Pages

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា ដែលប្រារព្ធឡើងនៅថ្ងៃ ១៥ កើត ខែពិសាខ ដើម្បីរំលឹកដល់ថ្ងៃ ព្រះអង្គទ្រង់ប្រសូត ព្រះអង្គត្រាស់ដឹង ព្រះអង្គបរិនិព្វាន ដាច់ពុទ្ធសករាជ ២៥៦១ ឈានចូល ២៥៦២

Saturday, May 6, 2017

ព្រះអង្គទ្រង់ត្រាស់ដឹង

     
 
   
 
ទ្រង់ទទួលមធុបាយាស
       

 
        សម័យនោះ ថ្ងៃពេញបូណ៌មីខែវិសាខ ព្រះមហាបុរសសោយមធុបាយាស ដែលទេវតាដាក់ទិព្វឱជៈ ដែលនាងសុជាតា កើតក្នុងក្រុមគ្រួសាររបស់សេនានីកុដុម្ពិក តំបន់ឧរុវេលាសេនានិគមថ្វាយហើយ ទ្រង់កាន់ថាសមាស ដាក់ចុះត្រង់ក្រសែទឹកស្ទឹងនេរញ្ជរា ដាស់ស្ដេចកាឡនាគរាជ ដែលដេកលក់ឱ្យភ្ញាក់ឡើងហើយ ។




គ្រានោះ ព្រះពោធិសត្វ ទ្រង់សម្រាកពេលថ្ងៃក្នុងសាលវ័ន ដែលប្រដាប់ដោយផ្កាឈើក្រអូប មានពន្លឺពណ៌ខៀវ គួររីករាយ ( នា ) មាត់ស្ទឹងនេរញ្ជរា វេលាល្ងាចស្ដេចសំដៅទៅកាន់ដើមពោធិព្រឹក្ស តាមផ្លូវដែលទេវតាទាំងឡាយប្រដាប់ហើយ ។    ទេវតា នាគ យក្ខសិទ្ធាជាដើម នាំគ្នាបូជាដោយផ្កាឈើ គ្រឿងក្រអូប គ្រឿងលាប ។






សម័យនោះ អ្នករកស្មៅ ឈ្មោះសោត្ថិយៈ កាន់ស្មៅដើរផ្លូវមក ដឹងអាការរបស់ព្រះមហាបុរស ទើបថ្វាយស្មៅ (ស្បូវភ្លាំង ) ៨ ក្ដាប់ ព្រះពោធិសត្វទ្រង់ទទួលស្មៅហើយ  ស្ដេចចូលទៅកាន់គល់ពោធិព្រឹក្ស ឈ្មោះដើមអស្សត្ថៈ ដែលជាវិជ័យព្រឹក្សដ៏រុងរឿងជាងពួកឈើទាំងឡាយ ស្រដៀងអញ្ជ័នគិរី ពណ៌ខៀវក្រហម ហាក់បីដូចជួយសម្រាលបន្ទោបង់ពន្លឺទិន្នករ មានម្លប់ត្រជាក់ដោយព្រះករុណា ដូចព្រះហឫទ័យរបស់ព្រះអង្គ វៀរចាកការជំនុំរបស់បក្សាបក្សីផ្សេងៗ ប្រដាប់ដោយមែកដែលត្រូវខ្យល់តិចៗ មកដូចជារបាំ និងដូចត្រេកអរដោយបីតិ ទ្រង់ធ្វើប្រទក្សិណអស្សត្ថព្រឹក្ស ៣ ជុំ ប្រថាប់ឈរទិសឦសាន ទ្រង់ចាប់ចុងស្មៅអង្រួន ។     មួយរំពេចនុ៎ះឯង ក៏មានបល្ល័ង្ក ១៤ ហត្ថ ស្មៅទាំងនោះ ក៏ដូចជាធ្វើឱ្យវិចិត្រទុក ( ខាងលើ ) ។    ព្រះពោធិសត្វ ប្រថាប់គង់ចម្រើនសមាធិ លើសន្ថតស្មៅ ១៤ ហត្ថ ទ្រង់អធិដ្ឋានសេចក្ដីព្យាយាមប្រកបដោយអង្គ ៤ ទ្រង់ធ្វើដើមពោធិព្រឹក្ស ៥០ ហត្ថ ទុកខាងក្រោយ ដូចដើមឈើប្រាក់ ដែលគេតម្កល់ទុកលើតាំងមាស ការពារដោយមែកពោធិព្រឹក្ស ដូចឆត្រកែវមណីទុកខាងលើ ( ព្រះអង្គ ) ។    ក៏ត្រួយខ្ចីរបស់ពោធិព្រឹក្សធ្លាក់ចុះមកលើចីវរ ពណ៌មាសរបស់ព្រះអង្គ ក៏រុងរឿងដូចដាក់កែវប្រវាឡទុកលើផែនមាស ។

             




ព្រះមហាបុរសទ្រង់កម្ចាត់មារ
         

កាលព្រះពោធិសត្វ ប្រថាប់គង់លើពោធិបល្ល័ង្កនោះ វសវត្តីមារទេវបុត្រគិតថា សិទ្ធត្ថកុមារប្រាថ្នានឹងកន្លងវិស័យរបស់យើង ឥឡូវនេះ យើងនឹងមិនឱ្យសិទ្ធត្ថកុមារនោះកន្លងវិស័យ  ទើបប្រាប់សេចក្ដីនោះដល់កងកម្លាំងរបស់មារ ហើយនាំកងកម្លាំងមារចេញទៅ ។   បានឮថា  ទ័ពមារនោះ ខាងមុខរបស់មារ មានចម្ងាយ ១២ យោជន៍ ខាងស្ដាំ និងខាងឆ្វេងក៏យ៉ាងនោះ អំពីខាងក្រោយតាំងនៅទីបំផុតចក្រវាឡ ខាងលើកម្ពស់ ៩ យោជន៍ ។    បានឮសំឡេងគម្រាម ដូចសំឡេងផែនដីគម្រាម តាំងពី ៩ ពាន់យោជន៍ ។

           សម័យនោះ ស្ដេចសក្កទេវរាជ ទ្រង់ឈរផ្លុំស័ង្ខ ឈ្មោះវិជយុត្តរៈ គេថាស័ង្ខនោះ ប្រវែងពីរពាន់ហត្ថ ។   គន្ធព្វទេវបុត្រឈ្មោះបញ្ចសិខៈ កាន់ពិណពណ៌លឿងដូចផ្លែភ្នៅ ប្រវែង ៣ គាវុតលេងភ្លេង  ឈរច្រៀងប្រកបដោយមង្គល ។   ស្ដេចសុយាមទេវរាជ ទ្រង់កាន់ទិព្វចាមរៈ ដែលមានសិរីដូចព្រះចន្ទ្រក្នុងសរទសម័យ ប្រវែង ៣ គាវុត ឈរថ្វាយការបក់ផ្លិតខ្យល់តិចៗ ។       ចំណែកស្ដេចសហម្បតិព្រហ្ម ឈរការពារឆត្រដូចព្រះចន្ទ្រទីពីរ ទទឹង ៣ យោជន៍ ទុកខាងលើ ព្រះមានព្រះភាគ សូម្បីតែមហាកាឡនាគរាជ ដែលជានាគផ្នែករបាំ ៨ ម៉ឺនហែហម រាយគាថាការសរសើររាប់រយ ឈរមនស្ការព្រះមហាសត្វ ទេវតាក្នុង ១ ម៉ឺនចក្រវាឡ បូជាដោយកម្រងផ្កាឈើក្រអូប និងលំអិតធូបជាដើម នាំគ្នាឈរថ្វាយសាធុការ ។

