Pages

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា ដែលប្រារព្ធឡើងនៅថ្ងៃ ១៥ កើត ខែពិសាខ ដើម្បីរំលឹកដល់ថ្ងៃ ព្រះអង្គទ្រង់ប្រសូត ព្រះអង្គត្រាស់ដឹង ព្រះអង្គបរិនិព្វាន ដាច់ពុទ្ធសករាជ ២៥៦១ ឈានចូល ២៥៦២

Wednesday, June 25, 2014

កំណាព្យៈ (មាយាស្ត្រី)

ហៃអស់បព្វជិត ស័ក្ដិសមពេកពិត គួរឱ្យជ្រះថ្លា 
ប្រព្រឹត្តប្រតិបត្តិ កាត់ចោលសង្សារ តាមធម៌ទេសនា
ព្រះពុទ្ធសម្ដែង ។
តែគួរប្រយ័ត្ន ប្រឹងប្រែងហ្វឹកហាត់ ឧស្សាហ៍រអែង
 ដុសខាត់កិលេស កុំឱ្យខែងរែង ឱ្យដូចសូរ្យសែង
រះលើមេឃា ។
ពិសេសគួរខ្លាច ត្រីឆ្លាមកំណាច ដែលតែងចងពៀរ
 ដេញខាំត្របាក់ បព្វជិតគ្រប់គ្នា ឱ្យរងវេទនា
គ្រាំគ្រាឈឺផ្សា ។
ត្រីឆ្លាមគឺអ្វី ក៏គឺជាស្រី រស់ក្នុងលោកា 
 ដែលមកត្របាក់ ខាំស៊ីកាយា ព្រតគ្រប់អាត្មា
ឱ្យប្រាថ្នាកាម ។
ដូច្នេះបព្វជិត សូមប្រឹងរិះគិត តាមព្រះលោកហាម 
កុំយកខ្លួនបៀត ស្នេហ៍ស្និទ្ធត្រីឆ្លាម នាំឱ្យដិតដាម
ដក់ក្នុងហប្ញទ័យ ។
នេះនឹងថ្លាថ្លែង រៀបរាប់សម្ដែង ពីមាយាស្រី 
 ដែលមានប្រាកដ នៅក្នុងលោកីយ៍ អ្នកបួសគ្រប់វ័យ
អាចជ្រាបតាមក្បួន ។
តែសូមអភ័យ ដោយខ្ញុំកវី យ៉ាប់រកពាក្យជួន 
 សូមរាប់សង្ខេប បែបតាមច្បាប់ក្បួន ឱ្យបានល្មមធួន
គ្រាន់ពិចារណា ។
ពិតណាស់ព្រះអង្គ បើយើងដកស្រង់ ក្នុងច្បាប់តម្រា 
គឺមានចំនួន សែសិបប្រការ ព្រះពុទ្ធត្រាស់ថា
ជាមាយាស្រី ។
ទី១លោកថា ពួកនាងកញ្ញា ច្រើនប្រើសម្ដី 
 ចែចង់បុរស ដោយពាក្យវែងខ្លី កប់អត្ថកប់ន័យ
តាមក្ដីប្រាថ្នា ។
ទី២លោកប្រាប់ ទៅតាមសារស័ព្ទ បាលីពោលថា 
 វិជម្ភតិ មិតពត់កាយា ទី៣ លោកថា
ចិន្ដាម្ញ៉ិកម្ញ៉ក់ ។
ទី៤កែក្រាយ ងាកមើលនាយអាយ សម្លឹងសម្លក់ 
 ទី៥អិមអៀន កាច់រាងក្និកក្នក់ សម្ដីឡិកឡក់
ដូចក្មេងបៀមដៃ ។
៦ នាងកេះ ខ្វេះឆ្កៀលចាប់បេះ ក្រចកស្រីថ្លៃ 
៧ យកជើង ដែលល្អម៉ត់ខៃ ជាន់គ្មានសំចៃ
លើជើងខ្លួនឯង ។
៨ គូសដី ដោយឈើវែងខ្លី ក្នុងចិត្តចំបែង 
 ៩ លោកប្រាប់ ថានាងនោះឯង ចូលចិត្តប្រលែង
នឹងក្មេងណាស់ណា ។
គឺនាងឱ្យក្មេង ប្រឹងប្រែងជំទែង លោតឡើងកាយា 
 បន្ទាប់មកទៀត លោកឆ្លៀតប្រាប់ថា ១០ នោះណា
កនិដ្ឋាឱ្យចុះ ។
១១ ថើបលេង គឺថើបកូនក្មេង ដោយខ្ទង់ច្រមុះ 
១២ នាងបែរ ថ្ពាល់ដែលផូរផុស ឱ្យក្មេងណេះណុះ
ថើបថ្ពាល់នួនស្រី ។
១៣ នាងឱ្យ ពួកក្មេងសេពសោយ នូវនំចំណី 
១៤ នួនល្អង មិនបានហាស្ដី ញ៉ាំនំនោះនៃ
ដោយខ្លួនឯងទៀត ។
១៥ នាងសើច ចំអកបញ្ចើច ដោយប្ញកមារយាទ
 ឮសូរតិចៗ សែនតូចចង្អៀត ចាក់ចុះស៊កសៀត
ក្នុងធាតុវិញ្ញាណ ។
១៦ សើចខ្លាំង ឮច្បាស់ត្រឡាំង ដាក់មុខប្រុសព្រាន 
និយាយឡេះឡោះ មិនចេះខ្មាសអៀន បំពារបំពាន
ក្រិត្យក្រមស្ត្រី ។
១៧ បើកភ្លៅ របស់ពាលពៅ បង្ហាញសាច់ខ្ចី 
បន្ទាប់មកទៀត ដល់ដប់ប្រាំបី គឺនួននាងស្រី
ទាញបិទវិញភ្លាម ។
១៩ បង្ហាញ គល់ដោះសស្ញាញ ដោយឥតលាក់លៀម 
ទាក់ទាញចក្ខុ ពួកស្រមណ៍ឬព្រាហ្មណ៍ ដែលខ្វះខ្សែត្រៀម
គឺការប្រយ័ត្ន ។
ទីម្ភៃនាងយំ លាន់ឮរងំ ដូចបក្សីសត្វ 
ឃ្លានស៊ីចំណី ហិចហើរឆ្វៀលឆ្វាត់ ក្រែងបានមួយម៉ាត់
បំបាត់ស្រេកឃ្លាន ។
២១ ក្អាកក្អាយ ញញឹមស្រស់ស្រាយ ដូចពុលអាភៀន 
គុណទោសមិនគិត ប្រព្រឹត្តបំពាន ព្រោះតែចិត្តញៀន
ក្នុងលានតណ្ហា ។
ចំណែកម្ភៃពីរ ពួកនាងនារី តែងបើកកាយា 
បង្ហាញរន្ធផ្ចិត សាច់ឧទរា ល្អល្អះថ្លៃថ្លា
គួរឱ្យបេតី ។
២៣ នាងស្រែក លាន់ឮអនេក ស្ទើរបែកហប្ញទ័យ 
បើកមាត់ចំហ ដាក់ពាក្យវែងខ្លី តាមច្បាប់នោះនៃ
ថាស្រីស្រែកច្រៀង ។
២៤ លើកដៃ ធ្វើម្រាមខ្វៃៗ ចង្កេះកាច់រាង
 រាំពត់ទៅមក យោលយោគឆ្វែលគៀង ចក្ខុនួននាង
ដៀងរកសង្សារ ។
២៥ ញញឹម ធ្វើភ្នែកព្រឹមៗ ដូចស្រវឹងស្រា 
 ២៦ នាងបើក បង្ហាញកច្ឆា ខ្មែរយើងប្រែថា
ចិន្ដាបើកក្លៀក ។
២៧ រំសាយ សក់វែងអន្លាយ សាយដល់ត្រគាក 
 ២៨ លើកឡើង ប៉ើងពីត្រចៀក ចាប់វែកញែកជ្រៀក
គួចចងដូចដើម ។
២៩ ស្ងួនហា លានចេញជីវ្ហា គួរឱ្យរអើម 
៣០ ពេបមាត់ ធ្វើប្ញកសម្បើម ៣១ ស្រីឆ្នើម
ព្រិចព្រះនេត្រា ។
៣២ ត្រដាង ជាយសំពត់ម្ខាង ដល់គូរសង្សារ 
លាតទាញទៅមុខ ឆ្វេងស្ដាំក្រោយណា ៣៣ ប្រាប់ថា
ចិន្ដាទាញបិទ ។
៣៤ នាងញាក់ ចិញ្ចើមវរលក្ខណ៍ ទាក់ប្រុសស្នេហ៍ស្និទ្ធ 
 កុំឱ្យទៅឆ្ងាយ ក្រែងនឿយណាយចិត្ត ប្រែប្រួលវិបរិត
បោះបង់នាងស្រី ។
ប៉ុណ្ណេះជាអាទិ៍ ត្រីឆ្លាមត្រីឆ្លាត មានជាប្រក្រតី 
 ព្រោះជាធម្មជាតិ នាងនាថនួនស្រី អ្នកប្រាជ្ញាវៃ
កុំស្ដីថានាង ។
ចំណែករូបខ្ញុំ ចងក្រងរៀបចំ មិនមែនលំអៀង 
 បណ្តុះបង្អាប់ ឬស្ដីពោលដៀង លើរូបខ្លួននាង
ជាស្រីឡើយណា ។
ពោលតាមការពិត មិនមែនប្រឌិត ឬចេះតែថា 
 គឺមានក្បួនច្បាប់ សារស័ព្ទអក្ខរា ផ្សំនឹងស្ថានការណ៍
ជាក់ស្ដែងសព្វថ្ងៃ ។
សម័យនេះណា លោកយាយលោកតា សូមកុំសង្ស័យ 
 គេមានគំនិត និយមសម័យ ចេះប្រែកែច្នៃ
ស្រីទៅជាប្រុស ។
ស្រីចេះធ្វើហោរ ស្រីចេះធ្វើចោរ គ្មានចិត្តសន្ដោស 
លួចទ្រព្យសម្បត្តិ កាត់ក្បាលប្រុសៗ ស្រីចេះណេះណុះ
ខុសប្រពៃណី ។
ស្រីចេះហិតកាវ ស្រីចេះកាប់ដាវ សាហាវគ្មានពីរ 
ស្រីស្លៀកសំពត់ ឆែកជើងទាំងពីរ ស្រីសោភិនី
រកស៊ីខុសច្បាប់ ។
ស្រីចេះលេងល្បែង ស្រីចេះកំហែង គំរាមចាក់កាប់ 
 ស្រីធ្វើជើងកាង អួតអាងសម្លាប់ ស្រីចេះចងចាប់
ជំរិតយកលុយ ។
ស្រីចេះចូលបា ស្រីចេះផឹកស្រា ចេះផាចេះឃុយ 
 ស្រីស្អប់ប្រុសៗ ណាដែលទុយមុយ តែបើមានលុយ
តាមស្ទុយគ្មានមាត់ ។
ស្រីស៊ីវិល័យ ស្រីចេះកែច្នៃ កាឡៃយ៉ាងស្ទាត់ 
 ស្រីកែសម្រស់ កែដោះមុខមាត់ បកស្បែកព្រលាត់
ឱ្យសល្អថ្លា ។
ស្រីស្លៀកខោរាង ពាក់អាវពាក់ឆៀង បញ្ចេញសាច់ស្មា
 រឹតអស់រលីង គ្មានសល់ត្រង់ណា បង្ហាញបង្ហា
កាយានួនស្រី ។
នេះហើយមាយា សង្ឃគ្រប់អង្គា មានប្រាជ្ញាវៃ 
 បើចង់ប្រតិបត្តិ កាត់ចោលគ្រោះភ័យ សូមកុំមើលស្រី
ក្នុងន័យស្នេហា ។
ចង់បួសនៅយូរ ត្រូវប្រឹងតស៊ូ ទប់ស្កាត់តណ្ហា
 គ្រឿងជាប់ជំពាក់ លោភៈទោសា នឹងធម៌មោហា
ក្នុងខន្ធសន្ដាន ។
ដំបូងសង្រួម និត្យនៅរស់រួម នឹងមិត្តកល្យាណ 
 ដែលមានបញ្ញា ភ្លឺថ្លាថ្កើងថ្កាន នាំយើងឱ្យបាន
ត្រាណត្រើយសុខា ។
ដាក់ចុះអក្ខី មើលឆ្ពោះទៅដី ខ្ទង់បួនហត្ថា 
ទើបនាំឱ្យយើង ផុតពីទោសា គ្មានចិត្តក្ដៅផ្សា
ក្នុងរូបទាំងឡាយ ។
ត្រូវមានមេត្តា និងធម៌ករុណា ដល់ស្រីទាំងឡាយ 
ប្រៀបនាងនោះឯង ដូចបងឬម្ដាយ ឬខ្សែស្រឡាយ
ញាតិក្នុងសង្សារ ។
ពុំនោះសោតទេ រួសរាន់គ្នាន់គ្នេរ គិតពិចារណា 
លើរូបស្ត្រី ថាដូចទាមស្រា និងដូចបបា
គឺអណ្ដូងទឹក ។
