃ ព្រះមាតានៃព្រះពោធិសត្វ តែងធ្វើមរណកាល ទៅកើតនៅស្ថានតុសិត ។  នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វ ប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។

២.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺស្ត្រីទាំងឡាយដទៃ តែងទ្រទ្រង់គភ៌អស់ ៩ ខែខ្លះ ១០ ខែខ្លះ ទើបបានប្រសូតយ៉ាងណា ព្រះមាតានៃព្រះពោធិសត្វមិនប្រសូតយ៉ាងនោះឡើយ ។   ព្រះមាតានៃព្រះពោធិសត្វតែងទ្រង់គភ៌ព្រះពោធិសត្វអស់ ១០ គត់ ទើបបានប្រសូត ។   នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។

៣.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺស្ត្រីទាំងឡាយដទៃ តែងអង្គុយសម្រាលក៏មាន ដេកសម្រាលក៏មាន យ៉ាងណា ព្រះមាតានៃព្រះពោធិសត្វប្រសូតព្រះពោធិសត្វមិនដូច្នោះទេ ព្រះមាតានៃព្រះពោធិសត្វ រមែងស្ថិត ( ឈរ ) ប្រសូតព្រះពោធិសត្វ ។   នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។

៤.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា ទេវតាទាំងឡាយ តែងទទួល ( ព្រះពោធិសត្វ ) មុន  ទើបមនុស្សទាំងឡាយទទួលក្រោយ ។   នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។

៥.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា ព្រះពោធិសត្វមិនទាន់ចុះដល់ផែនដី មានទេវបុត្រទាំង ៤ ទទួលព្រះអង្គ តម្កល់ក្នុងខាងមុខនៃព្រះមាតាថា បពិត្រព្រះនាងទេវី សូមព្រះនាងមានចិត្តរីករាយចុះ បុត្ររបស់ព្រះនាងជាអ្នកមានស័ក្ដិធំ ទ្រង់កើតឡើងហើយ ។    នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។

៦.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា ដ៏ល្អល្អះ ( ស្រស់បស់ ) ចេញមកមិនប្រឡាក់ដោយទឹក ( ភ្លោះ ) មិនប្រឡាក់ដោយស្លេស្ម មិនប្រឡាក់ដោយឈាម មិនប្រឡាក់ដោយអសោចិ៍ណានីមួយឡើយ ជាអ្នកស្អាតបរិសុទ្ធ ។    ម្នាលភិក្ខុទាំងឡាយ កែវមណីដែលបុគ្គលដាក់ចុះលើកាសិកពស្ត្រ កែវមណី ( នោះ ) មិនប្រឡាក់នូវកាសិកពស្ត្រឡើយ កាសិកពស្ត្រក៏មិនប្រឡាក់នូវកែវមណីដែរ ហេតុអ្វីបានជាថាដូច្នោះ ព្រោះសំពត់នឹងកែវមណីទាំងពីរជារបស់ស្អាត មានឧបមាដូចម្ដេចមិញ  ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា ដ៏ល្អល្អះចេញមក មិនប្រឡាក់ដោយទឹក ( ភ្លោះ ) មិនប្រឡាក់ដោយស្លេស្ម មិនប្រឡាក់ដោយឈាម មិនប្រឡាក់ដោយអសោចណានីមួយឡើយ ជាអ្នកស្អាតបរិសុទ្ធ មានឧបមេយ្យដូច្នោះឯង ។   នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។

៧.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា  មានធារទឹក ២ ហូរចុះមកអំពីអាកាស ធារទឹក ១ ត្រជាក់ ធារទឹក ១ ក្ដៅ ធ្វើនូវការលាងជម្រះព្រះពោធិសត្វផង ព្រះមាតាផង ។   នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។

៨.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺកាលដែលព្រះពោធិសត្វ ប្រសូតមកភ្លាម ទ្រង់ប្រតិស្ឋាន ( ឈរលើផែនដី ) ដោយព្រះបាទជាន់ស៊ប់ ឆ្ពោះព្រះភក្ដ្រទៅកាន់ទិសឧត្តរ ទ្រង់យាងឈានទៅបាន ៧ ជំហាន កាលដែលមហាជន កំពុងបាំងស្វេតច្ឆត្រថ្វាយ ក៏រមិលមើលនូវទិសទាំងពួង ទ្រង់ពោលនូវ អាសភិវាចា គឺវាចាដ៏ឧត្តមផងថា " អគ្គោហមស្មិ លោកស្ស ជេដ្ឋោហមស្មិ លោកស្ស សេដ្ឋោហមស្មិ លោកស្ស អយមន្តិមា មេ ជាតិ នត្ថិទានិ បុនព្ភវោតិ " អញជាបុគ្គលខ្ពង់ខ្ពស់របស់លោក អញជាបុគ្គលធំបំផុតរបស់លោក អញជាបុគ្គលប្រសើរបំផុតរបស់លោក នេះជាកំណើតបំផុតរបស់អញ ឥឡូវនេះ ភពថ្មីតពីនេះទៅទៀតមិនមានឡើយ ។     នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។