           លំដាប់នោះ  ទេវបុត្តមារឡើងលើដំរីដែលការពារសត្រូវបាន ជាដំរីដែលប្រដាប់ដោយរតនៈ ឈ្មោះគិរីមេខលៈ ល្អគួររមិលមើលយ៉ាងក្រៃលែង ដូចកំពូលហិមគិរី កម្ពស់ ១៥០ យោជន៍ និម្មិតដៃ ១ ពាន់ ចាប់អាវុធផ្សេងៗ ដោយការចាប់អាវុធដែលនូវមិនទាន់បានចាប់ សូម្បីបរិស័ទរបស់មារ មានកម្លាំងកាន់ដាវ ធ្នូ សរ លំពែង លើកធ្នូ ឈើអន្លូង ដែលស្រួច ស្នរ លំពែង ថ្ម កាំបិត កង់ចក្រ គ្រឿងពាក់ក របស់មានមុខមុត មានមុខដូចប្រើសរាជសីហ៍  ប្រើស ជ្រូក ខ្លា ស្វា ពស់ ឆ្មា និងមានមុខដូចក្របី សេះ ដំរីជាដើម មានកាយផ្សេងៗ គួរខ្លាច គួរចម្លែក គួរស្អប់ មានកាយ ដូចមនុស្សយក្ខ បីសាច ព្រះមហាពោធិសត្វ ទ្រង់គង់ទៀបគល់ពោធិព្រឹក្ស ដើរឡោមព័ទ្ធ ឈរសម្លឹងមើលការសម្ដែងរបស់មារ ។

           អំពីនោះ កាលកងកម្លាំងរបស់មារ ចូលទៅកាន់ពោធិមណ្ឌស្ថាន បណ្ដាទេវតាទាំងនោះ មានស្ដេចសក្កទេវរាជជាដើម ទេវតាសូម្បីត្រឹមតែមួយអង្គ ក៏មិនអាចឈរនៅបាន ទេវតាទាំងឡាយនាំគ្នាចៀសចេញទៅចំពោះមុខៗ នុ៎ះឯង ក៏ស្ដេចសក្កទេវរាជ ធ្វើវិជយុត្តរស័ង្ខទុកត្រង់ខ្នង ប្រថាប់ឈរក្នុងកណ្ដាលមាត់ចក្រវាឡ ។   ស្ដេចមហាព្រហ្ម ដាក់ស្វេតច្ឆត្រ ទុកត្រង់ទីបំផុតចក្រវាឡ ហើយក៏ស្ដេចទៅព្រហ្មលោក។     កាឡនាគរាជ ក៏លះចោលនាគរបាំទុកទាំងអស់ ដើរទៅកាន់ភពមញ្ជេរិកនាគពិភពជម្រៅ ៥០០ យោជន៍ ដេកយកដៃបិទមុខ មិនមានសូម្បីទេវតាត្រឹមតែមួយអង្គ ដែលអាចនៅក្នុងទីនោះបាន ។    ចំណែកព្រះមហាបុរស ប្រថាប់គង់នៅតែម្នាក់ឯង ដូចមហាព្រហ្មក្នុងវិមានទទេ ។     និមិត្តកាចអាក្រក់ ដែលមិនគួរប្រាថ្នាជាច្រើនប្រាកដមុនតែម្ដងថា ឥឡូវនេះ មារនឹងមក ដូច្នេះ ។

           កាលការប្រយុទ្ធរបស់ស្ដេចមារ និងរបស់អ្នកមានផៅពង្សដ៏ខ្ពង់ខ្ពស់ ដូចជាព្រះអាទិត្យនៃត្រៃលោកប្រព្រឹត្តទៅ ឧក្កាបាតដ៏កាច ក៏ធ្លាក់ចុះដោយជុំវិញ ទិសទាំងឡាយក៏ងងឹតដោយផ្សែង ។
           ផែនដីសូម្បីនេះ មិនមានចិត្ត ក៏ដូចមានចិត្តដល់ការបែកចេញពីគ្នា ដូចស្រីព្រាត់ប្រាសចាកស្វាមី ផែនដីត្រង់ស្ទឹងផ្សេងៗ ព្រមទាំងសាគរក៏ញាប់ញ័រ ដូចវល្លិត្រូវខ្យល់បក់ ។
            មហាសមុទ្រក៏មានទឹករំជើបរំជួល សូម្បីទឹកទាំងឡាយ ក៏ហូរច្រាសក្រសែទឹក ដើមឈើផ្សេងៗ ក៏ដួលបែកជាប់ផែនដីនៃភ្នំទាំងឡាយ ។

             ខ្យល់អាក្រក់ក៏បក់ទៅដោយជុំវិញ មានសំឡេងអ៊ឹកធឹកគគ្រឹកគគ្រេង សភាពងងឹតដែលប្រាសចាកព្រះអាទិត្យ ក៏អាក្រក់ណាស់ កពន្ធរូប ( រូបសាកអសុភកំបុតក្បាល ) រសាត់ទៅក្នុងវេហាស៍ ។    គេថា ហេតុអាក្រក់ដ៏ចម្លែក ដូចពោលមក មិនគួរចម្រើនចិត្ត មិនគួរប្រាថ្នា ទាំងនៅក្នុងអាកាស និងនៅលើផែនដីជាច្រើន ក៏មានដោយជុំវិញក្នុងខណៈដែលមារមក ។

        ចំណែកពួកទេវតាទាំងឡាយ ឃើញមារប្រាថ្នានឹងប្រហារព្រះមហាសត្វ ជាទេវនៃទេវនោះ ក៏អាណិតព្រមដោយពួកទេវ ក៏នាំគ្នាធ្វើសំឡេងថា ហាហា ។
        សូម្បីខាងក្រោយ ក៏ឃើញមារនោះ ព្រមទាំងកងកម្លាំងជាច្រើន ដែលទូន្មានមកល្អហើយ នាំគ្នាចៀសចេញទៅក្នុងទិសធំនិងទិសតូច អាវុធក្នុងដៃក៏ធ្លាក់ទៅ ។
        ព្រះមានយសដ៏ធំក្រៃលែង អ្នកក្លៀវក្លា ប្រាសចាកភ័យ ប្រថាប់គង់នៅកណ្ដាលកងកម្លាំងរបស់មារ ដូចស្ដេចគ្រុឌនៅកណ្ដាលហ្វូងបក្សាបក្សី ដូចរាជសីហ៍អ្នកក្រៃលែងនៅកណ្ដាលហ្វូងម្រឹគដូច្នោះ ។

           គ្រានោះ មារគិតថា នឹងញ៉ាំងព្រះសិទ្ធត្ថឱ្យខ្លាចហើយចៀសចេញទៅតែមិនអាចឱ្យព្រះពោធិសត្វចៀសចេញទៅដោយឫទ្ធិមារ ៩ ប្រការ គឺ ខ្យល់ ភ្លៀង ដុំថ្ម គ្រឿងប្រហារ រងើកភ្លើង ភ្លើងនរក ដីខ្សាច់ ភក់ សភាពងងឹត មានចិត្តក្រោធឡើង បង្គាប់ពួកមារថា នាយពួកអ្នកឯងឈប់នៅធ្វើអ្វី ចូរធ្វើសិទ្ធត្ថឱ្យមិនមែនជាសិទ្ធត្ថ ចូរចាប់ ចូរសម្លាប់ ចូរកាត់ ចូរចង ចូរកុំដោះលែង ចូរឱ្យចៀសចេញទៅ ចំណែកខ្លួនឯងអង្គុយលើដំរីឈ្មោះគិរិមេខលៈ ក្រវាត់កូនសរ ចូលទៅរកព្រះពោធិសត្វ ពោលថា លោកសិទ្ធត្ថ ចូរក្រោកឡើងចាកបល្ល័ង្ក ។      ទាំងពួកមារ ក៏បានធ្វើសេចក្ដីបៀតបៀន ប្រទូស្ដក្រៃលែងដល់ព្រះមហាសត្វ ។

             គ្រានោះ ព្រះមហាបុរសត្រាស់ពាក្យជាដើមថា ម្នាលមារ លោកបំពេញបារមីដើម្បីបល្ល័ង្កមកពីកាលណា ហើយទ្រង់បង្អោនព្រះហស្ថស្ដាំកាន់ផ្ទៃប្រថពី ។     ខណៈនោះនុ៎ះឯង ខ្យល់និងទឹកដែលទ្រផែនដី កម្រាស់មួយលានមួយម៉ឺនបួនពាន់យោជន៍ ក៏ញាប់ញ័រមុនអំពីនោះ មហាប្រថពីនេះ ដែលមានកម្រាស់ពីរសែនបួនម៉ឺនយោជន៍ ក៏ញាប់ញ័រ ៦ ដង ។       ខ្សែផ្លេកបន្ទោរនិងអសនីបាត (រន្ទះ) ច្រើនពាន់ខាងលើអាកាស ក៏បំបែកចុះមក ។        លំដាប់នោះ ដំរីគិរិមេខលៈ ក៏លុតជង្គង់ ។     មារដែលអង្គុយលើ ក ដំរីគិរិមេខល ក៏ធ្លាក់ចុះមកលើផែនដី ។    សូម្បីបក្ខពួករបស់មារ ក៏ខ្ចាត់ខ្ចាយទៅក្នុងទិសធំនិងទិសតូច ដូចក្ដាប់អង្កាមដែលខ្ចរខ្ចាយទៅដូច្នោះ ។




ព្រះអង្គទ្រង់ត្រាស់ដឹង ថ្ងៃ ពុធ ១៥ កើត ខែ ពិសាខ ឆ្នាំ រកា 
ក្នុងព្រះជន្ម ៣៥ ព្រះវស្សា នៅក្នុងឧរុវេលាសេនានិគម ជិតស្ទឹងនេរញ្ជរា វេលាជិតភ្លឺ រតនបល្ល័ង្កមានកម្ពស់ ១៤ ហត្ថ ស្មើនឹង ៧ ម៉ែត្រ ដើមពោធិ៍កម្ពស់ ៥០ ហត្ថ ស្មើនឹង ២៥ ម៉ែត្រ




ព្រះអង្គទ្រង់ត្រាស់ដឹង

       លំដាប់នោះ សូម្បីព្រះមហាបុរស ទ្រង់កម្ចាត់កងកម្លាំងរបស់មារព្រមទាំងខ្លួនមារនោះ ដោយអានុភាពព្រះបារមីទាំងឡាយរបស់ព្រះអង្គមានខន្តិ មេត្តា វិរិយៈ និង បញ្ញាជាដើម បឋមយាម ទ្រង់រលឹកដល់ខន្ធដែលធ្លាប់អាស្រ័យមកពីមុន មជ្ឈិមយាម ទ្រង់ជម្រះទិព្វចក្ខុ បច្ចូសសម័យ ជិតភ្លឺ ទ្រង់បញ្ជូនញាណចុះក្នុងបច្ចយាការ ដែលព្រះពុទ្ធជាម្ចាស់គ្រប់ព្រះអង្គទ្រង់បដិបត្តិមក ទ្រង់ញ៉ាំងចតុត្ថជ្ឈាន មានអានាបានៈ ជាអារម្មណ៍ឱ្យកើតហើយ ទ្រង់ធ្វើចតុត្ថជ្ឈាននោះឱ្យជាបាទហើយ ទ្រង់ចម្រើនវិបស្សនា ទ្រង់ញ៉ាំងកិលេសទាំងពួង ឱ្យអស់ទៅដោយមគ្គទី ៤ ដែលទ្រង់សម្រេចមកតាមលំដាប់មគ្គ ទ្រង់សម្រេចព្រះពុទ្ធគុណទាំងពួង ដែលព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់បដិបត្តិមក ទ្រង់បន្លឺព្រះពុទ្ធឧទានថា÷

អនេកជាតិសំសារំ សន្ធាវិស្សំ អនិព្វិសំ
គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ ។
គហការក ទិដ្ឋោសិ បុន គេហំ ន កាហសិ
សព្វា តេ ផាសុកា ភគ្គា គហកូដំ វិសង្ខតំ
វិសង្ខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។

 
        កាលតថាគតមិនទាន់បានជួបប្រទះ ( ពោធិញ្ញាណ ) រវល់តែស្វះស្វែងរកជាងផ្ទះ គឺតណ្ហា ជាអ្នកធ្វើផ្ទះគឺអត្តភាព ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្ដីកើតជាទុក្ខរឿយៗ ។     នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ ( របស់តថាគត ) ទៀត មិនបានឡើយ ឆ្អឹងជំនីរគឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដំបូលផ្ទះគឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្តរបស់តថាគតដល់ព្រះនិព្វាន ដែលមានសង្ខារប្រាសហើយ តថាគតបានដល់ធម៌ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ ។

 រៀបចំអត្ថបទដោយៈ  នូ   សម្បត្តិ
 

សូមចែករំលែកនូវអត្ថបទនេះបន្តផង!

No comments:

Post a Comment