ឬដូចជាផ្លូវ ពួកជនដើរទៅ រាល់ថ្ងៃល្ងាចព្រឹក 
 និងដូចជាស្ទឹង ជាទីងូតផឹក នៃជនសន្ធឹក
សន្ធាប់ច្រើនក្រៃ ។
ពុំនោះដូចទី ពួកជនមូលមី ប្រជុំយប់ថ្ងៃ 
ចរចាជជែក រឿងក្នុងលោកីយ៍ តាមស័ព្ទបាលី
ស្ដីថាសភា ។
យ៉ាងណាស្ត្រី នៅក្នុងលោកីយ៍ គឺជាសារណ៍ 
សម្រាប់បុរស រាល់រូបអង្គា គ្មានពេលទំនេរ
ស្រាកស្រាន្តឡើយហោង ។
បពិត្រយោគី សមណៈដូនជី លោកប្អូនលោកបង 
 ពាក្យទាំងប៉ុន្មាន ដែលបានចងក្រង មានជាក់ច្បាស់ច្បង
ក្នុងព្រះសាសនា ។
បើចង់ដឹងពិត កុំចាំបាច់គិត មើលក្នុងតម្រា 
 ទើបបានដឹងច្បាស់ ស្រឡះភ្លឺថ្លា គ្មានចិត្តសង្កា
បន្តិចឡើយណា ។
បើយើងថ្លែងទៅ មានច្រើនពេកកូវ ពិបាកនឹងស្ដី 
 ព្រោះមានពាក្យខ្លះ គ្រោតគ្រាតអប្រីយ៍ មិនគួរគាប់បី
លើកមកសម្ដែង ។
តែជាដំណឹង ចំណេះចេះដឹង ជូនគ្រប់កន្លែង 
គ្រាន់ពិចារណា អារកាត់ថ្លឹងថ្លែង កុំឱ្យហួងហែង
របស់ឯងរបស់អញ ។
ខ្ញុំនាមសិរី អ្នករៀបសេចក្ដី ស្រីកុំក្នក់ក្នាញ់
 ស្រែកពោលផ្ដាសា តវ៉ាផ្ចាលផ្ចាញ់ ម្ដេចថាតែអញ
មិនថាប្រុសផង ។
ធម្មតាប្រុសៗ ទោះបីមានខុស មួយដងពីរដង 
 គេអាចកែបាន មិនសូវសៅហ្មង រីឯនួនល្អង
សៅហ្មងទល់ស្លាប់ ។
ចឹងបានជាខ្ញុំ ចងក្រងពូតផ្ដុំ តាក់តែងជាកាព្យ 
 ជួយក្រើនរំលឹក កុំឱ្យឱនអាប់ ខូចឈ្មោះដល់ស្លាប់
ថាស្រីមិនល្អ ។
លុះបានដឹងហើយ ចូរកុំកន្តើយ ឆាប់កែលម្អ 
 ចរិយាមារយាទ ឱ្យស្រស់បវរ ត្រឹមត្រូវស្មោះសរ
តាមប្រពៃណី ។
ណ្ហើយរឿងស្រី សូមសង្ខេបខ្លី ទុកជូននាទី 
 ដល់លោកអ្នកឆ្លាត ប្រឹងប្រែងសំភី មើលឱ្យខ្ទេចខ្ទី
ក្នុងក្បួនតម្រា ។
តែសូមអភ័យ បងប្អូនប្រុសស្រី កុំយកទោសា
 លើពាក្យខុសឆ្គង អាក្រក់ខ្លាំងក្លា ព្រោះខ្ញុំនេះណា
ថាតាមក្បួនច្បាប់ ។
ហើយម្យ៉ាងវិញទៀត បើមានឃ្លៀងឃ្លាត ពាក្យពេចន៍សារស័ព្ទ 
 សូមកែតម្រង់ តម្រូវឱ្យឆាប់ គ្រាន់បានជាច្បាប់
សម្រាប់សិក្សា ។
ជាទីបញ្ចប់ សូមជួបប្រសព្វ ពរបួនប្រការ 
ទី១ អាយុ ទី២ វណ្ណា ទី៣ សុខា
ថ្លៃថ្លាឧត្តម ។
ទី៤ កម្លាំង បញ្ញាក្លាខ្លាំង ឥតក្ដីបារម្ភ 
សត្រូវខ្លបខ្លាច មិនអាចវាយដំ រស់នៅស័ក្ដិសម
ជួបជុំសប្បុរស ។

No comments:

Post a Comment