៩.ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា គ្រានោះ ពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កើតប្រាកដឡើងក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេពនិងមនុស្សដ៏សេស កន្លងនូវទេវានុភាពនៃទេវតាទាំងឡាយ ។   ឱកាសណាដែលចំហទទេ នៅក្នុងទីបំផុតនៃលោក ឥតមានអ្វីបាំងរាំង មានតែអ័ព្ទងងឹត ព្រះចន្ទនិងព្រះអាទិត្យមានឫទ្ធិយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ផ្សាយពន្លឺទៅមិនដល់ក្នុងទីណា ពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបាន ក៏កើតឡើងក្នុងទីទាំងនោះ កន្លងនូវទេវានុភាពនៃទេវតាទាំងឡាយ ។   ពពួកសត្វណាដែលកើតក្នុងទីទាំងនោះ សត្វអម្បាលនោះ ក៏ស្គាល់ច្បាស់នូវគ្នានឹងគ្នា ដោយសារពន្លឺនោះថា អើហ្ន៎ មានពួកសត្វដទៃកើតក្នុងទីនោះដែរ ។   លោកធាតុ ១ ហ្មឺន នេះក៏កក្រើករំពើកញាប់ញ័រ ទាំងពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងលោក កន្លងនូវទេវានុភាពនៃទេវតាទាំងឡាយ ។   នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ ។

( បិដកលេខ ១៦ ទំព័រ ២៨ - ៣២)

  អដ្ឋកថា

 
 ប្រាប់អំពីបុព្វនិមិត្តទាំងឡាយ :
១. ការប្រតិស្ឋានលើផែនដីដោយព្រះបាទស្មើគ្នា ជាបុព្វនិមិត្តនៃការបានឥទ្ធិបាទ ៤ ។
២. ការបែរព្រះភក្ត្រទៅទិសឧត្តរ ជាបុព្វនិមិត្តនៃដំណើរដែលទ្រង់យាងទៅទូន្មានមហាជន ។
៣. ព្រះអង្គទ្រង់យាង ៧ ជំហាន ជាបុព្វនិមិត្តនៃការបានរតនៈ គឺពោជ្ឈង្គ ៧ ។
៤. ការកាន់ស្វេតច្ឆត្រទិព្វ ជាបុព្វនិមិត្តនៃការបានឆត្រដ៏ប្រសើរ គឺវិមុត្តិ ។
៥. ការរមិលមើលនូវទិសទាំងពួង ជាបុព្វនិមិត្តនៃការបាន អនាវរណញ្ញាណ ។
៦. ការបន្លឺនូវអាសភិវាចា ជាបុព្វនិមិត្តនៃការប្រព្រឹត្តទៅនៃព្រះធម្មចក្កប្បវត្តនសូត្រ ។
៧. ការបន្លឺសីហនាទថា នេះជាជាតិចុងក្រោយបំផុតរបស់យើង ជាបុព្វនិមិត្តនៃការបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ។
  ក្នុងពេលស្ដេចយាងចុះកាន់ព្រះគភ៌ និង ពេលប្រសូត មានបុព្វនិមិត្តច្រើនប្រការទៀត ។
    
   រៀបចំអត្ថបទដោយ:  ចង្កមរក្ខិតោ នូ  សម្បត្តិ
sambathnou.blogspot.com
សូមជួយចែករំលែកនូវអត្ថបទនេះទៅកាន់មិត្តរបស់អ្នក

ដើម្បីឱ្យពួកគេទទួលបាននូវចំណេះដឹងអំពីពេលដែលព្រះបរមពោធិសត្វទ្រង់ប្រសូតផង

Sunday, September 25, 2016


ជំនួយសតិ ភាគទី ២១
រៀបរៀងដោយ
លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស


ជំនួយសតិ ភាគទី ២០
រៀបរៀងដោយ
លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស